ឥណ្ឌា៖ គួរឲ្យអាណិតទារកម្នាក់ កើតមកមានក្បាលពីរ ខុសប្រក្រតី តែត្រូវបានទទួលការវះកាត់ដោយជោគជ័យ។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ទារកម្នាក់ឈ្មោះ Yamanoor Naranal កើតមកមានដូចជា ដុំពកដែលផ្ទុកនូវសារធាតុរាវម្យ៉ាង នៅផ្នែកខាងក្រោយនៃលលាដ៍ក្បាល ហើយជំងឺមួយនេះ បង្កឲ្យកាន់តែរីកធំឡើងៗ។

លោក Karriappa Naranal អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ Shridevi Naranal អាយុ២៨ឆ្នាំ ដែលត្រួវជាអាណាព្យាលរបស់ក្មេងប្រុសរងគ្រោះ មានស្រុកកំណើតនៅក្នុងភូមិ Tavariyara ស្ថិតនៅភាគខាងត្បូងរដ្ឋ Karnataka នៃប្រទេសឥណ្ឌា មានប្រសាសន៍ថា ក្រោយពេលដែលកូនប្រុសសំណព្វរបស់គាត់កើតមក ពួកគាត់គ្មានសង្ឃឹមថានឹងមានវិធីព្យបាលឡើយ។

ប្រភពបន្តថា ពីរនាក់ប្តីប្រពន្ធគាត់ បានទៅមន្ទីរពេទ្យរដ្ឋមួយកន្លែងនៅជាយក្រុង Kustagi ជាច្រើនលើកច្រើនសារ ដើម្បីសុំជំនួយ ប៉ុន្តែនៅតែមិនអាចជួយបាន រហូតដល់ពួកគាត់ទាំងពីរអស់សង្ឃឹម ក្នុងការស្វែងរកវិធីព្យាបាលទៅហើយ។ សំណាងល្អ មានបុគ្គលិកផ្នែកសុខាភិបាលម្នាក់ បានផ្តល់យោបល់ឲ្យលោក Kariappa ដែលជាឪពុករបស់ទារកនោះ ឲ្យធ្វើដំណើរទៅទីក្រុង Bangalore ដើម្បីយកទារកទៅពិនិត្យនិងព្យាបាល ព្រោះថាមន្ទីរពេទ្យនៅទីនោះប្រសើរជាង។ ក្រោយមករូបគាត់ក៏សម្រចចិត្តទៅទីនោះតែម្តង។ លោក Karriappa ខំធ្វើការជាកម្មករសំណង់យ៉ាងលំបាក ពីមួយថ្ងៃទៅមួយថ្ងៃ ដោយរកចំណូលបានត្រឹមតែ ៣ដុល្លារអាមេរិក តែប៉ុណ្ណោះ ដើម្បីសន្សំទុកព្យាបាលកូន។

កាលពីមុនមានគ្រូពេទ្យជាច្រើនបានប្រាប់គាត់ថា កូនរបស់គាត់អាចនឹងមានអត្រាស្លាប់រហូតដល់ ៩០ភាគរយ ប្រសិនណាមិនធ្វើការវះកាត់ ហើយក៏មិនអាចធានាបានទេថា ការវះកាត់នោះទទួលបានជោគជ័យ ឬយ៉ាងណានោះទេ។ ប៉ុន្តែនៅពេលដែលគាត់បានមកដល់ Bangalore គ្រូពេទ្យបានប្រាប់គាត់ថា កូនរបស់គាត់មានសង្ឃឹមរស់ ៥០ភាគរយ ដែលធ្វើឲ្យគាត់កាន់តែមានសង្ឃឹមខ្លាំងជាងមុន។ ក្រោយមកកូនគាត់ ត្រូវបានធ្វើការវះកាត់ ដែលចំណាយពេលប្រមាណជាង ៦ម៉ោង នៅឯមន្ទីរពេទ្យ Sapthagiri ដើម្បីយកដុំពកនោះចេញ ដែលមានអង្កត់ផ្ចិតប្រមាណជា ១៧ទៅ២០សង់ទីម៉ែត្រ ដែលវាមានទំហំស្មើនឹងក្បាលរបស់ទារកទៅហើយ។ 

គួរបញ្ជាក់ដែរថា ក្រោយមកទារករងគ្រោះក៏ត្រូវបានចេញពីមន្ទីពេទ្យ ត្រឡប់ទៅផ្ទះវិញហើយជាធម្មតា តែយ៉ាងណាក៏ត្រូវតែមកពិនិត្យស្ថានភាពបន្តរៀងរាល់៣ខែម្តងផងដែរ។

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]