(ភ្នំពេញ)៖ ពានរង្វាន់លីគកំពូលកម្ពុជា(C-League) ឆ្នាំ២០១៦ នឹងបញ្ចប់ការប្រកួតជើងទី១ នៅ​ថ្ងៃ​ទី​១១-១២ ខែ​មិថុនា​សប្ដាហ៍​នេះ​ហើយ ដោយ​មាន ៥​ប្រកួត​ត្រូវប្រជែងគ្នាស្វែងរក ៣ពិន្ទុរៀងៗខ្លួន គ្រា​ដែល​ក្រុម​ក្រសួង​ការ​ពារ​ជាតិ និងបឹងកេតអង្គរ បន្ដ​តំណែង​លំដាប់​កំពូល​តារាង​ដដែល ដោយមាន ២១ពិន្ទុស្មើគ្នា ជាមួយនឹងការប្រកួត ៨លើកឈ្នះ៧ និងចាញ់១ ។

សម្រាប់កម្មវិធីប្រកួតចុងសប្ដាហ៍នេះ រួមមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមវេស្ទើន ថ្ងៃ​ទី​១១ ខែ​មិថុនា​នេះ លើ​ទីលាន​ពហុ​កីឡដ្ឋាន ។ រីឯ​ថ្ងៃ​ទី​១២ ខែមិថុនា មានក្រុមណាហ្គាវើល ប៉ះបឹងកេតអង្គរ និងក្រុម Cambodian Tiger ប៉ះក្រសួងការពារជាតិ លើទីលានពហុកីឡដ្ឋានជាតិ, ក្រុមព្រះខ័នរាជស្វាយរៀង បើទ្វារកីឡដ្ឋានខេត្តទទួលក្រុមអាស៊ីអឺរ៉ុប និងក្រុមភ្នំពេញក្រោន ប៉ះស៊ីម៉ាក់ លើទីលានកីឡដ្ឋាន RSN ។

ដោយឡែកចំណាត់ថ្នាក់បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី៨ ពេលនេះក្រុមក្រសួងការពារជាតិ កំពុង​ឈរ​កំពូល​តារាង​ជា​មួយ ២១​ពិន្ទុ ខណៈ​ក្រុម​បឹង​កេត ឈរលេខ២ មាន ២១ពិន្ទុដូចគ្នា ។ រីឯក្រុមណាហ្គាវើល ឈរ​លេខ​៣ ជា​មួយ ១៤​ពិន្ទុ, ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង និងក្រុម Cambodian Tiger ឈរលេខ៤ និងលេខ៥ មាន ១៣ពិន្ទុ​ស្មើ​គ្នា ។ រីឯ​ក្រុម​បាត់​តារាង គឺ​មាន​ក្រុម​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​៩ មាន ៤​ពិន្ទុ និងក្រុមវេស្ទើន ឈរលេខ១០ មាន ៣ពិន្ទុ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងកីឡាបាល់ទាត់ជាតិនេះ គួររំលឹកផងដែរថា នារាត្រីថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពិតជាធ្វើបានល្អក្នុងទឹកដី នៃកីឡដ្ឋានជាតិអូឡាំពិក ដោយមិនធ្វើឲ្យអ្នកគាំទ្រ ជាង៦ម៉ឺននាក់ខកបំណងឡើយ តាមរយៈប្រកួតឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ (Chinese Taipei) ២-០ ក្នុងការប្រកួត ជើងទី២ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

ក្រលេកមកមើលអ្នកស៊ុតបញ្ចូលទីវិញ គ្រាប់ទីមួួយធ្វើឡើងដោយកីឡាករ ហុង​ ផេង ក្នុងតង់ទីមួួយ គ្រាប់ទី២ ជាការស៊ុតបាល់ប៉េណាល់ទី របស់ ប្រាក់ មុន្នីឧត្តម ជាហេតុធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាឡើងទៅវគ្គបន្តនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]