វាជាចំនេះដឹងទូទៅរបស់មនុស្ស ដែលថាការជក់បារី ឬខ្វះអនាម័យមាត់ធ្មេញ អាចមានឥទ្ធិពលអវិជ្ជមានដល់សុខភាពមាត់របស់អ្នក, ប៉ុន្តែនៅមានទម្លាប់ដែលអាចបង្កបញ្ហាដល់ធ្មេញ និងអញ្ចាញធ្មេញរបស់អ្នកដោយមិនដឹងខ្លួន។ តើអ្នកមានទម្លាប់ឧស្សាហ៍ បែកឬប្រហោងធ្មេញ, ឆ្លងមេរោគតាមមាត់ធ្មេញ និងទទួលការព្យាបាលញឹកញាប់ដែរទេ? ខាងក្រោមនេះជាអ្វីដែលអាចបំផ្លាញធ្មេញរបស់អ្នក។

#១. ជញ្ជក់ម្រាមដៃ

កុមារដែលបៀមម្រាមដៃ ឬមេដៃរបស់ពួកគេ បន្ទាប់ពីធ្មេញចាប់ផ្តើមដុះ។ ជាធម្មតានៅចន្លោះអាយុ ៥ ឬ ៦ឆ្នាំ អាចនឹងបណ្តាលអោយមានការផ្លាស់ប្តូរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធរបស់ធ្មេញនិងថ្គាម។ ជាពិសេស ការជញ្ជក់ម្រាមដៃអាចបង្កអោយធ្មេញមានរបៀបមិនរៀបរយ។ នេះអាចនាំអោយមាន បញ្ហាមួយចំនួន ដែលក្នុងនោះរួមមានបញ្ហា លំបាកក្នុងការទំពារនិងដកដង្ហើម។ ដូច្នេះ សូមអ្នកជួយទប់ស្កាត់កូនរបស់អ្នកកុំអោយបៀម ឬជញ្ជក់មេដៃទៀត។

#២. ដុសធ្មេញបន្ទាប់ពីអាហារពេលព្រឹក

អ្នកគួរតែដុសធ្មេញអោយបានឆាប់ នៅពេលដែលអ្នកក្រោកឡើង ដើម្បីកំចាត់នូវបាក់តេរីដែលបានកើតឡើងនៅក្នុងមាត់របស់អ្នក ពេញមួយយប់នោះ។ មិនមែនបរិភោគជាមួយបាក់តេរី រួចទើបធ្វើការសំអាតក្រោយនោះទេ។ វិធីល្អបំផុតគឺក្រោយបរិភោគអាហារពេលព្រឹក អ្នកគួរលាងជំរះជាមួយទឹកថ្នាំខ្ពុលមាត់បន្ថែមទៀត។

#៣. ដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច

អ្នកគួរតែរង់ចាំពី ៣០ - ៤០ នាទី ដើម្បីអនុញ្ញាតអោយទឹកមាត់ធ្វើការបន្សាប កំរិត pH ដែលបង្កឡើងដោយអាហារនិងភេសជ្ជៈ។ ប្រសិនបើអ្នកដុសសំអាតចេញនូវអាស៊ីតក្នុងមាត់ភ្លាមៗនោះ ធ្មេញនឹងឆាប់រងសំណឹក និងឆាប់បាត់បង់សំបកធ្មេញ ដែលធ្វើអោយធ្មេញស្រៀវ និងខ្សោយទៅៗទៀតផង។ 

#៤. ដុសធ្មេញខ្លាំងៗពេក

ការដុសសំអាតធ្មេញ របស់អ្នកអោយបានទៀងទាត់ ជាការរក្សានូវអនាម័យមាត់ល្អប៉ុន្តែ ប្រសិនបើអ្នកដុសខ្លាំងពេកនោះ អ្នកអាចនឹងបង្កអោយមានគ្រោះថ្នាក់ទៅវិញទេ។ ការដុសសំអាតធ្មេញរបស់អ្នកខ្លាំងពេក អាចរលាកអញ្ចាញធ្មេញ របស់អ្នក, ធ្វើអោយធ្មេញរបស់អ្នកស្រៀវទៅនឹងភាពត្រជាក់, និងបង្កអោយប្រហោងធ្មេញទៀតផង។

#៥. លាងមាត់នឹងទឹកបន្ទាប់ពីដុសធ្មេញរួច

អ្នកគួរកុំលាងជម្រះមាត់ធ្មេញរបស់អ្នកនឹងទឹកទេ។ នេះដូចជាអ្នកលាងចេញនូវជាតិ ហ្ល័រអ័ររ៉ាយ ដែលមានក្នុងថ្នាំដុសធ្មេញចោលអីចឹង។ ជាតិហ្ល័រអ័ររ៉ាយនេះល្អ សំរាប់ធ្មេញរបស់អ្នក និងជួយការពារធ្មេញពុកបាន។ នៅពេលដែលអ្នកដុសធ្មេញអ្នកគ្រាន់តែខ្ជាក់ចោលនូវថ្នាំដុសធ្មេញដែលមានចេញមកបានហើយ ដោយមិនចាំបាច់លាងទឹកជម្រះទេ។

#៦. ទំពារដុំទឹកកក

ដុំទឹកកកហាក់ដូចជាមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែសីតុណ្ហភាពត្រជាក់ និងភាពរឹងនៃដុំទឹកកក អាចបណ្តាលអោយមានការខូចខាតធ្ងន់ធ្ងរ ចំពោះធ្មេញរបស់អ្នក។ ការទំពារដុំទឹកកកអាចទង្គិច និងទម្លុះសំបកធ្មេញរបស់អ្នក ឬអាចបណ្តាលអោយធ្មេញបែកខូចខាតតែម្តង។ ប្រសិនបើធ្មេញរបស់អ្នក ត្រូវបានបែកឬពុកផុយខ្លះរួចទៅហើយ នោះទឹកកកនឹងបំបែក ក៏ដូចជាបំផ្លាញនូវរចនាសម្ព័ន្ធធ្មេញផងដែរ។

#៧. ប្រើធ្មេញជាឧបករណ៍

មនុស្សជាច្រើនប្រើធ្មេញ ដើម្បីផ្តាច់ស្លាកនៅលើ សម្លៀកបំពាក់, ហែកកញ្ចប់ដំឡូងបារាំង ឬសូម្បីតែមួលគម្របដប។ ការប្រើមាត់របស់អ្នក ទៅជំនួសកន្ត្រៃ ឬប្រដាប់គាស់គម្របហាក់ដូចជាផ្លូវកាត់ដែលងាយស្រួល ប៉ុន្តែវានឹងអាចធ្វើអោយអ្នកមកអង្គុយនៅលើកៅអីពេទ្យធ្មេញទៅវិញទេ។ ប្រសិនបើអ្នកប្រើធ្មេញជាឧបករណ៍បែបនេះ តួធ្មេញរបស់អ្នកនឹងរងការខូចខាត។ ធ្មេញ មានតួនាទីបីយ៉ាង៖ ទំពារអាហារ, និយាយបានប្រក្រតី, និងមើលឃើញស្រស់ស្អាតពេលញញឹមឬសើច។ ក្នុងករណីធ្ងន់ធ្ងរ, ធ្មេញដែលបាក់នឹងត្រូវជំនួសដោយ ការដាំបង្គោល ធ្មេញវិញ។

#៨. ភេសជ្ជៈ

ភេសជ្ជៈ ដូចជាសូដា អាចផ្តល់ផលអាក្រក់សម្រាប់ធ្មេញរបស់អ្នក ព្រោះពួកវាមានជាតិអាស៊ីត ខ្លាំងណាស់។ មនុស្សម្នាក់ៗមិនដឹងថា ពួកគេកំពុងងូតទឹកអាស៊ីតអោយធ្មេញរបស់ពួកគេរាប់ម៉ោងទេ, ជាពិសេសគឺ Coke ដែលធ្វើអោយខូច និងសឹកធ្មេញ ព្រោះពួកវាមានកំរិត pH ទាបបំផុត (អាស៊ីតក៏ខ្លាំងបំផុតដែរ)។ លើសពីនេះទៀត ជាតិអាល់កុលនឹងធ្វើអោយមាត់របស់អ្នកស្ងួត ដោយការកាត់បន្ថយការបញ្ចេញទឹកមាត់ផងដែរ។ មិនមែនត្រឹមតែភេសជ្ជៈដែលមានជាតិអាល់កុលនោះទេ, កុំភ្លេចភេសជ្ជៈផ្សេងទៀតផងដែរ។ ទឹកផ្លែឈើ ឬភេសជ្ជៈមានពពុះឧស្ម័នច្រើនក៏ប៉ះពាល់ធ្មេញរបស់អ្នកដែរ។ ប្រសិនបើអ្នកត្រូវការផឹកភេសជ្ជៈផ្សេងៗ អ្នកគួរប្រើបំពង់ប៊ឺត ដើម្បីកាត់បន្ថយ ជាតិស្ករដែលឆ្លងកាត់ធ្មេញរបស់អ្នក 

#៩. ប្រើឈើចាក់ធ្មេញដោយប្រុងប្រយ័ត្ន

នៅពេលដែលអ្នកប្រើប្រាស់ឈើចាក់ធ្មេញបានត្រឹមត្រូវ វាអាចជួយរក្សាតំបន់ចន្លោះធ្មេញ របស់អ្នកមានអនាម័យស្អាត។ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេ, វានឹងប៉ះពាល់ដល់ ជាលិកាអញ្ចាញធ្មេញរបស់អ្នក បណ្តាលអោយប៉ះពាល់ដល់ធ្មេញថែមទៀតផង។

#១០. បៀមថ្នាំឈឺ ក

ពេលដែលអ្នកឈឺបំពង់ក គំនិតទីមួយនៃការការពារជម្ងឺគឺ បៀមថ្នាំឈឺក ប៉ុន្តែវានឹងធ្វើអោយធ្មេញរបស់អ្នកពុកទៅវិញ។ បើទោះបីជាត្រូវបានចាត់ទុកថាជា ឱសថបំបាត់ក្អក ក៏មួយចំនួន ត្រូវបានផ្ទុកជាតិស្ករច្រើន។ ដើម្បីចៀសវាង អ្នកអាចពិនិត្យរកម៉ាកផលិតផលថ្នាំណាដែលមានធាតុផ្សំពីជាតិស្ករតិចបំផុត។

#១១. សង្កៀតធ្មេញ

សម្រាប់មនុស្សមួយចំនួន ភាពតានតឹងអាចបង្កអោយធ្វើការសង្កៀតថ្គាម ឬធ្មេញ។ វានឹងផ្តល់សម្ពាធធ្ងន់ធ្ងរទៅលើធ្មេញរបស់អ្នក,ក៏ដូចជាធ្វើអោយធ្មេញមានបំណែកតូចៗ, ឬធ្មេញរងការបំបែកតែម្តង៕

ប្រភព៖ EverydayHealth | Independent | BestHealthMag

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]