រាជធានីភ្នំពេញ ៖ យោងតាមចម្លើយសារភាពរបស់លោកឧត្តមសេនីយ៍ទោ ចាន់ ឫទ្ធីឌី ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀននោះ នៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៦ សីហា ២០១២ ប៉ូលិសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបន្តទៅឆែកឆេរ នៅហាងសំអាងការមួយកន្លែងឈ្មោះ រតនាពេជ្រសំអាងការ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាបក្សពួកទទួលយកគ្រឿងញៀនទៅចែកចាយបន្ត ។

ជាមួយនឹងការឆែកឆេរកន្លែងថ្មីនេះ ប៉ូលិសបានឃាត់ខ្លួនមនុស្សប្រុស-ស្រី២នាក់ប្តី-ប្រពន្ធបន្ថែម ទៀត ដែលបុរសជាប្តីឈ្មោះឌៀប ស៊ុនឡាយ អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះញ៉ម សុខា អាយុ៤៩ឆ្នាំ ។ ប៉ូលិសនៅបានដកហូតជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង, ថ្នាំញៀនម៉ាទឹកកក៩៨៩,៩ក្រាម, យ៉ាម៉ា៣.៧១៩,៥ក្រាម និងរថយន្តកាមរីស៊េរីបាឡែនពណ៌ទឹកប្រាក់ ១គ្រឿង ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីឆែកឆេរកន្លែងថ្មីនេះហើយ ប៉ូលិសបានបន្តទៅឆែកឆេរផ្ទះបក្សពួកជួញដូរគ្រឿងញៀននៅក្នុង ភូមិសាស្ត្រ ខណ្ឌទួលគោក ជាបន្តទៀត... ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយទេ ។

លោកខៀវ សាម៉ន ប្រធានមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដែលដឹកនាំ កម្លាំងចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀនដ៏ធំនេះ បានមានប្រសាសន៍ថា សមត្ថកិច្ចនៅតែបន្តរុករកបក្សពួក និងកន្លែងផលិត-ចែកចាយគ្រឿងញៀននេះជាបន្តទៀត រហូតមានភស្តុតាង និងឯកសារគ្រប់គ្រាន់ ទើបកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

គួររំលឹកថា ប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកងរាជ អាវុធហត្ថខណ្ឌមានជ័យ បានចុះឆែកឆេរលំនៅឋានរបស់លោកឧត្តមសេនីយ៍ទោ ចាន់ រិទ្ធីឌី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៤ សីហា ២០១២ ស្ថិតក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញថ្នាំញៀនប្រហែល៤ម៉ឺនគ្រាប់, ម៉ាទឹកកក១គីឡូក្រាម និងឃាត់ខ្លួនលោកផ្កាយពីរទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បី សួរនាំផងដែរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]