ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីខែមីនាដល់ខែកក្កដា ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា នឹងមានផ្គរ រន្ទះ ខ្យល់កន្រ្តាក់ កើតឡើងច្រើន ហើយក្រសួងក៏បានអំពាវនាវ ឲ្យពលរដ្ឋមានការប្រុង ប្រយ័ត្នផងដែរ។

យោងតាមគេហទំព័រ របស់ក្រសូងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី ១៥ ខែមីនានេះថា “នៅក្នុងឆ្នាំ ២០១៦ នេះ ពិសេសចាប់ពីខែមីនា ដល់ខែកក្កដា បាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតមានច្រើន ហើយកម្ពុជាតែងតែ មានមនុស្សស្លាប់និង របួសដោយសារ ផ្លេកបន្ទោរ ផ្គរ និងរន្ទះ ប្រមាណជាង៥០នាក់ ជារៀងរាល់ឆ្នាំផងដែរ”។ ព្រមជាមួយគ្នានេះដែរ ក្រសួងក៏បានសហការ ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដើម្បីជួយបង្ការ គ្រោះថ្នាក់ ធម្មជាតិផ្សេងៗ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រសួងក៏បានអំពាវនាវ ឲ្យពលរដ្ឋ ចេះចៀសវាងពេលមាន ផ្លេកបន្ទោរ ផ្គរ និងរន្ទះ រួមមាន មិនត្រូវនិយាយ ទូរស័ព្ទនៅពេល ឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់ ពេលមេឃមានរន្ទះ, មិនត្រូវអង្គុយក្នុងតង់ ពេលមានផ្គរ រន្ទះ, មិនត្រូវអង្គុយនៅ ក្រោមចំដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួន ដោយរក្សាចំងាយ ៤ម៉ែត្រពីមែកឈើ។

ក្រសួងបានផ្តាំផ្ញើ ពលរដ្ឋថា ពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ ត្រូវបន្ទន់ខ្លួនដោយ បញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ ត្រចៀក ទាំងខាង, ត្រូវរត់ចេញ ពីទឹក ឬស្រែ, នៅខាងក្នុង ឬរត់ចូលនៅ ក្នុងផ្ទះជាប្រញាប់, ក្នុងរថយន្តមាន សុតវត្ថិភាព តែមិនត្រួវប៉ះចង្កូត ឬទ្វារ, ត្រូវបន្ទន់ខ្លួន អោបក្បាលជង្គង់ និងបិទត្រចៀកសងខាង នៅក្រោមបង្គោលភ្លើង, ត្រូវអង្គុយក្នុងតំបន់ មានសុវត្ថិភាពក្នុងផ្ទះ, ដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទទុក ចំងាយ ១ម៉ែត្រ ពីប្រភពចរន្តអគ្គិសនី៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]