(ភ្នំពេញ)៖ កីឡាករដ៏លេចធ្លោក្នុងក្រុមជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្តម បានអំពាវនាវទៅដល់អ្នកគាំទ្រ និងមិត្តរួមក្រុមឯទៀត ឲ្យនៅតែបន្តរក្សាចិត្តត្រជាក់ៗក្នុងជំនួបទល់នឹងចិនតៃប៉ិ នៅកីឡដ្ឋានជាតិអូឡាំពិកល្ងាចថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦ បញ្ចប់ជើងទី២ នៃវគ្គជម្រុះវគ្គបឋមព្រឹត្តិការណ៍ ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

ខ្សែប្រយុទ្ធមកពីក្លឹបព្រះខ័នរាជស្វាយខាងលើបានបញ្ជាក់យ៉ាងខ្លីថា «មិនថាថ្ងៃនេះ យើងមានបញ្ហានឹង គ្នាលើទីលាន យ៉ាងណា តែពេលដែលអ្នកមក កាន់ទឹកដីសុវណ្ណភូមិយើងវិញ គឺយើងនឹងទទួល រាក់ទាក់ដោយក្តីគោរព ដោយការសំពះ ដ៏ទន់ភ្លន់របស់យើង រួមទាំងស្នាមញញឹម ព្រមទាំងក្តីស្រឡាញ់ជូនអ្នកដដែល ព្រោះយើងជាជនជាតិ ខ្មែរដ៏អស្ចារ្យបំផុត» ។

តែយ៉ាងណាក៏ដោយ សារខ្លីមួយនេះអាចចាត់ទុកថា ជាតំណាងឲ្យ កីឡាករកម្ពុជា និងអ្នកគាំទ្រគ្រប់រូប បន្តការអត់ធ្មត់ទៅទៀត ដើម្បីរក្សាបរិយាកាសនៅអំឡុងពេលប្រកួតកាន់តែសប្បាយរីករាយថែមទៀត ខណៈដែលកម្ពុជាមានឱកាស ខ្ពស់ឡើងទៅជុំទី២ ដោយសារមាន២គ្រាប់ក្នុងដៃពីក្នុងជើងទី១ ក្រោមលទ្ធផលស្មើ ២-២ នៅក្នុងផ្ទះរបស់ចិនតៃប៉ិ កាលពីរាត្រីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។

ការសំណូមពរបែបនេះ គឺត្រូវបានធ្វើឡើងនៅក្រោយ ពេលផ្ទុះប្រតិកម្មជាខ្លាំងនៅលើបណ្តាញសង្គម Facebook រហូត ដល់មន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ផងដែរ ចំពោះការលេងកាចៗនៅលើទីលានរបស់ក្រុមជម្រើសជាតិចិនតៃប៉ិ ជាពិសេសចងកំហឹង ចំពោះកីឡាករពាក់លេខ១៧ Chen Po-Liang និងពាក់អាវលេខ២១ ដោយសុទ្ធតែផ្ញើសារទុកមុនថា «ដឹងគ្នាហើយ ពេលមកកម្ពុជាវិញ ខ្លះក៏បានត្រៀមដកទឹកសុទ្ធទុកគប់ថែមទៀតផង បើទោះបីជាបានដឹងថា Chen Po-liang ដែលធ្វើឲ្យកីឡាករ ឈិន ឈឿន មានរបួស ហើយឌឺដងដាក់ទៀតនោះ គេដឹងខ្លួនខុសហើយក៏ដោយ»។

សូមបញ្ជាក់ផងដែរថា គ្រប់ការប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានរង្វាន់ផ្សេងៗ តែងតែមានក្រុមមន្រ្តីជំនាញ សហព័ន្ធបាល់ទាត់អាស៊ី AFC និងមន្រ្តី FIFA តាមដានឃ្លាំមើលជានិច្ច និងអាចពិន័យជាប្រាក់ និងបញ្ឍរជើងក្នុង ប្រកួតលើឆាកអន្តរជាតិនានា ប្រសិនបើការប្រកួតណាមួយមាន ភាពខុសប្រក្រតី ពីសំណាក់កីឡាករនៅលើទីលាន និងភាពរញ៉េរញ៉ៃរបស់អ្នកគាំទ្រ ជាក់ស្តែងដូចប្រទេសគុយវ៉ែត និងឥណ្ឌូនេស៊ី ទើបតែរួចផុតបម្រាមនាពេលថ្មីៗនេះទេ ដោយសារមិនគោរព ច្បាប់របស់ FIFA ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]