ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​ធ្វើការ​ឃាត់ខ្លួន កាល​ពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ឧសភា ២០១៦ បន្ទាប់​ពី​បុរស​នេះ​ប្រើ​ដំបង​ដេញ​វាយ​សមត្ថកិច្ច បណ្ដាល​ឱ្យ​រង​របួស​២​នាក់ ខណៈ​កម្លាំង​ច​កំពុង​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ខាង​មុខ​វាល​បែក​ចាន ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់​ដំបង​។

ប្រភព​ពី​ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង ដែល​បាន​ដឹកនាំ​កម្លាំង​របស់​ខ្លួន សហការ​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍ ចុះ​ទៅ​ត្រួតពិនិត្យ​ចរាចរណ៍​ពេល​យប់​បានឱ្យ​ដឹង​ថា យើង​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​​​ជ​ន​បង្ក​ហិង្សា​នោះ​ទេ តែ​លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន​ភ្លាម​ៗ បញ្ជូន​ទៅ​កាន់​ស្នងការ ក្រោយ​ពី​បុរស​នោះ​ប្រើ​ហិង្សា​ដាក់​លើ​កម្លាំង​សមត្ថកិច្ច​ដោយ​គ្មាន​មូលហេតុ​នោះ ។

លោក​បាន​បញ្ជាក់​ថា ជន​បង្ក​ហិង្សា​នោះ​ទំនងជា​ស្រវឹង ដំបូង​ជន​នោះ​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស ដែល​មាន​ដឹក​ដំបង​មួយ​កំណាត់​ផង សំដៅ​មក​រក​សមត្ថកិច្ច​ដែល​កំពុង​ត្រួតពិនិត្យ​ចរាចរណ៍ ។ ស្រាប់តែ​ឈប់​ម៉ូតូ រួច​ទាញ​ដំបង​ដេញ​វាយ​សមត្ថកិច្ច​ទាំង​កំរោល តែ​ម្ដង ។ គ្រានោះ​សមត្ថកិច្ច​បាន​ព្យាយាម​ទប់ទល់ តែ​ត្រូវ​ជន​នេះ​វាយ​ទៅ​លើ​កម្លាំង​របស់​លោក បណ្ដាល​ឲ្យ​រង​របួស​២​នាក់ ទំ​រាំ​ឃាត់ខ្លួន​ជន​នេះ​បាន រួច​បញ្ជូន​ទៅ​កាន់​ស្នងការ​តែ​ម្ដង ដើម្បី​សួរនាំ​។

បើ​តាម​សាក្សី​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ពាក់​វ៉ែនតា​.​ស​នោះ ជិះ​ម៉ូតូ​ចុះឡើង​ៗ មើល​សមត្ថកិច្ច​ដែល​កំពុង

ត្រួត​ពិនិត្យ​ចរាចរណ៍ ។ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​ឃើញ​បុរស​នេះ ជិះ​ម៉ូតូ​បញ្ច្រាសទិស​ចរាចរណ៍ សំដៅ​ទៅ​រក​គោលដៅ​សមត្ថកិច្ច ។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​ជិះ​ជិត​ដល់​គោលដៅ​សមត្ថកិច្ច គេ​ឃើញ​បុរស​នោះ​ឈប់​ម៉ូតូ រួច​ទាញ​ដំបង​ដើរ​សំដៅ​ទៅ​រក​សមត្ថកិច្ច​បង្ហាញ​ពី​កាយវិការ​កាច​សាហាវ មើលទៅ​ហាក់ដូចជា​មាន​គំនុំ​ជាមួយ​សមត្ថកិច្ច​យូរហើយ ។

ពេល​នោះ សមត្ថកិច្ច​បាន​ព្យាយាម​សួរនាំ តែ​បុរស​នោះ​បែរជា​ចាប់ផ្ដើម​ស្រែក​ជេរ​ប្រមាថ​សមត្ថកិច្ច​គ្មាន​សំចៃមាត់ ធ្វើ​ឲ្យ​សមត្ថកិច្ច​ក្ដៅ​មុខ ក៏​ចាប់ផ្ដើម​ឡោម​ព័ទ្ធ​ចាប់​បុរស​នោះ ។ ប៉ុន្តែ​មិន​ងាយ​ស្រូល​ទេ ត្រូវ​បុរស​នោះ​ប្រើ​ដំបង​វាយតប​វិញ បណ្ដាល​ឲ្យ​សមត្ថកិច្ច​មួយ​ចំនួន​រង​របួស​។ សមត្ថកិច្ច​បាន​ដេញចាប់​បុរស​នោះ​ផ្អើល​អ្នកដំណើរ​ពេញ​ផ្លូវ ទម្រាំ​ចាប់ខ្លួន​បុរស​នោះ​បាន ។

ទោះជា​បែប​ណា គេ​មិន​ទាន់​ដឹង​ថា បុរស​នេះ​អាច​នឹង​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចោទប្រកាន់ ឬ​យ៉ាងណា​នោះ​ទេ ក្រោយ​ពី​លោក​ស្នង​ការ​​បញ្ជា​ឲ្យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ។ ប៉ុន្តែ​លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា នេះ​ថា មន្ត្រី​ជំនាញ​នឹង​ធ្វើការ​សួរនាំ​ជន​បង្ក​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​នោះ​ហើយ តែ​យើង​មិន​ទាន់​ដឹង​ថា លោកស្នង​ការ​ខេត្ត នឹង​មាន​វិធាន​ការណ៍​បែប​ណា ចំពោះ​បុរស​ខាងលើ​នេះ​ទេ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]