ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា យ៉ាងហោចណាស់ មនុស្ស​៧​នាក់​បានស្លាប់ និងរង​​​របួសធ្ងន់​-​ស្រាល​​២៩​​នាក់ ក្នុង​​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​ដ៏​គួរ​ឱ្យ​រន្ធត់ រវាង​រថយន្តក្រុង​របស់​ក្រុមហ៊ុន (​ជី អេស​) បុក​ជាមួយ​រថយន្ត​ប្រភេទ​យី​ឌុ​ប​ធុន​​ធំ កាលពី​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ថា ជំហាន​ដំបូង​គេ​មិន​ទាន់​ ស្គាល់​អត្តសញ្ញាណ​ ជន​រង​គ្រោះ​ ដែល​ស្លាប់ និង​រង​របួស​នោះ​ទេ ខណៈ​ត្រូវ​គេ​បញ្ជូន​ ទៅ​សង្គ្រោះ​ភ្លាម​ៗ ​គ្រាន់តែ​ដឹង​ថា ភាគច្រើន​គឺជា​អ្នក​ជិះ​ក្នុង​រថយន្តក្រុង ។ រថយន្តក្រុង​ខាងលើ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D-3906 ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅខេត្ត​​បាត់ដំបង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​​​យី​ឌុ​បខាងលើ​នោះ ​ក្នុង​ទិស​ដៅ​​បញ្ច្រាស​គ្នា​​ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរាគមន៍ និង​រក​​សាកសព​ជន​រង​គ្រោះ​ចេញពី​រថយន្ត​ដែល​កៀបសង្កត់​នោះ ។ ​

ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ 

គួររំលឹកឡើងវិញផងដែរថា មនុស្ស​ម្នាក់​​​ស្លាប់​​​ភ្លាមៗ ​និង២៧នាក់ទៀត​រង​របួស​ធ្ងន់-ស្រាល ក្នុងហេតុការណ៍​​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ កាលពី​វេលា​ម៉ោង០​៤ ​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​០៨ មេសា​ ២០១៦ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​​លេខ​៦ ខាងលិច​ស្ពាន​តា​ប៉ុន​ចម្ងា​យ​ប្រមាណ​២០​ម៉ែត្រ ត្រង់​ផ្លូវបំបែក ​​ក្នុងភូមិ​តា​ប៉ុន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយ​មាន​ជ័យ ។

​ប្រភព​ឱ្យ​​ដឹង​​ថា​ ​​​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​១​គ្រឿង​ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​​2V-7361 ផ្ទុក​មនុស្ស​មក​ពី​ថៃ​​ចំនួន​២៨នាក់ ដែលអ្នក​បើកប​រ​ឈ្មោះ​បឿន បួន ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ មានលំ​នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​​/​ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ​បាន​ធ្វើ​ដំណើរ​​ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កើត ។ លុះ​​មក​ដល់​ចំណុច​​ផ្លូវបំបែក​ខាងលិច​ស្ពាន​តា​ប៉ុន​ ជិត​ព្រំប្រទល់​ស្រុក​ក្រឡាញ់​ ខេត្តសៀម​រាប បាន​បុក​​ជាមួយ​រថយន្ត​ច្នៃ​ដឹកឥដ្ឋ​ ដែល​បើកបរ​ដោយ​ឈ្មោះ​កែវ វ៉ិ​ត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ធ្លាក់​យល់ ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ ។​ ​ក្រោយ​​​កើតហេតុ​ ជន​រង​គ្រោះ​រងរបួសធ្ងន់-​ស្រាល​​នោះ ត្រូវ​​​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ព្រះនេត្រព្រះ​ និង​ស្រុក​ក្រឡាញ់​ផង​ដែរ​។

ប្រភព​ដដែល​​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​រថយន្ត​សាំ​យ៉ុ​ង ផ្ទុក​មនុស្ស​លើស​​ចំណុះ បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​កើតហេតុ​ជា​ចំណុច​ផ្លូវ​​កោង ស្រប​ពេល​នោះ​ មាន​ភ្លៀង​ធ្លាក់​​​នោះ​មិន​បន្ថយល្បឿន ទើប​​ជ្រុល​ចង្កូត​ទៅ​បុក​រថ​យន្ត​ច្នៃ​ដឹក​ឥដ្ឋតែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]