ថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមអាជ្ញាធររបស់ប្រទេសថៃ បានចេញការប្រកាសនូវ សេចក្តីសម្រេច ក្នុងការបិទនូវកោះមួយ ដែលជាទីកម្សាន្តរបស់ក្រុមអ្នកទេសចរ ដើម្បីរក្សាការពារ សម្បត្តិធម្មជាតិ ដែលមាននៅទីនោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កោះមួយដែលមានឈ្មោះថា Tachai ត្រូវបានក្រុមអាជ្ញាធរប្រទេសថៃ សម្រេចបិទលែងឲ្យអ្នកទេសចរកម្សាន្តនៅទីនោះ តទៅទៀត ក៏ព្រោះតែកន្លងមកវត្តមាន របស់ក្រុមអ្នកទេសចរ បានធ្វើឲ្យមានផលអវិជ្ជមានយ៉ាងខ្លាំង ទៅដល់ធនធានធម្មជាតិ និងបរិស្ថាននៃកោះមួយនេះ។ 

ទិដ្ឋភាពនៅលើកោះ Tachai របស់ប្រទេសថៃ

ជាមួយគ្នានេះដែរ កោះមួយទៀត ដែលស្ថិតនៅក្នុងខេត្ត Phang Nga ដែលជាផ្នែកមួយ នៃឧទ្យានជាតិ Similan របស់ប្រទេសថៃ ក៏ត្រូវបានសម្រេចបិទជាបណ្តោះអាសន្នផងដែរ ពោលគឺចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែតុលា ទើបបើកឲ្យមាន ការធ្វើដំណើរកម្សាន្តទេសចរណ៍ឡើងវិញ។

លោក Tunya Netithammakul នាយកចាត់ការទូទៅ នៃនាយកដ្ឋានឧទ្យានជាតិ អភិរក្សសត្វព្រៃ និងព្រៃឈើ បានប្រាប់ឲ្យដឹងថា “ពួកយើងត្រូវតែបិទកោះមួយនេះ ដើម្បីអាចឲ្យបរិស្ថាន និងធនធានធម្មជាតិទាំងអស់ ទាំងនៅលើដី និងក្នុងទឹកសមុទ្រ មានសភាពល្អឡើងវិញ ដើម្បីកុំឲ្យមានការរំខាន តទៅទៀតពីសំណាក់ភ្ញៀវទេសចរ មុនពេលដែលការខូចខាត រឹតតែធំៗទៅ មិនអាចជួសជុលបាន”។

យោងតាមកាសែតក្នុងស្រុក ដែលបានដកស្រង់សម្តីក្រុមអ្នកជំនាញ បានឲ្យដឹងថា តាមពិតទៅកោះ Tachai អាចទ្រទ្រង់បានមនុស្សតែ ៧០នាក់ប៉ុណ្ណោះ ប៉ុន្តែពេលខ្លះ ចំនួននៃអ្នកទេសចរ ដែលមកកម្សាន្តនៅទីនោះ កើនឡើងដល់ទៅជាង ១,០០០នាក់ បូករួមទាំងតូបលក់ឥវ៉ាន់ និងកាណូតទេសចរណ៍ថែមទៀតផង ដែលនេះជាចំណុចគំរាមកំហែង ដែលត្រូវតែមានការយកចិត្តទុកដាក់ និងចាត់វិធានការជាបន្ទាន់។ 

អ្នកទេសចរ កំពុងកំសាន្តនៅឯសមុទ្រ នៃកោះ Tachai

គូសបញ្ជាក់ផងដែរថា នេះគឺជាដំណឹងថ្មីមួយ ទាក់ទងនឹងការសម្រេចបិទ តំបន់កោះទេសចរមួយ ដោយមិនបានកំណត់ពេល ថានឹងបើកឲ្យដំណើរការវិញ នៅពេលណានោះឡើយ ក៏ព្រោះតែដើម្បីរក្សាបរិស្ថាន និងធនធានធម្មជាតិ កុំឲ្យមានការបាត់បង់ សាបសូន្យរៀងដរាប៕

ទីតាំងកោះ នៅលើផែនទី

ប្រភព៖ BBC

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងហេតុការណ៍ ក្នុងប្រទេសថៃ នេះដែរ កាលពីពេលថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានសេចក្តីប្រកាស ឲ្យមានការប្រឡងឡើងវិញ នូវនិស្សិតប្រឡងត្រៀមចូល នៅឯសាកលវិទ្យាល័យមួយ ក្នុងប្រទេសថៃ ក្រោយពីរឿងអាស្រូវ ទាក់ទងនឹងការបន្លំ ក្នុងពេលប្រឡង ត្រូវបានផ្ទុះឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សិស្ស-និស្សិតថៃ មិនតិចជាង៣,០០០នាក់ឡើយ ដែលតម្រូវឲ្យធ្វើការ សាជាថ្មីឡើងវិញ បន្ទាប់ពីមានការរកឃើញថា មានសកម្មភាពបន្លំ បោកប្រាសនៅក្នុងការប្រឡង នៅឯសាកលវិទ្យាល័យ Rangsit ដែលស្ថិតនៅក្នុងទីក្រុង បាងកក ប្រទេសថៃ ហើយក៏ជាសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដ៏ធំមួយផងដែរ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា មានការរកឃើញនូវសិស្សចំនួន៣នាក់ ដែលបានប្រើប្រាស់វិធីបន្លំ ក្នុងអំឡុងពេលប្រឡង ដោយការប្រើប្រាស់កាមេរ៉ា និងនាឡិកាដៃប្រភេទ Smartwatch។ សិស្សទាំង៣នាក់នោះ បានថតក្រដាសកិច្ចការប្រឡង ដោយប្រើកាមេរ៉ាដ៏តូច ដែលបង្កប់នៅក្នុងវ៉ែនតា របស់ពួកគេ រួចបញ្ជូនរូបភាពនោះ ទៅឲ្យក្រុមដែលនៅខាងក្រៅ ដែលក្រោយមក ចម្លើយត្រឹមត្រូវជាច្រើន នឹងបញ្ជូនត្រឡប់មក កាន់ពួកគេទាំង៣នាក់នោះវិញ តាមរយៈនាឡិកាដៃ Smartwatch។

ជាមួយគ្នានេះដែរ សិស្សម្នាក់ក្នុងចំណោម៣នាក់ ដែលត្រូវបានគេរកឃើញថា បានធ្វើសកម្មភាពបន្លំ ក្នុងពេលប្រឡងនោះ បានសារភាពថា រូបគេបានចំណាយប្រាក់ ដល់ទៅ២៤,០០០ដុល្លារ ដើម្បីអាចទទួលបាន ចម្លើយត្រឹមត្រូវសម្រាប់ការប្រឡងចូល ក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រ មួយនេះ។

ទាក់ទិននឹងករណីនេះដែរ Arthit Ourairatសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Rangsit បានប្រាប់ឲ្យដឹងថា “ចំពោះសិស្សដែលយើង រកឃើញថាបានប្រព្រឹត្តកំហុស នៅក្នុងពេលប្រឡង ពួកគេនឹងត្រូវចាត់ចូលក្នុង បញ្ជីខ្មៅ និងមិនអនុញ្ញាត ឲ្យដាក់ពាក្យសុំចូលរៀន នៅទីនេះទៀតឡើយ។ នេះគឺជារឿងដ៏អាក្រក់មួយ ហើយខ្ញុំអាចនិយាយបានថា ប្រសិនបើសិស្ស ដែលប្រើប្រាស់វិធីបន្លំទាំងនោះ ប្រឡងជាប់ និងបញ្ចប់ការសិក្សា នោះពួកយើងប្រហែលជា អាចមាននូវវេជ្ជបណ្ឌិតខុសច្បាប់ នៅក្នុងប្រទេសយើង ជាមិនខាន។ ពួកយើងសោកស្តាយ ចំពោះបញ្ហានេះ ហើយសម្រាប់ការ ប្រឡងលើកក្រោយនេះ វិន័យ និងការពិនិត្យមើល ច្បាស់ជាម៉ឺងម៉ាត់ និងរ៉ឹងមាំ ជាទីបំផុត”។

គូសបញ្ជាក់ផងដែរថា សិស្សជាច្រើន ពោលគឺមួយភាគធំ តែងមានបំណងចូលរៀន នៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រ ដើម្បីអាចក្លាយខ្លួនទៅជា វេជ្ជបណ្ឌិត ព្រោះថាការងារមួយនេះ នៅក្នុងប្រទេសថៃ អាចរកចំណូលបានខ្ពស់ ដោយសារមាន អ្នកជំងឺមកពីប្រទេសជាច្រើន តែងមកកាន់ទីនេះ ដើម្បីស្វែងរកការព្យាបាល៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]