អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការជាមួយកម្លាំងប៉េអឹម លើផ្ទៃប្រទេស និងកម្លាំងចម្រុះរបស់ខេត្ត ចុះបង្ក្រាបតាមភោជនីយដ្ឋានចំនួន៧កន្លែង ដោយរឹបអូសបានសាច់សត្វព្រៃគ្រប់ប្រភេទចំនួន៣០គីឡូក្រាម ។ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ សីហា តាមហាងធំៗ ក្នុងក្រុងបានលុងដែលសម្បូរដោយមុខម្ហូបសាច់សត្វព្រៃគ្រប់ ប្រភេទ ។

ទាក់ទិននឹងប្រតិបត្តិការខាងលើត្រូវបាន មន្ត្រីរដ្ឋបាលព្រៃឈើឱ្យដឹងថា ការចុះបង្ក្រាបនេះបានរឹបអូសសាច់សត្វព្រៃ៨មុខ គឺ១- អណ្តើកភ្នំរឹបអូសបាន៧គីឡូក្រាម ២- កន្ធាយ១១,៥០គីឡូក្រាម ៣- ប្រមាចំនួន១,៥០គីឡូក្រាម ៤- ឈ្លូសចំនួន៨,៥០គីឡូក្រាម ៥- ប្រើស៣,៥០គីឡូក្រាម ៦- ត្រកួតចំនួន២គីឡូក្រាម ៧- ជ្រូកព្រៃចំនួន២,២០គីឡូក្រាម ៨- ទន្សាយគល់១,៥០គីឡូក្រាម ។

ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើឱ្យដឹងទៀតថា មុននឹងចុះបង្ក្រាប គឺបានដាក់កម្លាំងស៊ើបអង្កេតជាយូរថ្ងៃមកហើយ ចំណែកសាច់សត្វព្រៃដែលរឹបអូសបានតាមភោជនីយដ្ឋានចំនួន៧ កន្លែងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានយកទៅកប់ចោលនៅបរិវេណ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។ នៅល្ងាចថ្ងៃដដែលនោះដែរ លោកវង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋថា គ្មានការជួញដូរសត្វព្រៃ គ្មានការសម្លាប់សត្វព្រៃទេ ។ បើបងប្អូនប្រជាពលរដ្ឋដាក់អន្ទាក់ ឬបរបាញ់សត្វព្រៃត្រូវបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ពីព្រោះសត្វព្រៃគ្រប់ប្រភេទជារបស់ពួកយើងទាំងអស់គ្នា សូមចូលរួមជួយការពារសត្វព្រៃជាទ្រព្យសម្បត្តិរួម ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]