ភ្នំពេញ​ ៖ ជនសង្ស័យ ០២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ឫស្សីកែវ​ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបាន​ ចូលទៅក្នុងផ្ទះសំណាក់ បែកគំនិតលួចយកទូរទស្សន៍​ នៅម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះ សំណាក់បឹងកំសាន្ត ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ​ បានឲ្យដឹងថា​ ជនសង្ស័យទាំង ទី១ មានឈ្មោះ តាំង ប៊ុនតេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងទី២ ឈ្មោះ សរ លាភ ភេទ ស្រី អាយុ ៣៨ឆ្នាំ ត្រូវជាប្រពន្ធ​ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះ ជុំ ម៉ារ៉ា ភេទ ស្រី អាយុ ២៥ឆ្នាំ មានទីលំនៅផ្ទះសំណាក់ បឹងកំសាន្ត ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក​ តូច​ គឹមសុង​ បានបន្តទៀតថា​ ក្រោយពីការឃាត់ខ្លួន​ សមត្ថកិច្ចបានធ្វើការ ប្រគល់សំភារៈដែលជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធ​បានលួច​ នៅក្នុងផ្ទះសំណាក់នោះ អោយទៅ ម្ចាស់ផ្ទះវិញ ហើយបច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចប៉ុស្តិ៍ នគរបាល​ឫស្សីកែវ បញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]