ខេត្តព្រៃវែង ៖ អ្នកស្រុករស់នៅផ្សារកំពង់សិង្ហ ស្រុកព្រះស្ដេច ប្រមាណ៥០ទៅ៦០នាក់ដែលនៅក្នុងដៃមានកាន់ព្រនង់ និងដុំថ្មផង នោះបានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំង ពេលដែលប៉ូលិសចាប់អូសជនសង្ស័យមា្នក់ចេញពីក្នុងស្រះកំបោ្លក ឡើងមកលើគោក ក្រោយពេលចុះរាវរកជិត៣ម៉ោងទើបឃើញ ដោយអះអាងថាជាចោរ ។ បើទោះបីជាមន្ដ្រីប៉ូលិសប៉ូស្តិ៍រដ្ឋបាលកំពង់សិង្ហខំប្រឹង ការពាររារាំងយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចទប់កំហឹងរបស់ប្រជាពលរដ្ឋបានដែរ គឺជនសង្ស័យមា្នក់នេះត្រូវបានស្វាគមន៍មា្នក់១ដៃ១ជើង និងជាច្រើនព្រនង់ផងដែរ ប៉ុន្តែមិនដល់ថ្នាក់ស្លាប់ទេ ។

ហេតុការណ៍ព័ទ្ធចាប់ជនសង្ស័យខាងលើនេះបាន កើតឡើងតាំងពីម៉ោង១០ព្រឹកថ្ងៃទី២១សីហា នៅចំណុចស្រះទឹកកំបោ្លកមួយកន្លែងដែលស្ថិតនៅពីក្រោយផ្ទះ អ្នកស្រុក ជាប់ផ្លូវជាតិលេខ១ ចំណុចផ្សារកំពង់សិង្ហ ឃុំកំពង់សិង្ហ ស្រុកព្រះស្ដេច ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ប្រមាណជាកន្លះខែមកហើយ នៅផ្សារកំពង់សិង្ហឧស្សាហ៍មានចោរចូលលួចទ្រព្យសម្បត្ដិរបស់ ប្រជាពលរដ្ឋខ្លាំងណាស់ ហើយមិនដែលចាប់បានចោរម្ដងណាទេ ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៩ សីហា កន្លងទៅ ផ្ទះលក់គ្រឿងទេសមួយកន្លែងត្រូវបានចោរគាស់ចូលលួចយកអស់ទូរ ស័ព្ទ ស៊ីមកាតទូរស័ព្ទ និងលុយជាច្រើន ដោយម្ចាស់ផ្ទះមិនបានដឹងថាចោរចូលលួចពីពេលណានោះទេ ។ ប្រភពដដែលនេះបានបន្ដទៀតថា ពេលប្រជាពលរដ្ឋកំពុងតែក្ដៅក្រហាយរឿងនេះស្រាប់ផង នៅវេលាម៉ោងប្រមាណជា៩ព្រឹកថ្ងៃទី២១ សីហា មានយុវជនមា្នក់បានយកទូរស័ព្ទ៣គ្រឿង ស៊ីមកាតមួយកញ្ចប់ និងកាតទូរស័ព្ទមួយកញ្ចប់មកលក់ឱ្យផ្ទះលក់ស្រូវក្នុងផ្សារកំពង់ សិង្ហ ធ្វើឱ្យមា្ចស់ផ្ទះសង្ស័យក៏ប្ដឹងមកសមត្ថកិច្ច ។ ពេលឃើញប៉ូលិសទៅដល់យុវជននោះក៏រត់គេចខ្លួនតាមផ្លូវជាតិលេខ ១ទៅកើត ហើយប៉ូលីសប៉ុស្តិ៍រដ្ឋបាលកំពង់សិង្ហក៏ដេញតាមប្រកៀកប្រកិត រហូតចាប់ខ្លួនបាន នៅចំណុចព្រៃទួលមួយកន្លែងនៅជាប់ផ្លូវជាតិលេខ១ ហើយក៏ដឹកតាមម៉ូតូត្រឡប់មកប៉ុស្តិ៍វិញ ដើម្បីសួរចម្លើយ ។ ប៉ុន្ដែពេលដឹកមកដល់ផ្សារកំពង់សិង្ហជនសង្ស័យក៏លោតចុះពីលើ ម៉ូតូប៉ូលិសរត់ចូលផ្ទះអ្នកស្រុកដែលនៅអមតាមផ្លូវជាតិ តែរត់ទៅលែងរួច ព្រោះនៅក្រោមផ្ទះមួយៗជាស្រះកំបោ្លក ។ ពេលនោះមានបុរស២ទៅ៣នាក់ដែលរត់ដេញតាមពីក្រោយបានទៅទាន់ទាញ បានបំពង់ទីបលេខ២១មួយដើមវាយត្រូវក្បាលជនសង្ស័យវ័យក្មេងនោះ មួយបំពង់ទីបបណ្ដាលឱ្យបែកហូរឈាមពេញផ្ទៃមុខ ទើបជនសង្ស័យបង្ខំចិត្តលោតចូលទៅក្នុងស្រះកំបោ្លកលិបក្នុងទឹក បាត់ទៅ ប៉ុន្តែភ្លាមៗក៏មានអ្នកលោតទៅតាមប្រវាយប្រតប់គា្ននៅក្នុង ទឹកមួយសន្ទុះ ក៏ស្រាប់តែជនសង្ស័យមុជទឹកបាត់លែងងើបតែម្តង ដែលនៅក្នុងស្រះពេញណែនដោយកំប្លោក ។ ដោយបាត់មនុស្សអត់ឃើញងើបបែបនេះទើបអ្នកស្រុកនិងប៉ូលិសនាំ គា្នចុះរាវរកពេញស្រះកំប្លោក ហើយក៏មានអ្នកស្រុករាប់សិបនាក់ មានទាំងក្មេង ទាំងចាស់ នាំគា្នឈរសម្លឹងរកមើលពីលើច្រាំងក្រឡឹងជុំវិញស្រះផងដែរ ក្រែងលោគាត់លូនមកអែបច្រាំង ។

ទាំងប៉ូលិស និងអ្នកស្រុកបានចុះរាវរក និងអ្នកខ្លះឈរចាំមើលពីលើច្រាំងរាប់ម៉ោង រហូតដល់ម៉ោង២និង២០នាទីរសៀល ទើបជនសង្ស័យបង្ហើបក្បាលមកលើផ្ទៃទឹក ដើម្បីដកដង្ហើម ក៏ត្រូវអ្នកស្រុកឃើញ ក៏លោតទៅសង្គ្រប់ចាប់បាន ។ ភ្លាមនោះប៉ូលិសក៏ចុះទៅចាប់អូសឡើងមកលើគោក បណ្ដើរឡើងមកលើផ្លូវ ដើម្បីដាក់ម៉ូតូដឹកយកចេញពីហ្វូងមនុស្ស ដែលតាមប្រហារពីក្រោយពពាក់ពពួន ដោយក្នុងដៃម្នាក់ៗមានទាំងដុំថ្ម និងព្រនង់ ដោយកំហឹង ។ ប៉ុន្តែទោះបីជាបែបណា ប៉ូលិសបានការពារ និងគ្រប់គ្រងស្ថានភាពបាន ដោយនាំជនសង្ស័យគេចផុតពីការប៉ុនប៉ងព្យាយាមកាត់ទោសក្រៅ ច្បាប់ ។

ព័ត៌មានចុងក្រោយបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាននោះ បានសារភាពថា ខ្លួនឈ្មោះប៊ិន សក្តិ អាយុ៣០ឆ្នាំ មានទីលំនៅឃុំកោះសំពៅ ស្រុកពាមជរ ។ ជនរូបនេះសារភាពទៀតថា ខ្លួនបានលួចនៅក្នុងផ្ទះឈ្មោះសៀក វ៉ា កាលពីយប់ថ្ងៃទី១៧ សីហា ដោយធ្វើសកម្មភាពតែម្នាក់ឯង ។ មន្ត្រីប៉ូលិសប៉ុស្តិ៍ឱ្យដឹងថា បន្ទាប់ពីបានចាប់ខ្លួនជនសង្ស័យត្រូវបាននាំទៅកាន់អធិការ ដ្ឋានស្រុក ចំណែកមុខរបួសរបស់ជនសង្ស័យទុកឱ្យស្រុកពិនិត្យ និងព្យាបាលមុនពេលកសាងសំណុំរឿងទៅកាន់ស្នងការដ្ឋានខេត្ត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]