ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ប្រហែលបានទស្សនារួចមកហើយ នូវកម្មវិធីប្រកួតចម្រៀង The Voice Cambodia 2 ដែលទើបតែឈានមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យទី១២ មិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ ក្នុងពេលប្រកាសលទ្ធផលចុងក្រោយ គេសង្កេតឃើញថា មានប្រិយមិត្តជាច្រើន និងទាំងបេក្ខជន-បេក្ខនារី សុទ្ធតែភ័យបុកពោះគ្រប់ៗគ្នា ដោយមិនដឹងថា តើនរណានឹងអាចមានឱកាស ឈានជើងទៅវគ្តបន្ត ដែលជាវគ្គផ្តាច់ព្រ័ត្រយ៉ាងណានោះទេ។ យ៉ាងណាមិញ កូនក្រុមរបស់ Coach កញ្ញា គឺ រ៉េត ស៊ូហ្សាណា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ទន្ទឹមនឹងមានពាក្យសរសើរ ក៏មានពាក្យរិះគន់ផងដែរ ពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ទោះយ៉ាងណា ជាការខកចិត្តមួយ ដែលលទ្ធផលមិនដូចការរំពឹងទុក ដែលនាងត្រូវជ្រុះចេញពីកម្មវីធីត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

អ្វីដែលគួរឲ្យចាប់អាម្មណ៍នោះ គេសង្កេតឃើញថា មានបេក្ខជន បេក្ខនារីជាច្រើន ក្នុងក្រុមនីមួយៗ ក្រោយពីបានដឹងលទ្ធផលហើយ ទាំងអ្នកធ្លាក់ចេញពីកម្មវិធី និងទាំងអ្នកបានជាប់បន្តជាមួយនឹងកម្មវិធី សឹងតែយំស្រក់ទឹកភ្នែកគ្រប់ៗគ្នា សូម្បីតែCoach ដែលជាគ្រូបង្វឹកផ្ទាល់ រួមជាមួយនឹងអ្នកទស្សនាជាច្រើន ក៏ទប់អារម្មណ៍មិនបានដូចគ្នា ព្រោះតែមិនចង់បាត់បង់ បេក្ខភាពរូបណាម្នាក់ឡើយ។

បេក្ខនារី រ៉េត ស៊ូហ្សាណា ទោះបីជាធ្លាក់ពីកម្មវីធីយ៉ាងណាក្តី នាងនៅតែរក្សាភាពរឹងមាំ និងស្នាមញញឹមដ៏ស្រស់ស្អាត និងទឹកមុខរីករាយជានិច្ច ជាមួយនឹងសម្តីចុងក្រោយរបស់នាងថា រូបនាងគ្មានអ្វីនិយាយ ក្រៅពីពាក្យអរគុណតែប៉ុណ្ណោះ ហើយរូបនាងមិនដែលធ្លាប់គិតនឹកស្រមៃថា អាចមានឱកាសឈានមកដល់វគ្គ Semi-Final ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះឡើយ ព្រោះវាជាវគ្គដ៏ធំអស្ចារ្យ និងមានន័យបំផុតសម្រាប់នាង។

ដោយឡែកសម្រាប់ការបរាជ័យនេះដែរ ហ្សាណា បានបន្តថា នាងនឹងចាត់ទុកថា ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់នាងផងដែរ ខណៈដែល Coach ឱក សុគន្ធកញ្ញា ស្តាប់ហើយទប់ទឹកភ្នែកមិនបាន ព្រោះសោកស្តាយនូវការចាកចេញរបស់ក្មេងស្រី ដ៏គួរឲ្យស្រលាញ់ និងមានសមត្ថភាពម្នាក់នេះ។

គួររំលឹកដែរថា ស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺតម្រូវឲ្យបេក្ខភាពកូនក្រុមទាំងអស់ ត្រូវបកស្រាយចម្រៀងក្នុងម្នាក់ ២បទ ដែលមានចែកជា២ជុំ។ ក្នុងនោះ ក្នុងសប្តាហ៍ពាក់កណ្តាលផ្តាចព្រ័ត្រនេះ បេក្ខនារី រ៉េត ស៊ូហ្សាណា ដែលជាកូនក្រុមរបស់ Coach កញ្ញ  ធ្វើការបកស្រាយចម្រៀង២បទដែលបទទីមួយមានចំណងជើងថា «ផ្ការីក្នុងសមុទ្រទឹកភ្នែក» និងបទទីពីរ ជាភាសាបរទេស (អង់គ្លេស) មានចំណងជើងថា «Blank Space» ៕

ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា នៅយប់មិញនេះ កម្មវិធី The Voice Cambodia 2 បានឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយ Coach និមួយៗមានកូនក្រុម២នាក់ ដើម្បីប្រកួតប្រជែងជាមួយគ្នា ជ្រើសរើសយកតែម្នាក់ ទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងរៀបចំឡើងនៅយប់ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦។

អ្វីដែលចាប់អារម្មណ៍នៅ ក្នុងការប្រកួតយប់មិញនេះ កូនក្រុមរបស់ Coach តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបេក្ខនារី រ៉េត ស៊ូហ្សាណា បានធ្លាក់ពីកម្មវិធី The Voice Cambodia ហើយ បន្ទាប់ពីមិនអាចយកឈ្នះគូប្រជែងរួមក្រុមគឺបេក្ខជន ថែល ថៃ បាន ខណៈក្នុងបណ្តាលសង្គម Facebook មួយចំនួន បានរិះគន់ចំពោះ Coach ឱក សុគន្ធកញ្ញា ថាមានភាពមិនយុត្តិធម៌ ព្រោះតែឲ្យ រ៉េត ស៊ូហ្សាណា ច្រៀងបទដែលមានមេឡូឌីទាប ហើយឲ្យ ថែល ថៃ ច្រៀងបទស្រែកៗពិបាកៗនោះក្តី។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ បេក្ខនារី រ៉េ ស៊ូហ្សាណា ដែលនិយមច្រៀងបទចម្រៀង ជាភាសាអង់គ្លេស ហើយទទួលបានការរិះគន់ ជាបន្តបន្ទាប់នោះ បានច្រៀងចម្រៀង២ បទខ្មែរមួយបទ និងបទអង់គ្លេសមួយបទ។ បទខ្មែរ មានចំណងជើងថា «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» និងបទជាភាសាអង់គ្លេស «Blank Space»។

យ៉ាងណាក៏ដោយការរិះគន់ដែលបានកើតឡើង ទៅលើគ្រូបង្វឹក ឱក សុគន្ធកញ្ញា ត្រូវបានបញ្ចប់ បន្ទាប់ពីបេក្ខនារី រ៉េត ស៊ូហ្សាណា ត្រូវបានទម្លាក់នៅ យប់ថ្ងៃទី១២ ខែមិថុនា ក្នុងកម្មវិធី The Voice Cambodia ដោយជើងខ្លាំង ថែល ថៃ។ ការបរាជ័យរបស់នាង គឺជាការបិទបញ្ចប់រាល់ការរិះគន់ ខណៈដែលមុនការប្រកាសលទ្ធផល គឺការផុសផុលយ៉ាងខ្លាំង វាយសន្ធាប់ថា កម្មវិធីបានរៀបចំឲ្យ រ៉េត ស៊ូហ្សាណា ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីឲ្យមានប្រៀបលើ ថែល ថៃ នោះ។

ក្នុងវគ្គប្រកាសលទ្ធផល យុវតីវ័យ១៦ឆ្នាំ រ៉េត ស៊ូហ្សាណា បាននិយាយក្នុងភាពជឿជាក់ថា «ចាប់តាំងពីការផ្តើមចូលរួមក្នុងកម្មវិធីប្រកួតនេះ នាងខ្ញុំមិនដែល ស្រមៃថា អាចឈានចូលមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រដូចពេលនេះទេ ព្រោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺវាមានន័យណាស់ ហើយវាគឺជាវគ្គដ៏ធំមួយ នៃជីវិតរបស់ខ្ញុំ ។ ខ្ញុំមិនដែលជឿថា នាងខ្ញុំឡើងមកដល់វគ្គហ្នឹងទេ អីចឹងវាមាន័យសម្រាប់ខ្ញុំ ។ បើទោះបីជាថ្ងៃនេះ លទ្ធផលបរាជ័យក៏ដោយប៉ុន្តែ នាងខ្ញុំសប្បាយចិត្តក្នុងការទទួលយកវា ហើយនាងខ្ញុំនឹងយកការបរាជ័យមួយនេះ ទៅជាបទពិសោធន៍របស់នាងខ្ញុំទៅថ្ងៃអនាគត»។

សម្តីគ្រប់មាត់របស់ រ៉េត ស៊ូហ្សាណា និយាយក្នុងវេទិកា បានធ្វើឲ្យ កញ្ញា ឱក សុគន្ធកញ្ញា ដែលជាគ្រូបង្វឹកហូរទឹកភ្នែក នៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។

សូមជម្រាបថា បេក្ខជន បេក្ខនារី The Voice Cambodia 2 ដែលអាចឈានជើង ទៅប្រកួតវគ្គផ្តាច់ព្រ័ត្ររួមមាន៖ បេក្ខជន ថែល ថៃ របស់ Coach ឱក សុគន្ធកញ្ញា, បេក្ខនារី សាន ស្រីឡៃ របស់ Coach ពេជ្រ សោភា, បេក្ខជន ឃី សុឃុន របស់ Coach ឆន សុវណ្ណរាជ និង បេក្ខនារី ឈីន រតនៈ របស់ Coach ណុប បាយ៉ារិទ្ធ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា