ឥណ្ឌា៖ សត្វគោមួយក្បាល បានបង្ហាញពី ភាពក្លាហានរបស់វា ដោយរត់ចូលទៅជល់ ជនដៃដល់ ២នាក់ ដែលកំពុងតែ យកកាំបិតចាក់ក្មេងស្រីម្នាក់ យ៉ាងចាស់ដៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះថា Seema Gujjar ត្រូវបានជនដៃដល់ ២នាក់ ចាក់ជាច្រើនកាំបិត។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា ដោយគេជឿជាក់ថា ការចាក់សម្លាប់ក្មេងស្រីរងគ្រោះ ផ្តើមចេញពីគោលបំណងរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ (ដោយសារនាង បានធ្វើខុស នឹងក្រមសីលធម៌សង្គម ឬសហគមន៍) ដែលតែងត្រូវបានអនុវត្តដោយប្រជាជនក្នុងតំបន់។

បើយោងតាមវីដេអូឃ្លីបរយៈពេល ២៦វិនាទី ឲ្យយើងឃើញនូវទិដ្ឋភាពពេលកើតហេតុ។ ពេលនោះ សត្វគោមួយក្បាល បានចោលចូលទៅបុកគាស់ជនដៃដល់ ខណៈវាហាក់បីដូចជាខឹងក្រោធយ៉ាងខ្លាំង ក្រោយពីវាឃើញជនដៃដល់ ២នាក់នោះ កំពុងតែយកកាំបិត ចាក់សម្លាប់ក្មេងស្រីរងគ្រោះ យ៉ាងព្រៃផ្សៃ។

ក្រោយពីមានភាពចលាចល ទាំងមនុស្ស ទាំងសត្វគោ ក្មេងស្រីរងគ្រោះ បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ប៉ុន្តែដោយសារតែ រងរបួសធ្ងន់ធ្ងរពេក ក្រោយមកក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

ប្រភពព័ត៌មានឲ្យដឹងថា ជនដៃដល់ទាំង២នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងការចាក់សម្លាប់នារីរងគ្រោះ មានដូចជា ឪពុកបង្កើតឈ្មោះ Kalyan Singh និងពូ ឈ្មោះ Lakhan Singh។ ចំពោះមូលហេតុ ទំនងជាជនដៃដល់ ខឹងសម្បានឹងនារីរងគ្រោះ ដែលធ្វើឲ្យពួកខ្លួនអាម៉ាសមុខ ដោយហ៊ានរត់តាមបុរសវ័យក្មេងម្នាក់ អាយុ២២ឆ្នាំ ដែលគេស្គាល់ឈ្មោះត្រឹម Sonu ប៉ុណ្ណោះ។

បើតាមសម្តីប៉ូលិស បានប្រាប់ឲ្យដឹងដែរថា ជនដៃដល់ម្នាក់ ក្នុងចំណោមនោះ បានរងរបួស ដោយសារសត្វគោដ៏ក្លាហាននោះ។ យ៉ាងណាមិញ ជនឈ្មោះ Sonu ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន និងចោទប្រកាន់ ពីបទមានទំនាក់ទំនងស្នេហា ជាមួយនឹងអនីតិជន ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ មេគោ​ផើម​មួយ​ក្បាល​ចុះ​ផឹកទឹក​ស្រះ ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់​អណ្តែត ក៍​រត់​ដួល​រត់​ដួល​រហូត​ទាល់តែ​ងាប់​កូន​ក្នុង​ពោះ ។

ហេតុការណ៍​ដ៍​កម្រ​ឃើញ​និង​ជួប​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក​ខាងជើង​វត្ត​ជុំ ភូមិ​-​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សព​កុមា​រា​លង់ទឹក​ស្លាប់​នោះ ឈ្មោះ​ឃឹ​ន ប្រុស​ណុ​ច អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៥​នៃ​សាលា​បឋម​សិក្សា​គោក​រកា មាន​ឪពុក​ឈ្មោះ​សយ ផានិត អាយុ​៤៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​ម្តាយ​ឈ្មោះ​ប៊ុត ប៊ុ​ន​ណា អាយុ​៤៩​ឆ្នាំ មុខរបរ​អនាម័យ ។

បើ​តាម​លោក សយ ផានិត បាន​រៀបរាប់​ឲ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​បាន​បាត់​ខ្លួន​តាំងពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៤ មីនា​មក​ម្ល៉េះ មិនដឹង​ជា​ដើរទៅ​ណា ហើយ​សួរនាំ​អ្នក​ជិតខាង​និង​មិត្តភក្តិ​វា ក៍ថា​មិនដឹង​និង​បាន​ដើរ​រក​គ្រប់​ច្រកល្ហក​ក៍​មិនឃើញ​ទៀត ។

លុះ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧​មីនា គាត់​ក៍បាន​ទៅ​អើត​មើល​ស្រះ​ទឹក​ខាងលើ​ដែល​កូន​គាត់​ធ្លាប់​ទៅ​លេង​ទីនោះ ស្រាប់តែ​ឃើញ​សព​កូនប្រុស​គាត់​អណ្តែត​ធ្វើ​ឲ្យ​គាត់​យំ​ក្តុកក្តួល​និង​បាន​ទៅ​ហៅ​សាច់ញាតិ​មក​ស្រង់ តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​អំឡុង​ពេល​ស្រង់​សព​កូន​គាត់​នោះ មាន​មេគោ​ផើម​មួយ​ក្បាល​ក៍​ដើរ​ចុះ​ទៅ​ផឹកទឹក​ស្រះ​ហើយ​ឃើញ​សព​កូន​គាត់ ក៍​ផ្អើល​រត់​ដួល​ៗ​បោក​ផ្ទប់​មាត់​ស្រះ​បណ្តាល​ឲ្យ​បាក់ជើង និង​ដាច់​ទងសុក​ងាប់​កូន​ក្នុង​ពោះ ។ ក្រោយមក គោ​នោះ​ត្រូវ​ម្ចាស់​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​១​លាន​រៀល ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]