សត្វតុកកែចំនួន៣១គីឡូក្រាមស្មើនឹងជាង ៣០០ក្បាលដែលបម្រុងចុះទូកយកទៅលក់នៅវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបកាលពីថ្ងៃទី២១ សីហាវេលាម៉ោង៨និង១៥នាទីយប់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកគិរីវង់បាន ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់ពីបណ្តាញថា មានឈ្មួញលួចនាំសត្វតុកកែដោយដឹកតាមរថយន្តយក ទៅលក់នៅវៀតណាម នោះ ទើបយើងសុំបទបញ្ជាពីលោកមេបញ្ជាការខេត្តរួចលោកមេបញ្ជា ការបាន បញ្ជាឱ្យធ្វើយ៉ាងណាត្រូវតែចាប់រថយន្តល្មើសនោះ ឱ្យខាងតែបាន ។ ក្រោយពីទទួលបានបទបញ្ជានេះ លោកមេបញ្ជាការស្រុកក៏ដាក់កម្លាំងចាំពួនស្ទាក់ នៅចំណុចខាងលើ ហើយបានជួបពិតប្រាកដមែន ខណៈឈ្មួញបម្រុងលើកចុះពីរថយន្តដាក់ទៅក្នុងទូកក៏បង្ក្រាប ជាក់ស្តែងតែម្តង ។ មន្ត្រីដដែលបានបន្តទៀតថា ក្រោយការចាប់នេះក៏មានទាហានការពារព្រំដែនគោកចំនួន៣ទៅ ៤នាក់បានមកសុំសម្របសម្រួល តែលោកមេបញ្ជាការខេត្តអត់យល់ព្រមរួចក៏បានបញ្ជូនមកខេត្ត ដើម្បីពិនិត្យបន្ថែម ។

លោកវរសេនីយ៍ត្រី ចាន់ ជៀប នាយការិយាល័យស្រាវជ្រាវនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា រថយន្តដឹកតុកកែនេះម៉ាកកូរ៉ូឡាពណ៌ប្រផេះ បើកបរដោយឈ្មោះគឹម នី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្តុរស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយសត្វតុកកែជាង៣០០ក្បាល នៅពេលពិនិត្យចប់សព្វគ្រប់បានប្រគល់ទៅឱ្យមន្ត្រីរដ្ឋបាល ព្រៃឈើយកទៅលែងនៅភ្នំតាម៉ៅ ។ លោកគឹម នី ដែលជាម្ចាស់សត្វតុកកែនិយាយប្រាប់ថា គាត់ដើរប្រមូលទិញសត្វតុកកែនេះពីខេត្តពោធិ៍សាត់យកទៅលក់នៅ វៀតណាមតាមច្រកស្រុកគិរីវង់ និងបានបង់លុយទៅឱ្យមន្ត្រីប៉េអឹមខេត្តមួយរូបក្នុង១ខែ១៥០ដុល្លារ ។ មុនពេលចាប់នេះ ខណៈរថយន្តមកដល់ស្រុកទ្រាំងត្រូវប៉េអឹមនៅទីនោះចាប់ឃាត់រួច ទារលុយគាត់ចំនួន១.០០០ដុល្លារ តែគាត់មានតែ២០០ដុល្លារ ក៏ឱ្យទៅ ។ ពេលទទួលលុយហើយនោះនិយាយប្រាប់គាត់កុំឱ្យថា ប៉េអឹមស្រុកទ្រាំងយកអីត្រូវនិយាយថា ប៉េអឹមលើផ្ទៃប្រទេសជាអ្នកចាប់ លុះពេលប៉េអឹមលែងស្រាប់តែទាហានដឺបេខេត្តចាប់ទៀតទាល់តែ បង់លុយឱ្យទើបលែងវិញ ។ លុះដល់កន្លែងចុះទូកទៅហើយស្រាប់តែប៉េអឹមស្រុកគិរីវង់ចាប់តែ ម្តង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]