មនុស្សគ្រប់រូប សុទ្ធតែដឹងហើយថា ទឹកគឺជាភេជ្ជៈដែលល្អបំផុតលើសគេ សម្រាប់ទ្រទ្រង់ការវិវត្តន៍រាងកាយ របស់យើងគ្រប់ៗគ្នា។

ជាក់ស្តែង គ្មានច្បាប់វិន័យណាមួយដែលកំណត់ទៅលើការផឹកទឹកនោះទេ ក៏មិនមានហេតុផលតាមបែបវេជ្ជសាស្រ្តសមហេតុផលណាមួយ ដែលកំណត់ពេលវេលាត្រូវទឹកផឹក ជាមួយនឹងការញ៉ាំអាហាររបស់អ្នកដែរ។

អ្នកមិនចាំបាច់មានការព្រួយបារម្ភថា ទឹកនឹងបន្ថយរសរំលាយអាហារ ឬរំខានដល់ការរំលាយអាហារនោះទេ។ ទឹក និងអង្គធាតុរាវដទៃទៀត ជួយដល់ការបំបែក អាហារ ដើម្បីអោយរាងកាយរបស់អ្នក អាចស្រូបយកបាននូវសារធាតុចិញ្ចឹមផ្សេងៗ។ ទឹកក៏ជួយបន្ទន់លាមក ដែលជួយទប់ស្កាត់និងការពារបញ្ហាទល់លាមកបានផងដែរ។

ជាពិសេស សម្រាប់អ្នកដែលតមអាហារ ឬចង់សម្រកទម្ងន់ អាចញ៉ាំទឹកកន្លះលីត្រ ឬប្រហែលស្មើនឹងពីរកែវ មុនពេលបរិភោគអាហារ ដើម្បីកាត់បន្ថយការទទួលយកជាតិកាឡូរីទៅក្នុងរាងកាយ។ ការសិក្សាមួយ ក្នុងឆ្នាំ ២០១០ ក្នុងទស្សនាវដ្តី Obesity បានរកឃើញថា ក្រុមមនុស្សពេញវ័យដែលបានផឹកទឹកពីរកែវ មុនពេលញ៉ាំអាហារ គឺអាចជួយអោយបរិភោគអាហារបានតិច និងស្រកទម្ងន់បានច្រើនជាងក្រុមដែលមិនបានផឹកទឹកមុនពេលបរិភោគអាហារ។ វានឹងធ្វើអោយយើង មានអារម្មណ៍ថាឆ្អែត ហើយជាលទ្ធផល ពួកគេប្រាកដជាបរិភោគអាហារដែលមានផ្ទុកជាតិកាឡូរីបានតិច ក្នុងអំឡុងពេលបរិភោគអាហារទាំងឡាយ។ មនុស្សគ្រប់រូបគួរតែផឹកទឹក ឬភេសជ្ជៈមានជាតិស្ករតិច។ នេះគឺជាវិធីដ៏សាមញ្ញបំផុត ដើម្បីជួយសម្រួលដល់ការរក្សា ឬការគ្រប់គ្រងទំងន់របស់អ្នក។

ជាងនេះទៅទៀត ការដែលយើងផឹកទឹកក្តៅឧណ្ណៗ ជាមួយនឹងការទទួលទានអាហារ នឹងជួយដល់ការរំលាយអាហារបានកាន់តែប្រសើរ។ ម្យ៉ាងវិញទៀត ទឹកក្តៅឧណ្ណៗ ក៏អាចជួយសម្រួលដល់អាការៈតឹងច្រមុះផងដែរ, ដូច្នេះវាមានអត្ថប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលអ្នកមានជំងឺ។ នៅពេលដែលអ្នកទម្លាប់ទទួលទានតែទឹកក្តៅគ្រប់ពេលវេលានោះ, ការផឹកទឹកត្រជាក់វិញ អាចធ្វើអោយអ្នកញាក់បាន ក៏អាចធ្វើអោយកើនឡើងភាពតានតឹងផងដែរ។ 

ចុះហេតុអ្វីបានជា មានផលប៉ះពាល់ ពេលដែលញ៉ាំទឹកត្រជាក់ ក្រោយពេលបរិភោគអាហារ? ការដែលយើងញ៉ាំទឹកត្រជាក់ភ្លាមៗ ក្រោយពីបរិភោកអាហាររួចនោះ អាចប៉ះពាល់ លើរសរំលាយអាហារបាន ដោយសារតែសីតុណ្ហភាពត្រជាក់ធ្វើអោយផ្លាស់ប្តូរស្ថេរភាពអាហារ ដែលយើងបានបរិភោគ ដែលធ្វើឲ្យមានការលំបាកក្នុងការរំលាយ។ ឧទាហរណ៍៖ អាហារមានជាតិខ្លាញ់នឹងប្រែទៅជារឹងនៅពេលដែលវាលាយជាមួយ ទឹកត្រជាក់ដែលធ្វើអោយមានការលំបាកដើម្បីរំលាយ។ ប្រតិបត្តិការរំលាយអាហាររយៈពេលយូរ អាចបណ្តាលអោយមានបញ្ហាចាល់ជាតិអាស៊ីតទៀតផង។

ការទទួលទានទឹកត្រជាក់ អាចធ្វើអោយស្រ៊ាវធ្មេញ, ការឈឺក្បាលប្រកាំង ឬឈឺក្បាលលក្ខណៈធ្ងន់ធ្ងរ។ វាក៏អាចនាំអោយមាន ការឈឺចាប់ក្នុងក្រពះ និងហើមពោះ ដោយសារតែ អាហារមួយចំនួននឹងរីក ពេលដែលបរិភោគជាមួយទឹក។ ការឈឺចាប់អាចមានរយៈពេលយូរ ព្រោះពេលដែលយើងផឹកទឹកច្រើនពេក វាធ្វើអោយរាំងស្ទះដល់ការរំលាយអាហារ។

ក្រពះរបស់យើងត្រូវបានបង្កើតឡើង ដើម្បីទទួលយកអាហារនៅកម្រិតសីតុណ្ហភាពស្រដៀងគ្នា ទៅនឹងក្នុងរាងកាយរបស់យើង។ ការទទួលទានអាហារ ឬភេសជ្ជៈដែលត្រជាក់ពេក ឬក្តៅពេក មានន័យថា យើងកំពុងបន្ថែមការងារទៅលើដំណើរការរំលាយអាហាររបស់អ្នកហើយ។

ដូច្នេះ ដើម្បីជៀសវាង មានបញ្ហារំលាយអាហារ ដែលបានរៀបរាប់ខាងលើ, វិធីល្អបំផុតដើម្បីទទួលទានទឹកអោយបានត្រឹមត្រូវគឺ អ្នកត្រូវផឹកទឹកនៅសីតុណ្ហភាពធម្មតា ជំនួសឲ្យសីតុណ្ហភាព ដែលត្រជាក់ពេកសម្រាប់រាងកាយ។ 

តែទោះជាយ៉ាងណាក៏ដោយ ទឹកត្រជាក់អាចជួយអ្នកបាន នៅក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ។ ជាពិសេស ប្រសិនបើពេលកំពុងធ្វើលំហាត់ប្រាណ ព្រោះវាអាចជួយការពាររាងកាយមិនអោយឡើងកម្តៅបាន។

ការទទួលទានទឹក ជួយរក្សាសរីរាង្គ និងជាលិកាអោយមានសំណើមបានគ្រប់គ្រាន់, ជួយសម្រួលចលនាឈាមរត់, និងផ្តល់អោយរាងកាយនូវកាតាលីករ ដើម្បីបំបាត់ជាតិពុលពីក្នុងរាងកាយ។ សរុបមក គ្មានហេតុផលណាមួយ ដែលហាមឃាត់អ្នកមិនអោយញ៉ាំទឹក បន្ទាប់ពីបរិភោគអាហាររួចនោះទេ។ តែប្រសិនជាអាច សូមកុំពិសាទឹកត្រជាក់ខ្លាំងពេក៕ 

ប្រភព៖ Mayo Clinic | EXPRESS | Step to Health | Quora

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]