ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែបាន​​ពិនិត្យ​ទៅលើ​ស្ថានភាព​ផ្ទៃដី ក៏​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង​បុរាណ​ដ៏​ស្កឹមស្កៃ ដែល​បង្កប់​ក្នុង​​ព្រៃអង្គរ​វត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទីក្រុង​បុរាណ​ទាំងនោះ​ ត្រូវ​គេ​ដឹង​ថា បាន​កសាង​តាំងពី​សតវត្ស​ន៍ទី​១២​មក​ម្ល៉េះ ។

បុរាណ​វិទូ​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ​១៤០០​ឆ្នាំ នៅ​ទីក្រុង​អង្គរ ។ ទីក្រុង​បុរាណ​ទាំងនោះ ខ្លះ មាន​ទំហំ​ធំ​ជាង​ទីក្រុង​បច្ចុប្បន្ន​ទៅ​ទៀត ។

ការ​ស្រាវជ្រាវ​រក​គឺ​ដឹកនាំ​ដោយ​លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយ​សាកលវិទ្យាល័យ​នៃទីក្រុង​ស៊ី​ដ​នី​នេះ បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ​ពិនិត្យ​មើល ស្ថានភាព​ផ្ទៃដី ដែល​អាច​ឱ្យ​យើង​ឃើញ​សភាព​គ្រប់យ៉ាង​នៅ​លើ​ផ្ទៃផែនដី ។ គេ​បានឃើញ​មាន​ប្រាសាទ​ផ្លូវ និង​ប្រព័ន្ធ​ទឹក​ខ្វាត់ខ្វែង​នៅ​ក្នុង​ព្រៃ​ក្បែរ​អង្គរវត្ត ។

លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ គឺ​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ថា យើង​មិន​ដែល​ធ្លាប់​គិតដល់​ថា មនុស្ស​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ ដែល​នៅ​ជុំវិញ​គេ​ដល់​ថ្នាក់​នេះ​សោះ​។អ្នកជំនាញ​ផែ្ន​ក​បុរាណវិទ្យា​លោក David Chandler ជឿ​ថា របក​គំហើញ​នេះ ជា​ជំហាន​មួយ​យ៉ាង​សំខាន់ ដែល​អាច​ឱ្យ​យើង​ដឹង​ពី​ការ​រីក​ចម្រើន និង​ការ​ថយ​ចុះ​ឥទ្ធិពល​របស់​សម័យ​អង្គរ​ឱ្យ​កាន់​តែ​ច្បាស់លាស់ ​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួរំលឹកថា ក្រុមអ្នកបុរាណវត្ថុវិទូ បានរកឃើញប៉មប្រាសាទបុរាណ និងរចនាសម្ព័ន្ធខ្សាច់ដែលមានសណ្ឋានរមូលដូចគូថខ្យង លាតសន្ធឹងនៅក្រោមដី ប្រវែងជាងមួយគីឡូម៉ែត្រ (1.6km) ព័ទ្ធជុំវិញប្រាសាទអង្គរវត្ត។ នេះបើតាមការចុះផ្សាយពីប្រភពព័ត៌មាននៅចក្រភពអង់គ្លេស។

កាលពីមុន គេតែងតែដឹងថាប្រាសាទអង្គរវត្តរបស់ខ្មែរ ជាទីក្រុងប្រាសាទ ឬជាមណ្ឌលសាសនាដ៏ពិសិដ្ឋសំរាប់ធ្វើជាទីកន្លែងគោរពសក្ការបូជា តែយ៉ាងណាមិញ ក្រោយពេលដែលប៉មប្រាសាទបុរាណ និងទ្រង់ទ្រាយខ្សាច់ ដ៏អាថ៌កំបាំងកប់នៅក្រោមដៅ ត្រូវបានជីករកឃើញរួចមក ក្រុមអ្នកបុរាណវត្ថុវិទូ បានយល់ឃើញថា ប្រាសាទអង្គរវត្តអាចមានទ្រង់ទ្រាយស្មុគស្មាញ ជាងអ្វីដែលយើងធ្លាប់បានគិតទុកពីមុនទៅទៀត។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនី របស់ប្រទេសអូស្ត្រាលី ជាអ្នកដឹកនាំគំរោង Greater Angkor Project ក្នុងការជីកស្វែករក ដោយប្រើបច្ចេកវិទ្យាឡាស៊ែរ (LiDAR) ជាមួយនឹងរ៉ាដារាវរកក្រោមដី។ ក្រុមអ្នកបុរាណវិត្ថុវិទូដែលចូលរួមក្នុងគំរោងនេះ កំណត់បានផែនទីប្រាសាទបុរាណ នៅតាមទីតាំងរណ្តៅជីករុករក។ ក្នុងនោះពួកគេលើកឡើងថា រចនាសម័្ពន្ធខ្សាច់មានរាងរមូលដូចគូថខ្យង ដែលបានរកឃើញនៅក្រោមដីនោះ ពិតជាពិបាកស្វែងយល់ ហើយវាស្ថិតនៅជាអាថ៌កំបាំងមួយសំរាប់ពួកគេនៅឡើយ។ ភ្ជាប់នឹងការរកឃើញនេះដែរ ពួកគេក៏បានរកឃើញប៉មប្រាសាទជាច្រើនកន្លែង ដែលត្រូវបានកប់ចោល កំឡុងពេលសាងសង់ប្រាសាទអង្គរវត្តផងដែរ។ បន្ថែមពីនេះអ្នកស្រាវជ្រាវជឿជាក់ថា សំណង់ដែលត្រូវបានកប់ចោលនោះ ទំនងអាចជាសំណល់ពីការសាងសង់ទីសក្ការបូជា កាលពីសម័យនោះ។

លោកសាស្ត្រាចារ្យ Fletcher នៅដេប៉ាតេម៉ង់បុរាណវត្ថុនៃសាកលវិទ្យាល័យដដែល បានសរសេរនៅក្នុងនិក្ខេបបទស្រាវជ្រាវរបស់ខ្លួនថា រចនាសម្ព័ន្ធ ឬទ្រង់ទ្រាយទាំងមូលរបស់ប្រាសាទ មានទំហំ ១៥០០ម៉ែត្រ គុណនឹង ៦០០ម៉ែត្រ ហើយគេមិនទាន់ដឹងថាវាមានមុខងារសំរាប់អ្វីខ្លះនៅឡើយទេ។

យ៉ាងណាក៏ដោយ នេះជាការរកឃើញថ្មីមួយទៀត អំពីរចនាសម្ព័ន្ធសាងសង់ដ៏អាថ៌កំបាំង ដែលមិនធ្លាប់មាននរណាបានដឹងពីមុនមក របស់ប្រាសាទបុរាណខ្មែរ៕

ប្រិយមិត្តមានមតិយ៉ាងណាដែរ ចំពោះការរកឃើញនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]