ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់​ល្បិច​ខ្ពស់គំនិតថោកម្នាក់បានប្រើកលល្បិចល្បួង​លួង​លោមក្មេងស្រីអាយុ១៤ឆ្នាំ ម្នាក់​យកទៅ​រំលោភក្នុងគម្ពោតព្រៃក្បែរមាត់បឹង ដោយ​អះ​អាងថា នាំ​ទៅ​ចូលរូប ដើម្បីយកកំណប់ដែល​ក្មេង​ស្រីនោះ​មាន​ពីអតីតជាតិ ត្រូវបានកម្លាំង​នគរ​​​បាល​ស្រុក​មង្គល​បូរី ចាប់ឃាត់ខ្លួនបញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរ​បាលខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួល​​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​​រង​គ្រោះ និង​តាម​បញ្ជា​របស់​​ព្រះ​​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​ខេត្ត កាលពី​វេលាម៉ោង១រសៀល​ថ្ងៃ​​ទី​២១ កុម្ភៈ ២០១២ នៅចំណុចវាលស្រែ​ខាង​ត្បូង​ភូមិ​ព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរី​សោភ័ណ ។

លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការ​នគរ​បាលស្រុកមង្គលបូរី បានប្រាប់ឲ្យដឹងថា បុរសល្មោភកាមនេះឈ្មោះនិត ថន អាយុ​៥៨​ឆ្នាំ រស់នៅភូមិគោក ឃុំគោក ស្រុកបវេល ខេត្តបាត់​ដំបង ជាគ្រូថ្នាំផ្សំថ្នាំបុរាណ ។ លោកអធិការ​បាន​បន្តថា តាមការរៀបរាប់​ពី​ក្មេងស្រីរងគ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​រៀង​​រាល់​ថ្ងៃ​​នាង​តែង​តែ​ឈឺ​ក្បាល​​ ហើយ​ម្តាយ​បាន​ទៅ​ទិញ​ថ្នាំ​​ខ្មែរ​ពី​តា​តណ្ហា​​ក្រាស​នេះ យក​មក​ស្ងោរ​ផឹក ដោយ​ជា​និច្ច​កាល​តា​នេះ​តែង​ទូរស័ព្ទ​​មក​សួរ​ម្តាយ​ពីជំងឺ​របស់​នាង ។ លុះ​​នៅ​ថ្ងៃកើតហេតុ​​ជន​សង្ស័យ​បាន​ទូរស័ព្ទមក តែម្តាយមិននៅ​ក៏ត្រូវ​នាង​លើក​​ទទួល​ ស្រាប់​តែ​ជនសង្ស័យ​បាននិយាយ​ណាត់​នាង​ឲ្យ​ទៅ​ជួបនៅផ្លូវកែង ក្នុងភូមិព្រះស្រែ ដើម្បី​ទៅ​ចូល​រូប​យកកំណប់ ព្រោះនាងមាន​កំណប់​ទ្រព្យ​ពី​អតីតជាតិ​កប់​ទុក​នៅនឹងដំបូក​មួយ​កន្លែង  ។

ប្រភពព័ត៌​​មាន​ឱ្យ​ដឹង​ទៀតថា ខណៈ​ទៅ​ដល់​ដំបូក​មួយ​គាត់​និយាយ​ថា នៅ​កន្លែងនោះ មាន​មនុស្សច្រូតស្រូវចូលរូប​មិន​​កើត​ទេ ការដែល​ចូល​រូបយកកំណប់នេះ លុះ​ត្រា​តែ​កន្លែង​ស្ងាត់ ទើប​​ចូលរូប​​កើត​ និង​បាន​​ប្រាប់​ពី​កន្លែង​កប់​កំណប់ ប៉ុន្តែ​​ពេល​​ទៅ​ដល់​កន្លែង​​ស្ងាត់​​គាត់​ចាប់​​រំលោភ​​សេពសន្ថវៈ​​តែម្តង ដោយ​មាន​ទំនុក​ចិត្ត​លើ​គាត់​ថា នឹង​បាន​កំណប់​​ទើប​ន​ាង​មិន​ហ៊ាន​ស្រែក ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]