បរទេស៖ វាមិនមែនជារឿងប្លែកអ្វីនោះឡើយ ដែលតែងតែមានការនិយាយតៗគ្នា និងការសន្និដ្ឋានជាច្រើនបែប របស់ក្រុមអ្នកជំនាញមួយចំនួន ជុំវិញលក្ខណៈពិសេស និងការរចនារូបរាងថ្មីស្រឡាង ទៅលើឧបករណ៍ជំនាន់ក្រោយនានា របស់ក្រុមហ៊ុន Apple។

តួយ៉ាងដូចជា នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានលើកឡើងថា ផលិតផលជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ពោលគឺទូរស័ព្ទស្មាតហ្វូន iPhone 7 នឹងរចនារូបរាងថ្មី ខុសពីស៊េរីមុនៗ ដោយវានឹងមិនមានប៊ូតុង Home ទៀតនោះទេ។ 

រូបរាងរបស់ទូរស័ព្ទ iPhone 7 ដែលត្រូវបានក្រុមអ្នកជំនាញ ប៉ាន់ស្មានរចនាឡើង

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍ជាច្រើន ក្នុងនោះរួមមាន ប្រភពដ៏គួរឲ្យទុកចិត្តចេញពីប្រទេសចិន បានឲ្យដឹងថា ទូរស័ព្ទ iPhone 7 នឹងលែងមានរូបរាងប៊ូតុង Home ដែលជានិមិត្តសញ្ញា តាំងពីដើមរៀងមកមួយ របស់ប្រភេទទូរស័ព្ទ iPhone ហើយជំនួសមកវិញនូវ ប៊ូតុងឌីជីថល ដែលទទួលដឹង តាមរយៈការប៉ះពាល់ (touch-sensitive)។

ជាមួយគ្នានេះដែរ វេបសាយរបស់ចិន មួយទៀតហៅថា Storm ក៏បានលើកឡើងមកថា ប៊ូតុង Home ដែលអាចមាននៅលើទូរស័ព្ទ iPhone 7 នឹងអាចដាក់បញ្ចូលនូវ ប្រភេទម៉ាស៊ីនដែលធ្វើការឆ្លើយតប តាមរយៈការស្ទាប ឬក៏ប៉ះពាល់ ដែលធ្លាប់បានដាក់បញ្ចូលទៅក្នុង Trackpad របស់ MacBook ក្នុងបំណងបង្កើតឲ្យមាន រូបរាងនៃប៊ូតុង Home បើទោះជាវា មិនបានលេចឡើង នៅលើអេក្រង់ខាងមុខ ដូចឧបករណ៍ស៊េរីមុនៗ យ៉ាងណាក្តី។

មិនត្រឹមតែលក្ខណៈពិសេសមួយនេះ ដែលត្រូវបានគេនិយាយតៗគ្នា អំពីការកែប្រែថ្មីនោះទេ នៅមានលក្ខណៈពិសេសច្រើនផ្សេងទៀត ដែលគេជឿថា នឹងមានការកែប្រែ និងដាក់បញ្ចូលថែម ទៅលើទូរស័ព្ទ iPhone 7។

គូសបញ្ជាក់ផងដែរថា ប៊ូតុង Home (Home Button) គឺតែងតែមានដាក់បញ្ចូល នៅលើគ្រប់ប្រភេទ ទូរស័ព្ទ iPhone ទាំងអស់ ពោលគឺតាំងពីស៊េរីដើម ដែលបានបង្ហាញខ្លួន នៅក្នុងឆ្នាំ២០០៧ មកម្ល៉េះ ហើយយើងនឹងចាំមើលថា តើប៊ូតុង Home ពិតជាមានការផ្លាស់ប្តូរ ចំពោះឧបករណ៍ជំនាន់ក្រោយនេះ ឬយ៉ាងណា៕  

លក្ខណៈពិសេសផ្សេងទៀត ដែលអាចនឹងមាននៅលើ iPhone 7
លក្ខណៈពិសេសផ្សេងទៀត ដែលអាចនឹងមាននៅលើ iPhone 7

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

ក្រៅពីនេះ ដំណឹងថ្មីៗជាច្រើន ចេះតែមានឡើងជាបន្តបន្ទាប់ សម្រាប់ទូរស័ព្ទជំនាន់ថ្មីនោះគឺ iPhone 7 និង iPhone 7 Plus តែសម្រាប់លើកនេះ គឺហាក់បានធ្វើឲ្យ មានការភ្ញាក់ផ្អើលខ្លាំងបន្តិច ដែលនោះគឺជាដំណឹងមួយ លើកឡើងថាប្រភេទទូរស័ព្ទថ្មីទាំងនេះ នឹងមិនមានរន្ធសម្រាប់ ដោតកាសស្តាប់ ដូចមុនឡើយ។

យោងតាមប្រភពព័ត៌មាន ដែលទទួលបានពី ទំព័រសារព័ត៌មានរបស់ ប្រទេសចិន បានឲ្យដឹងថា ប្រភពមួយចំនួននៅក្នុង ក្រុមហ៊ុនជាដៃគូ និងជាអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុន Apple បានអះអាងថា ទូរស័ព្ទដៃ iPhone 7 និង​ iPhone 7 Plus នឹងលែងមានរន្ធសម្រាប់ ដោតកាសស្តាប់ ដូចមុនទៀតហើយ ជំនួសដោយការភ្ជាប់តាមរយៈ Wireless Bluetooth ឬក៏ Lightning Connector វិញ។

ប្រភពដដែលបានបន្តទៀតថា ផលិតផលជំនាន់ថ្មីរបស់ Apple ត្រូវបានគេរំពឹងថា នឹងដាក់ចេញលក់ ជាមួយនឹងកាសស្តាប់ប្រភេទ Wireless ប៉ុន្តែនេះក៏មានន័យថា សម្រាប់កាសស្តាប់ធម្មតា នឹងមិនអាចដំណើរការ ជាមួយទូរស័ព្ទប្រភេទ iPhone 7 និង iPhone 7 Plus ទាំងនេះបានឡើយ។

យ៉ាងណាមិញ ដំណឹងមួយនេះ ហាក់បានធ្វើឲ្យអ្នកនិយម ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនប្រភេទ iPhone មានភាពមិនសប្បាយចិត្តនោះឡើយ ហើយក៏មានក្រុមមនុស្ស មួយចំនួនតូចបានធ្វើការ ស្នើសុំឲ្យខាងក្រុមហ៊ុន ពិនិត្យឡើងវិញនូវចំណុចមួយនេះ ប្រសិនណាបើដំណឹងដែលថា ទូរស័ព្ទជំនាន់ថ្មី ពិតជាមិនមានរន្ធសម្រាប់ ដោតកាសស្តាប់ ពិតប្រាកដមែននោះ។

គូសបញ្ជាក់ផងដែរថា ដំណឹងមួយនេះ បានក្លាយទៅជាចំណុច ដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយ ក៏ព្រោះថាកាសស្តាប់ម៉ាកល្បីៗ និងមានសមត្ថភាពខ្ពស់ដែលដំណើរការបាន ដោយការដោតចូលក្នុងឧបករណ៍ ត្រូវបានចរាចរដាក់លក់ នៅលើទីផ្សាររួចមកហើយ ដូច្នេះប្រសិនណាទូរស័ព្ទជំនាន់ថ្មី iPhone 7 និង iPhone 7 Plus ពិតជាមិនមានរន្ធ សម្រាប់ដោតកាសមែននោះ គឺវាបានធ្វើឲ្យ អ្នកទិញ និងអ្នកផលិត មិនទទួលបានផលចំណេញ អ្វីឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]