ភ្នំពេញ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថារថយន្តបោស និងលាងផ្លូវ មួយគ្រឿងត្រូវបានដឹកជញ្ជូន មកដល់ក្រុងភ្នំពេញហើយ ដើម្បីសម្អាតធូលី-ដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញយើងបន្ថែមទៀត ប៉ុន្តែប្រិយមិត្តប្រាកដជា មានចម្ងល់ជាក់ជាមិនខានថា តើរថយន្តនោះជាអ្វី និងវាធ្វើការយ៉ាងដូចម្តេចដែរ? 

ឯកឧត្តម ប៉ា សុជាតិវង្ស និង​រថយន្តបោស និងលាងផ្លូវ ដែលទើបមកដល់

ជាការពិតណាស់ រថយន្តបោសសំរាម និងលាងផ្លូវ គឺមានច្រើនជំនាន់ ម៉ូដែល និងទំហំ ប៉ុន្តែគោលបំណង និងអត្ថប្រយោជន៍របស់វា ហាក់មិនសូវប្រាសចាកពីគ្នា ប៉ុន្មាននោះទេ។ 

រថយន្ត រឺ ម៉ាសុីនបោសសំរាម និងលាងផ្លូវ (Street Sweeping Machines or Trucks) ត្រូវគេផលិតឡើង ដើម្បីជួយសម្រួលដល់ការងារខ្នាតមធ្យម ក្នុងការសម្អាតផ្លូវនានា ដើម្បីភាពងាយស្រួល រហ័ស និងបន្ថែមសោភ័ណភាព ដល់ទីសាធារណៈបន្ថែមទៀត។ រថយន្ត នេះដែរត្រូវបានគេបង្កើតឡើងដំបូងបង្អស់ ក្នុងសតវត្សទី១៩ ដែលមកទល់បច្ចុប្បន្ននេះ វាបានអភិវឌ្ឍន៍បន្ថែមមុខងារទៅដល់ ការបំពាក់បំពង់បូមសមត្ថភាពខ្ពស់ថែមទៀតផង។ ម៉ាសុីននេះមានសមត្ថភាពអាចបោសធូលី សម្រាមប្រភេទស្រាលៗ ដូចជាស្លឹកឈើ ថង់ និងសម្រាមប្រភេទធ្ងន់មធ្យម ដូចជាដបទឹកក្រូចជាដើមបានយ៉ាងល្អ។ ថ្វីត្បិតតែវាត្រូវបានផលិតឡើង មានច្រើនប្រភេទ ប៉ុន្តែគេឃើញថា វាមិនដែលចោលនូវ អំបោសសម្រាប់បោសសម្រាម ដែលភ្ជាប់មកជាមួយនោះទេ។ ជាពិសេសវារិតតែជួយសន្សំសំចៃ និងចំណេញពលកម្ម ដោយត្រូវការប្រើប្រាស់ អ្នកបើកបញ្ជាររថយន្ត រឺម៉ាសុីនត្រឹមតែមួយនាក់ និងជំនួយការម្នាក់ រឺ២នាក់ប៉ុណ្ណោះ(អាចគ្មាន)។

Street Sweeping Machines or Trucks បច្ចេកវិទ្យាទំនើប មិនត្រឹមតែអាចជួយបោសប្រមូលសម្រាម និង​លាងសម្អាតផ្លូវនោះទេ ប៉ុន្តែវាអាចជួយសម្អាតធូលីដីដែលនឹងរសាត់ក្នុងខ្យល់ ធ្វើឲ្យខ្យល់អាកាសអាប់អួលផងដែរ។ ចំពោះម៉ូដែលដែលមានភ្ជាប់ជាមួយនឹង ម៉ាសុីនបូម វាមានបំពង់បូម ដែលមានសមត្ថភាព អាចបូមយកសូម្បីតែដុំថ្មធំល្មមបានថែមទៀតផង។ 

បំពង់បូមកំលាំងខ្លាំងអាចបូមយកដុំថ្មបាន

ជាដំបូង Street Sweeping Machines or Trucks ចាប់ផ្តើមបង្វិលអំបោសរបស់វា ដែលវិលជាលក្ខណៈចូលក្នុង ដើម្បីប្រមូលនូវកំទេចកំទីសម្រាម ចូលទៅក្នុងធុងសម្រាប់ផ្ទុកសម្រាមមួយ។ ហើយចំណែកបំពង់ស្រូបខ្យល់ និងធូលីរបស់វា បានចាប់ផ្តើមស្រូបនូវធូលី និងកំទេចកំទីតូចៗ ចូលទៅក្នុងធុងដែលមានទឹកមួយ ដើម្បីឲ្យធូលី និងកំទេចទាំងនោះ ស្ថិតនៅផ្នែកខាងបាតធុង។ ក្រោយមក នៅផ្នែកខាងក្រោយរថយន្តនោះ មានក្បាលបំពង់ ទុយោបាញ់ទឹកផ្កាឈូកជាច្រើន សម្រាប់បាញ់លាងសម្អាត ផ្លូវតាមក្រោយជាការស្រេច។ ចំពោះម៉ូដែលដែលមានភ្ជាប់នូវបំពង់បូមវិញ យើងត្រូវការមនុស្សម្នាក់កាន់បំពង់ ដើម្បីតម្រង់ក្បាលបំពង់ ឲ្យចំទៅនឹងដុំគ្រួស រឺដុំថ្មជាដើម ក្នុងគោលបំណងបូមវា ទៅក្នុងធុងផ្ទុកមួយ ងាយស្រួលចាក់ចោល នៅពេលរួចរាល់ដូចគ្នា៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖
រថយន្តបោស និងលាងផ្លូវ ដែលសាលាក្រុមភ្នំពេញដាក់ឲ្យប្រើប្រាស់
រថយន្តបោស និងលាងផ្លូវបំពាក់ដោយបំពង់បូម
ក្បាលអំបោសសម្រាប់បោសសម្រាម
ក្បាលទឹកផ្កាឈូកសម្រាប់លាងសម្អាតផ្លូវ

គួរបញ្ជាក់ផងដែរថា បើតាមការជូនដំណឹងពីសំណាក់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថាការមកដល់ នៃរថយន្តបោស និងលាងផ្លូវមួយគ្រឿងខាងលើនេះ គឺជារថយន្តដំបូងប៉ុណ្ណោះ ដែលក្នុងនោះសាលាក្រុង បានបញ្ជាទិញរថយន្តសម្អាត និងលាងធូលី-ដីតាមផ្លូវចំនួន ២គ្រឿង និងរថយន្តបាញ់លាងការ៉ឺឡាចំនួន ១គ្រឿងទៀត ដែលវានឹងមកដល់នៅខែក្រោយផងដែរ៕

ប្រភព Facebook | Indepthinfo | Wikipedia | Youtube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]