ការរៀនភាសាមួយថ្មីតម្រូវ និងទាមទារឱ្យមាន ការខិតខំប្រឹងប្រែងច្រើន ព្រមទាំងគិតថាវាជាការលំបាកសំរាប់មនុស្សធំ ទើបគេសង្កេតឃើញម្តាយឪពុកជំរុញកូនឲ្យរៀនភាសាតាំងពីវ័យកុមារ។ ប៉ុន្តែមិនទាន់ហួសពេលទេ ប្រសិនបើអ្នកធ្វើតាម តិចនិកជាក់លាក់មួយចំនួន អ្នកនឹងអាចឆាប់រៀនចេះភាសាថ្មីទាំងនោះ។ តាមជំហានខាងក្រោមនេះនឹងផ្ដល់ឱ្យអ្នកនូវមូលដ្ឋានដ៏ល្អនៅ ក្នុងការសិក្សាភាសាថ្មីមួយដោយខ្លួនឯង។

១. ជ្រើសរើសភាសាដែលអ្នកពិតជាចង់រៀន

អ្នកត្រូវជ្រើសរើស ភាសាណាមួយអាស្រ័យលើចំណង់ ដែលជំរុញទឹកចិត្ដអ្នក។ ឧទាហរណ៍ នៃហេតុផលសម្រាប់ការជ្រើសរើសភាសារួមមាន:

• ទាក់ទងកម្មវិធីសិក្សារបស់អ្នក

• ទាក់ទងនឹងកន្លែង ដែលអ្នកចង់ធ្វើទៅលេង ឬកន្លែងដែលត្រូវផ្លាស់ទីលំនៅទៅ

• ទាក់ទងគោលបំណងអាជីវកម្ម កិច្ចការស្រាវជ្រាវ ឬការងារ

• សមាជិកក្រុមគ្រួសាររបស់អ្នក ឬមិត្តភក្តិចេះភាសាណាមួយ ហើយអ្នកចង់រៀនដើម្បីចូលរួមនិយាយជាមួយពួកគេ -ល-។

ប្រសិនបើអ្នកមិនមាន ហេតុផលល្អក្នុងការរៀនភាសាណាមួយទេ អ្នកនឹងមិនអាចជំរុញខ្លួនឯងឲ្យរៀន បានរយៈពេលយូរឡើយ។ 

២. សម្ភារៈសិក្សា

រៀនដដែលៗបានច្រើន ម្តងបន្តិចៗអ្នកនឹងចងចាំគ្រប់យ៉ាង ពីអ្វីដែលអ្នករៀន ឧទាហរណ៍ ការចាក់សម្លេង (Audio) ដើម្បីស្តាប់ម្តងហើយម្តងទៀត ជាដើម។ នេះជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍវាក្យសព្ទ ហើយសំខាន់ជាងនេះទៅទៀត គឺជួយដល់ការបញ្ចេញសំឡេងរបស់អ្នកផងដែរ។ អ្នកអាចចំនាយប្រាក់ខ្លះ ទៅលើសៀវភៅភាសា ដែលអ្នកចង់រៀន តាមបណ្ណាគារផ្សេងៗ ឬក៏អ្នកអាចចូលទៅ Google និង Yahoo ដើម្បីស្វែងរកប្រភពផ្សេងទៀតជាច្រើន ដែលអ្នកអាចរៀនភាសា ណាមួយបានដោយឥតគិតថ្លៃ។

៣. ចាប់ផ្តើមរៀន

នៅពេលដែល អ្នកប្រមូលផ្តុំប្រភពដែលអ្នកអាចរៀនបានរួចមក អ្នកអាចចាប់ផ្តើមរៀនបានហើយ។ បង្កើតទម្លាប់មួយឲ្យបានទៀងទាត់ និងកំណត់ថាត្រូវរៀន យ៉ាងហោចណាស់ 10ពាក្យថ្មីក្នុងមួយថ្ងៃជាដើម។

៤. តាមសម្រួល

អ្នកគួរកំណត់កាលវិភាគថា អ្នកនឹងរៀនយ៉ាងតិច 15 ទៅ 30 នាទីក្នុងមួយថ្ងៃប្រសើរជាងសំរុករៀនច្រើនមេរៀនក្នុងពេលតែមួយ។ បន្ទាប់ពីរៀនរួច គួរតែចំនាយពេល សេសសល់តិចតួចព្យាយាម ស្វែងរកអ្វីដែលទាក់ទងនឹងភាសាថ្មីៗ តាមអ៊ិនធឺណេតបន្ថែមវិញ។

៥. និយាយតែម្នាក់ឯង

នៅពេលដែលអ្នក គ្មានអ្នកណាម្នាក់អាចនិយាយជាមួយ វាគ្មានអ្វីខុសទេ បើអ្នកនិយាយតែម្នាក់ឯងនោះ។ វិធីនេះអាចរក្សាទុកនូវឃ្លា, ពាក្យថ្មីៗអោយនៅជាប់ក្នុងគំនិតរបស់អ្នក និងជួយបង្កើនទំនុកចិត្ត ពេលដែលអ្នកនិយាយជាមួយនរណាម្នាក់ផ្សេងទៀត នៅពេលក្រោយ។

៦. បង្កើតការរីករាយ

ឧទារហណ៍ ហ្គេមជាច្រើនសុទ្ធតែអាចផ្លាស់ប្តូរភាសាបាន ដូច្នេះអ្នកអាចប្តូរទៅជាភាសានៅក្នុងហ្គេម ដែលអ្នកកំពុងរៀនបាន។ ទោះបីជាអ្នកធ្លាប់លេង ធ្លាប់ដឹងពី Game ទាំងនោះក៏ដោយ ប៉ុន្តែអ្នកនឹងឃើញពាក្យថ្មីផ្សេងទៀត អំឡុងការលេងរបស់អ្នក។  

៧. ព្យាយាមប្រើប្រាស់ភាសាប្រចាំថ្ងៃ

មានវិធីជាច្រើនដែលធ្វើឲ្យការសិក្សាភាសា កាន់តែមានភាពងាយស្រួល។ អ្នកអាចចាប់ផ្តើមប្រើប្រាស់ជាមួយពាក្យធម្មតាៗ (ខ្ញុំ, គាត់, នាង, ពួកគេ), ពាក្យទាក់ទងនឹងអាហារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ និងពាក្យជាមូលដ្ឋានមួយចំនួន (ជំរាបសួរ, ជំរាបលា -ល-) ។

៨. ស្តាប់ឲ្យបានច្រើន

អ្នកត្រូវតែរៀនស្តាប់ មុនពេលដែលអ្នកអាចនិយាយបាន។ នៅពេលដំបូង អ្នកអាចស្តាប់ឮការបញ្ចេញសំលេងចម្លែកៗ មិនធ្លាប់លឺ ប៉ុន្តែនៅពេលដែលអ្នក បន្ស៊ាំខ្លួនអ្នកបាន អ្នកនឹងមានមានភាពងាយស្រួល ដើម្បីនិយាយបានត្រឹមត្រូវជាងមុនទៅទៀត។

៩. ធ្វើការអនុវត្តន៍

អ្នកអាចស្វែងរកមិត្តភក្តិបរទេស ដែលនិយាយភាសាអ្នកកំពុងរៀន និងធ្វើការទំនាក់ទំនង ជាមួយមិត្តថ្មីរបស់អ្នក មិនថាតាមបណ្តាញសង្គមណាមួយទេ (Facebook, Twitter, Skype…)។

នៅពេលដែលអ្នកគិតថាស្ទាត់ជំនាញពាក់កណ្តាលហើយ, អ្នកអាចកែប្រែភាសានៅក្នុងបណ្តាញ សង្គមរបស់អ្នក ទៅជាភាសាដែលអ្នកកំពុងរៀន ដើម្បីអោយកាន់តែមានភាពស្ទាត់ជំនាញ។

១០. ធ្វើខ្លួនឲ្យដូចជាក្មេង

គន្លឹះក្នុងការរៀនសូត្រ យ៉ាងឆាប់រហ័សដូចកូនក្មេងនោះគឺ យោងតាមឥរិយាបថរបស់ពួកគេមួយចំនួនដូចជា មិនសូវខ្វល់ខ្វាយ, រៀនគួបផ្សំនឹងការលេង និងចេះតែបង្កើតកំហុស។ មានន័យថាយើងមិនត្រូវខ្វល់ មិនត្រូវភ័យ ឬខ្មាសគេពីការបង្កើតកំហុសក្នុងការប្រើប្រាស់ភាសាទេ។ មនុស្សម្នាក់ៗអាចរកត្រូវបានដោយសារកំហុស។ 

ប្រភព៖ WikiHow | Babbel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]