ចិន៖ នៅលើលោកនេះ មានវត្ថុ និងរឿងរ៉ាវប្លែកៗជាច្រើន ដែលយើងមិនធ្លាប់បានដឹង និងធ្លាប់បានឃើញ តួយ៉ាងដូចជា មានជណ្តើរយន្តប្រអប់មួយ ស្ថិតនៅកណ្តាលវាល តែកម្ពស់របស់វា គឺខ្ពស់ជាងគេក្នុងពិភពលោក ដែលបានធ្វើឲ្យមនុស្សជាច្រើន មិនហ៊ានឡើង តាមជណ្តើរយន្តប្រអប់នោះឡើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជណ្តើរយន្តប្រអប់នៅកណ្តាលវាល មួយនេះត្រូវបានគេហៅថា Bailong Elevator ស្ថិតនៅតាមជួរភ្នំមួយ ក្នុងខេត្តហួណាន របស់ប្រទេសចិន ហើយអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះ គឺកម្ពស់ដ៏សែនខ្ពស់របស់វា ដែលមានរហូតទៅដល់ ៣៣០ម៉ែត្រ ឯណោះ និងក្លាយទៅជាជណ្តើរយន្តកណ្តាលវាល (outdoor) មួយដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោក។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ជណ្តើរយន្តប្រអប់នេះ ធ្វើឡើងអំពីកញ្ចក់ និងអាចដឹងមនុស្សចំនួន ៥០នាក់ក្នុងពេលម្តង ដែលចំណុចទាំងនេះហើយ អាចធ្វើឲ្យអ្នកជិះទាំងនោះ មើលឃើញនូវទិដ្ឋភាពទាំងអស់ មិនថានៅក្រោម ឆ្វេង ឬស្តាំឡើយ ហើយក៏អាចជាមូលហេតុធ្វើឲ្យ មនុស្សមួយចំនួន មានការតក់ស្លុត និងលស់ព្រលឹងផងដែរ។

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើនហើយ សុទ្ធតែត្រូវទន់ដៃទន់ជើង វិលមុខ ក្រោយពីបានឡើងជិះជណ្តើរយន្តប្រអប់មួយនេះ ដូច្នេះហើយទើបធ្វើឲ្យ ជណ្តើរយន្តប្រអប់ Bailong ក្លាយទៅជាទីចាប់អារម្មណ៍មួយ របស់អ្នកទេសចរ៕

ចង់ដឹងថាជណ្តើរយន្តប្រអប់ ដែលខ្ពស់ជាងគេបំផុត ក្នុងពិភពលោកយ៉ាងណានោះ សូមទស្សនារូបភាពទាំងអស់គ្នា៖ 

វីដេអូដែល ភ្ញៀវទេសចរទៅកំសាន្ត និងបានថតទិដ្ឋភាពនៅទីនោះ

ប្រភព៖ Metro

កំណត់ហេតុខ្មែរឡូត៖

ងាកចេញពី ជណ្តើរយន្តប្រអប់​ដែលខ្ពស់ជាងគេ ក្នុងពិភពលោក របស់ប្រទេសចិន ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានដឹងរួចមកហើយ នូវតំបន់ទេសចរណ៍ដ៏សំបូរបែប នៃទីក្រុងឆ្នេរខ្សាច់ អមដោយអគារខ្ពស់ៗល្អប្រណិត ដែលទីចាប់អារម្មណ៍របស់មនុស្សគ្រប់រូប និងប្រាថ្នាចង់ទៅ ដែលទីនោះគឺទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមតែម្តង។

តួយ៉ាងបើតាមប្រភពសារព័ត៌មានបានចេញផ្សាយ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ទីក្រុងឌូបៃគ្រោងនឹងសាងសង់អគារខ្ពស់កប់ពពក ល្អដាច់គេលើពិភពលោក ដែលនឹងចំណាយទឹកប្រាក់រាប់លានដុល្លារ។

ជាមួយគ្នានេះដែរ ការសាងសង់នូវអគារកប់ពពកថ្មីមួយនេះ នឹងក្លាយទៅជាអគារខ្ពស់ទីពីរ បន្ទាប់ពីអគារ Burj Khalifa នៃទីក្រុងឌូបៃ។ ចំណែកការឌីហ្សាញអគារ រចនាឡើងបំពាក់ដោយការបង្វិលតួយ៉ររបស់អគារ​ និងលំអរទៅដោយសួនច្បារ អាចទស្សនាទេសភាពស្អាតៗ ហាក់បីដូចជានៅក្នុងរឿងទេវកថា (រឿងមិនគួរឲ្យជឿ) យ៉ាងដូចច្នោះដែរ។

លោក Mohamed Alabbar នាយកក្រុមហ៊ុនEmaarមានប្រសាសន៍ថា អគារខ្ពស់កប់ពពកមួយនេះ នឹងមានកម្ពស់ខ្ពស់ជាងអគារចាស់ Burj Khalifa (កម្ពស់៨២៨ម៉ែត្រ) ទៅទៀត។

ប្រភពបន្តថា អគារខ្ពស់កប់ពពកនេះ នឹងមានសណ្ឋាគារ ភោជនីយដ្ឋាន និងយ៉រកញ្ជក់ ដែលអាចបង្វិលទៅផ្នែកខាងក្រៅ នៃជញ្ជាំងអគារបានផងដែរ។

គួរបញ្ជាក់ដែរថា អគារថ្មីនេះ ចំណាយទឹកប្រាក់សាងសង់ប្រមាណជា ១ពាន់លានដុល្លារ។ ចំណែកកម្ពស់អគារវិញ ពុំទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]