ខេត្តកំពត ៖ មនុស្សម្នារាប់រយនាក់បានភ្ញាក់ផ្អើលរត់មកលើ ស្ពានព្រែកកំពង់បាយ ខណៈពេលដែលមានយុវជនម្នាក់លោតទឹកពីលើស្ពាន កាលពីវេលាម៉ោង១៣ថ្ងៃទី២៤ សីហា នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។

នគរបាលក្រុងបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញយុវជនម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុង ទិសដៅពីកើតទៅលិច ។ លុះឡើងដល់លើស្ពានដើរបានចម្ងាយប្រហែល២០ម៉ែត្រ ក៏ស្រាប់តែ ឡើងលើបង្កាន់ដៃស្ពានលោតទម្លាក់ទឹកតែម្តង ។ ពេលលោតដល់ក្នុងព្រែកគេឃើញយុវជនរូបនោះ ប្រឹងត្រដរហែលមករកច្រាំងវិញ ក្នុងនោះក៏មានមន្ត្រីសមត្ថកិច្ចឱ្យគេចែវទូក តូចមួយទៅជួយស្រង់យុវជនរូបនោះ និងនាំមកដល់ច្រាំងទាំងហេវហត់ ។

សមត្ថកិច្ចឱ្យដឹងទៀតថា ក្រោយពីស្រង់រួចមក ក៏បានដឹកយុវជនរូបនោះទៅកាន់អធិការដ្ឋានក្រុង ដើម្បីសួរនាំពីមូលហេតុអ្វីខ្លះទៅដែលប៉ងលោត ទឹកសម្លាប់ខ្លួនបែបនេះ ។ នៅចំពោះមុខសមត្ថកិច្ច យុវជនរូបនេះបានសារភាពថា ខ្លួនឈ្មោះមា ភារៈ ហៅលាក់ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀននៅសាកលវិទ្យាល័យសីុយូអេស ស្នាក់នៅវត្តពិជ័យឧត្តង្គ មានលំនៅភូមិថ្កូវ ឃុំប្ញស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។ យុវជនរូបនេះឱ្យដឹងទៀតថា មូលហេតុដែលខ្លួនចង់ស្លាប់ព្រោះតូចចិត្តនឹង ការខុសបំណង ដោយសារខ្លួនបានស្រឡាញ់នារីម្នាក់ ហើយខ្លួនបានប្រាប់ឱ្យពុកម្តាយចូលស្តីដណ្តឹងនាង ធ្វើជាប្រពន្ធ តែឪពុកម្តាយមិនព្រមចូលស្តីដណ្តឹងនារីរូបនោះតាម បំណងរបស់ខ្លួនទេ ទើបនៅថ្ងៃទី២៤ សីហា ខ្លួនបានផឹកស្រាស្រវឹងដើម្បីកាត់សាញ ។ ពេលស្រវឹងហើយខ្លួនក៏បានសម្រេច ចិត្តដើរមកលោតទឹកតែម្តង ប៉ុន្តែដោយខ្លួនចេះហែលផងក៏បានហែលមករកច្រាំង វិញ តែមិនទាន់ដល់ច្រាំងទេ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ។

ក្រោយពីសួរនាំរួចនគរបាលក្រុង បានអប់រំណែនាំឱ្យយុវជនរូបនេះកុំគិតខ្លីដូច នេះទៀត រួចសមត្ថកិច្ចបានឱ្យឪពុកម្តាយមកទទួលយកយុវជន រូបនេះទៅផ្ទះវិញ ។
មិនដឹងថា ស្នេហ៍របស់គេនោះដូចបំណង ឬក៏អត់នោះទេ ។ ទោបីជាបែបណា អ្នកខ្លះស្តីបន្ទោសថា កើតមកជាកូនប្រុសមានវ័យអាចសម្រេចចិត្តដោយខ្លួន ឯងបានហើយ បើឪពុកម្តាយ បងប្អូនមិនពេញចិត្តក៏ខ្លួនអាចសម្រេចវាសនា របស់ខ្លួនបានដែរ មិនគួរគិតឃើញការសម្លាប់ខ្លួនបែបនេះឡើយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]