ម្ចាស់ផលិតកម្មKH លោក គីម ហេង ជាថ្មីម្តងទៀតទាមទារឱ្យតារាចម្រៀងលោកសូណូ ទូទាត់សងប្រាក់ដែលជំពាក់ក្រុមហ៊ុនចំនួន ២.០០០ដុល្លារទៅតាមការបង្គាប់របស់តុលាការ កាលពីលោកស្ថិតនៅក្នុងក្រុមហ៊ុនKH ។ ពាក្យបណ្តឹងនេះកើតមានជាយូរមកហើយ ចាប់តាំងពីតារាចម្រៀងលោកសូណូ នៅផលិតកម្មKH ដោយម្ចាស់ផលិតកម្មប្តឹងថា លោកពាក់ព័ន្ធការរំលោភកិច្ចសន្យា ដែលតម្រូវឱ្យបង់ប្រាក់សងជំងឺចិត្តចំនួន២.០០០ដុល្លារ ។

យោងតាមប្រភពនៅតុលាការឱ្យដឹងថា លិខិតរបស់លោក គីម ហេង ចាងហ្វាងផលិតកម្មKH បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១២ តាមរយៈមេធាវីលោក នាង ហៃ ដោយស្នើឱ្យតុលាការអនុវត្តសាលក្រម ឡើងវិញលើរឿងតារាចម្រៀងលោកសូណូ ជំពាក់ប្រាក់២.០០០ដុល្លារ ។

ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១២ លោក គីម ហេង អះអាងថា តាមពិតរឿងនេះបានកើតឡើងនៅឆ្នាំ២០០៩ ដែលគិតរហូតមកដល់ពេលនេះជាង៣ឆ្នាំហើយ ដោយតុលាការបានកាត់ឱ្យរូបលោកឈ្នះក្តី និងបានចេញដីកាបង្គាប់ឱ្យលោក សូណូ បង់ប្រាក់សំណងចំនួន២.០០០ដុល្លារ ។ រហូតមកដល់បច្ចុប្បន្ននេះលោក មិនដែលបានទទួលប្រាក់មួយរៀលពីលោក សូណូ ឡើយ ហើយលោកចេះតែអូសបន្លាយពេល រហូតមកដល់ពេលនេះដោយសារយល់ថា កន្លងមកលោកសូណូ មិនបានច្រៀងក្នុងផលិតកម្មណាមួយឱ្យពិតប្រាកដនៅឡើយ ហើយម្យ៉ាងទៀតជីវភាពរបស់លោកហាក់មិនទាន់រឹងមាំ ។ 
ប្រភពដដែលបន្តថា ពេលនេះលោកដាក់លិខិតសុំឱ្យតុលាការអនុវត្តសាលក្រមសាជាថ្មី បន្ទាប់ពីលោកឃើញលោកសូណូ ចូលច្រៀងក្នុងផលិតកម្មហង្សមាសដែលល្បី ហេតុនេះលោកយល់ថា លោកសូណូអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់មកលោក ។

លោក គីម ហេង និយាយថា«កាលពីមុនខ្ញុំមិនថាទេ ព្រោះយល់ ថាលោកសូណូ រកប្រាក់មិនបានច្រើន និងខ្វះខាតគ្រប់បែបយ៉ាង តែពេលនេះគេបានចូលច្រៀង ឱ្យផលិតកម្មធំក្នុងប្រទេសកម្ពុជា ហើយរកលុយបានច្រើន ហេតុនេះដល់ពេលដែលសូណូ ត្រូវទូទាត់ថ្លៃជំពាក់នេះហើយ ។ខ្ញុំគិតថា ប្រាក់់ប៉ុណឹ្ណងវាមិនច្រើនទេ បើសិនជាសូណូចង់សងនោះគឺ គ្រាន់តែមួយថ្ងៃគាត់សន្សំតែ១០ដុល្លាររហូតមកដល់ថ្ងៃនេះ ប្រហែលជាអាចសងរួចបាត់ទៅហើយ មិនចាំបាច់មានរឿងវែងឆ្ងាយទេ»។

ម្ចាស់ផលិតកម្មKHទាមទារឱ្យលោកសូណូ ប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់ ។ លោកនិយាយមឺុងម៉ាត់ថា«សូមកុំមើលស្រាលលើពាក្យបណ្តឹងនេះឱ្យសោះ ព្រោះមានសាលក្រមបង្គាប់របស់តុលាការ ហើយសូមកុំគិតថា ក្រុមហ៊ុនKH បញ្ចប់រឿងត្រឹមនេះ គឺនៅតែបន្តធ្វើរហូត» ។ ទាក់ទិននឹងការប្តឹងប្តល់គ្នារវាងម្ចាស់ផលិតកម្មនិងតារាចម្រៀងដូចជាករណីរបស់លោក គីម ហេង និងលោកសូណូ នេះមិនមែនជាករណីទីមួយទេ គឺកន្លងមកក៏ធ្លាប់កើតមាននៅផលិតកម្ម និងតារាចម្រៀងផ្សេងដែរ ។

លោក គីម ហេង បញ្ជាក់ថា បច្ចុប្បន្នរឿងក្តីនេះលោកបានប្រគល់ ឱ្យមេធាវីរបស់លោកជាអ្នកដោះស្រាយ ព្រោះលោកមិនមានពេលដោះស្រាយរឿងនេះទេ ដោយលោកជាប់រវល់ខ្លាំង ក្នុងការពង្រឹងផលិតកម្មរបស់លោកឡើងវិញ ។ ទាក់ទងបញ្ហានេះកោះសន្តិភាពមិនហា៊នសន្និដ្ឋានថា ត្រឹមត្រូវក្នុងកំរិតណាឡើយព្រោះគ្រាន់តែជាការចោទប្រកាន់របស់លោកគីម ហេង ម្ខាងប៉ុណ្ណោះ ។  កោះសន្តិភាពព្យាយាមទាក់ទងសុំ ការបកស្រាយពីតារាចម្រៀងសូណូដែរ តែមិនបានសម្រេចទេដោយសារទូរស័ព្ទទៅលោកតែលោកមិនលើក ៕  

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]