បរទេស៖ គេតែងលឺ និងឃើញការលើកឡើងជាច្រើនមកហើយ ទាក់ទិនទៅនឹងអាថ៌កំបាំងនៃការឆ្លងពេលវេលា របស់មនុស្សស្ថិតនៅអនាគតកាល ត្រឡប់មកកាន់អតីតកាល ជាក់ស្តែងរូបភាព និងវីដេអូមួយចំនួន ធ្លាប់ត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណែតជាហូរហែរ។

មកទល់ពេលនេះ មិនមានភស្តុតាងដែលត្រូវបាន ទទួលស្គាល់ជាផ្លូវការថារឿងហេតុ ដែលយើងធ្លាប់តែ បានដឹងនៅក្នុងខ្សែភាពយន្តនោះ ថាវាពិតជាអាចនឹងកើតមានមែននៅលើផែនដីនេះ ឬក៏យ៉ាងណា ខណៈដែលមនុស្សភាគច្រើន មិនសូវជាជឿនោះទេ ព្រោះវាហាក់បីដូចជាការបោកប្រាស់ ឬបង្កើតឲ្យមានការចាប់អារម្មណ៍ប៉ុណ្ណោះ។

ដោយឡែក មិនថាយ៉ាងណាបើយើងក្រឡេកមកចាប់អារម្មណ៍ លើការសិក្សាស្រាវជ្រាវ និងទ្រឹស្តីរបស់អ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្រ អំពីលំហអាវកាសនៃហ្គាឡាស៊ីដ៏ធំមិនអាចគណនានេះ ទំនងជាអាចមានបាតុភូតធ្វើឲ្យមានការពន្លឿនពេលវេលា និងឆ្លងកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតបានពិតមែន គ្រាន់តែវាមិនទាន់ត្រូវបានគេរកឃើញនៅឡើយ ព្រោះកម្រិតយល់ដឹងអំពីធាតុនៅក្នុងចក្រវាឡដែលមនុស្សមិនទាន់បានរកឃើញ និងបច្ចេកវិទ្យា មិនទាន់អាចដល់កម្រិតបាននៅឡើយ។

ត្រឡប់ចូលមកប្រធានបទព័ត៌មានយើងវិញ អំពីឃ្លីបវីដេអូមួយ ថតកាលពីឆ្នាំ១៩៩៥ ក្នុងការប្រកួតប្រដាល់សកល របស់កីឡាករល្បីឈ្មោះបំផុត Mike Tyson បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាភស្តុតាងមួយទៀត សម្រាប់ដាក់ការសង្ស័យបន្ថែម លើទ្រឹស្តីនៃការឆ្លងពេលវេលា។

សារព័ត៌មានអង់គ្លេស The Mirror បានចុះផ្សាយវីដេអូមួយដែលមានអ្នកចុចមើល ជិត ៣០ម៉ឺនដង នៅលើយូធូប ស្តែងឲ្យឃើញពីទូរសព្ទស្មាតហ្វូនមួយគ្រឿង ប្រើប្រាស់សម្រាប់ថត ដោយអ្នកទស្សនាម្នាក់នៅក្នុងអំឡុងពេលប្រកួតនោះ។

គួរបញ្ជាក់ថា កាលពីជំនាន់នោះ ទូរសព្ទស្មាតហ្វូន មិនទាន់ចាប់កំណើតនៅឡើយទេ សូម្បីតែបច្ចេកវិទ្យាកាមេរ៉ា ក៏មិនទាន់អាចប្រើប្រាស់ជាមួយទូរសព្ទបានដែរ។ តើហេតុអ្វីបានជានៅក្នុងវីដេអូនោះ មានមនុស្សប្រើទូរសព្ទស្មាតហ្វូន ថតយកទិដ្ឋភាពនៅពេលនោះទៅវិញ? នេះហើយដែលធ្វើឲ្យមានការចាប់អារម្មណ៍ និងឆ្ងល់ថាឧបករណ៍ដែលឃើញនៅក្នុងវីដេអូនោះ ពិតជាទូរសព្ទស្មាតហ្វូនមែន ឬជាអ្វីផ្សេង?

ទោះបីជាយ៉ាងណា គេមិនអាចជឿជាក់ទាំងស្រុងនោះទេ ដែលការបង្ហាញនេះ គ្រាន់តែជាចំណីអារម្មណ៍មួយ អំពីរឿងហេតុប្លែកៗកើតមាននៅជុំវិញពិភពលោក និងជាការស្វែងយល់ផងដែរ៕

សូមប្រិយមិត្តតាមដានវីដេអូខាងក្រោម និងមានមតិយោបល់យ៉ាងណាដែរចំពោះរឿងនេះ?

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]