វ៉េណេស៊ុយអេឡា៖ ដោយសារតែការស្ថានភាព នៃការគ្រប់គ្រងប្រទេសមិនបានល្អ បណ្តាលឲ្យសេដ្ឋកិច្ច នៃប្រទេសវ៉េណេស៊ុយអេឡាមួយនេះ ធ្លាក់ចុះដុនដាបជាលំដាប់ រហូតខ្វះស្បៀងអាហារទទួលទាន។ ក្នុងនោះសូម្បីតែអ្នកមានធូរធារ ក៏ត្រូវបង្ខំចិត្ត ដើររើសម្ហូបអាហារ ដែលបោះចោលក្នុងធុងសម្រាម ដើម្បីទទួលទាន ចម្អែតក្រពះផងដែរ។

យោងតាមប្រភពបានឲ្យដឹងថា ប្រទេសមួយនេះ ធ្លាក់ក្នុងស្ថានភាពក្រីក្រ ខណៈពេលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Hugo Chavez។

បើយោងតាមការសិក្សាស្រាវជ្រាវចំនួនបី របស់សាកលវិទ្យាល័យទីក្រុង Caracas នៃប្រទេសវ៉េណេស៊ុយអេឡាបានឲ្យដឹងថា ប្រជាជនប្រមាណ ៧៦ភាគរយ កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ នេះបើធៀបជាមួយនឹងឆ្នាំ ២០១៤ វិញ មានត្រឹមតែ ៥២ភាគរយប៉ុណ្ណោះ មានន័យថាបច្ចុប្បន្នចំនួនដែលប្រជាជន រស់នៅក្រោមបន្ទាត់ក្រីក្រ មានការកើនឡើងច្រើនជាងមុន។

បើតាមប្រសាសន៍របស់លោក Julio Noguera ធ្វើការក្នុងហាងនំប៉័ងមួយកន្លែង បានឲ្យដឹងថា មកទល់ពេលនេះ រូបគាត់តែងតែចំណាយពេលខ្លះៗនៅពេលល្ងាច ដើម្បីទៅស្វែងរកអាហារមួយចំនួន ដែលគេបោះបង់ចោល ក្នុងធុងសម្រាមដើម្បីទុកសម្រាប់ទទួលទាន។

លោកបន្តថា «ខ្ញុំតែងតែមកទីនេះ ដើម្បីស្វែងរកអាហារ ព្រោះប្រសិនណាខ្ញុំមិនចេញស្វែងរកវាយ៉ាងដូច្នេះទេ ខ្ញុំនឹងដាច់ពោះស្លាប់ជាមិនខាន។ ខ្ញុំដើររើសអាហារដែលគេគរចោល ដូចជាដំឡូងបារាំងដែលដុះផ្សិត​ ជាដើម។ ព្រោះបើមិនធ្វើអីចឹងទេ ក៏គ្មាននរណាគេ អាចជួយយើងបាន ឬផ្តល់អាហារឲ្យយើងញ៉ាំដែរ»

ប្រភពបន្តថានៅជាយក្រុងវិញ មានមនុស្សជាច្រើនដែលគ្មានការងារធ្វើ ហើយរៀងរាល់ល្ងាចពួកគេតែងតែនាំគ្នា មករកមើលអាហារដែលគេបោះបង់ចោល នៅគំនរសម្រាមមួយកន្លែង ក្បែរៗហាងស្ថិតនៅកណ្តាលទីក្រុង Caracas ដើម្បីរើសយកអាហារខ្លះៗដូចជា បន្លែ ឬផ្លែឈើដែលខូចៗ ដើម្បីទទួលទាន។

ក្នុងចំណោមអ្នកទាំងនោះ មានដូចជា អ្នកបើកអាជីវកម្មខ្នាតតូច  សិស្ស  និសិ្សត មនុស្សចាស់ចូលនិវិត្តន៍ហើយក្តី  សូម្បីតែអ្នកមានមធ្យមៗ  ឬវណ្ណៈកណ្តាល រស់នៅបានល្អសុខស្រួលយ៉ាងណាក៏ដោយ  ក៏នៅតែនាំគ្នាមករើសអាហារ នៅគំនរសម្រាមដែរ។ មិនតែប៉ុណ្ណោះ អ្វីដែលស្តាប់ទៅគួរឲ្យក្រៀមក្រំ និងអស់សំណើចផងនោះ គឺថា អ្នកដែលមករើសអាហារបានច្រើន  ចេះបង្កើតឱកាសសម្រាប់ខ្លួនឯង យកអាហារដែលខូចខាតខ្លះៗនោះទៅលក់បន្ត ដើម្បីបានប្រាក់ចំណេញផងដែរ។

ដោយឡែកបើតាមប្រសាសន៍របស់ អ្នកស្រី Espinosa ជាម្ចាស់ផ្ទះល្វែង ២កន្លែង និងជាអ្នកលក់ដូរម្ហូបអាហារ ធ្វើទឹកជ្រលក់ ដែលបានមកពីបន្លែដែលគេបោះបង់នោះ បានឲ្យដឹងថា អ្នកស្រីអាចរកចំណូលបានប្រហែលជា ៦ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុងមួយសប្តាហ៍។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាអាចជាសំណាងមួយដែរ សម្រាប់អ្នកដែលរស់នៅក្បែរតំបន់ព្រំដែនជាប់ប្រទេស កូឡុំប៊ី ព្រោះពួកគេអាចចេញចូល ទិញអាហារនៅក្បែរនោះបាន និងអាចត្រលប់មកវិញ ទិញយកអាហារខ្លះមកលក់បន្តផងដែរ។

ទន្ទឹមនឹងនោះទៀតសោត បើយោងតាមការ ស្ទង់មតិ និងស្រាវជ្រាវវិភាគក្នុងស្រុក បានឲ្យដឹងថា ស្ទើរតែជិតពាក់កណ្តាល នៃប្រជាជនវ៉េណេស៊ុយអេឡា ដែលមិនអាចមានលទ្ធភាព ក្នុងការបរិភោគអាហារ ឲ្យបានគ្រប់គ្រាន់ បាន៣ដងក្នុងមួយថ្ងៃឡើយ។

គួរបញ្ជាក់ដែរថា ប្រទេសវ៉េណេស៊ុយអេឡា  ធ្លាប់ជាប្រជាជាតិមួយដែលមានជាងគេបំផុតនៅអាមេរិកខាងត្បូង  ប៉ុន្តែដោយសារតម្លៃប្រេងមានការធ្លាក់ចុះជាលំដាប់ បូករួមបញ្ចូលជាមួយនឹងវិបត្តិសេដ្ឋកិច្ច  កំពុងតែដុនដាបផងទៀតនោះ  ទើបធ្វើឲ្យប្រទេសមួយនេះធ្លាក់ក្នុងស្ថានភាពយ៉ាងដូច្នេះ ហើយប្រជាពលរដ្ឋអស់សង្ឃឹមជាខ្លាំង ដែលពិបាកក្នុងការទទួលយកនូវវិធានការ  ឬការគ្រប់គ្រងបែបនេះផងដែរ៕     

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]