បរទេស៖ ប្រសិនបើប្រិយមិត្ត ព្យាយាមសម្គាល់មើល រូបថតនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ ទូរសព័្ទ iPhone តាំងពីដើមមក នឹងបានឃើញថា នៅលើអេក្រង់ទូរស័ព្ទ iPhone គ្រប់ជំនាន់ គឺបង្ហាញម៉ោង ៩:៤១ព្រឹក ជានិច្ច។ តើមកពីហេតុអ្វីទើប ក្រុមហ៊ុន Apple តែងតែធ្វើដូច្នេះ? ឬអាចជាពេលវេលាមួយសំខាន់ដែល ពួកគេតែងតែរាយការណ៍ពីការងាររបស់ខ្លួន?

បើយើងសម្គាល់មើល នៅលើរូបថតនៃការផ្សព្វផ្សាយ ទូរស័ព្ទ iPhone គ្រប់ជំនាន់ យើងនឹងបានឃើញ នាឡិកានៅលើទូរស័ព្ទនោះ មានបង្ហាញម៉ោង ៩:៤១ព្រឹកជានិច្ច។ មានមតិជាច្រើន បានគិតថា វាអាចជាម៉ោង ដែលស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ចាប់កំណើត រឺ ក៏អាចជាម៉ោងដែលក្រុមហ៊ុនយក្សមួយនេះ ចាប់បើកដំបូងក៏ថាបាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនមែនដូច្នោះនោះទេ។ ជាក់ស្តែងគំនិត ដាក់នាឡិកាត្រឹមម៉ោង ៩:៤១ព្រឹក នេះគឺពិតជា ផ្តួចផ្តើមឡើងដោយ លោក Steve Jobs ពិតមែន។  

លោក Steve Jobs គឺជាមនុស្សម្នាក់ដែលមានគំនិតគិតវែងឆ្ងាយ និងល្អិតល្អន់គ្រប់កិច្ចការ ហើយបើទោះបីជាលោក បានលាចាកលោកទៅហើយក្តី ក្រុមហ៊ុន Apple មិនដែល បំភ្លេចរូបលោក និងដើរក្រៅគន្លងរបស់លោកនោះទេ។ លោកបានគិត និងសម្រេចចិត្តដាក់ម៉ោង៩:៤១ព្រឹក នៅលើអេក្រង់ នៃរូបភាពផ្សព្វផ្សាយ ទូរស័ព្ទ iPhone (iPhone Original) ជំនាន់ដំបូងបង្អស់ កាលពីឆ្នាំ២០០៧ នៅឯសន្និសីទ Macworld Confrence and Expo ប្រកាសចេញលក់ iPhone ជំនាន់ដំបូងបង្អស់ ដែលនឹងចាប់ផ្តើមឡើងនៅម៉ោង ៩:៤១នាទីនោះឯង។

លោក Steve Jobs បានប្រាប់ទៅដល់ ក្រុមការងារឲ្យធ្វើការរចនារូបភាព ទូរស័ព្ទ iPhone ដោយដាក់នាឡិកាវាឲ្យ ចំម៉ោងដែលគាត់ត្រូវធ្វើបទបង្ហាញ។ គាត់បានចាប់ផ្តើមបទបង្ហាញដោយនិយាយថា៖ "ថ្ងៃនេះជាថ្ងៃដែលខ្ញុំរង់ចាំ រយៈពេល ២ឆ្នាំកន្លះមកហើយ"។ ជាក់ស្តែងគាត់ពិតជាបានគណនាពេលវេលា សឹងតែត្រឹមត្រូវឥតខ្ចោះ ចំពោះម៉ោងដែលគាត់ ចាប់ផ្តើមបង្ហាញ iPhone នឹងម៉ោងនៅលើរូបភាពអេក្រង់ទូរស័ព្ទ iPhone ដែលនៅពីក្រោយគាត់នោះ។ គាត់ធ្វើដូចនេះ ដោយមានការគិតគូរយ៉ាងជាក់លាក់ថា នៅពេលដែលរូបភាព ទូរស័ព្ទលេចឡើង វានឹងបង្ហាញម៉ោងប្រហាក់ប្រហែលទៅនឹង ម៉ោងនៅលើនាឡិកាមនុស្សគ្រប់គ្នាដែលនៅទីនោះ ដែលវាហាក់ដូចជារូបថត iPhone នោះគឺជា iPhone ពិតៗយ៉ាងដូច្នោះដែរ។ ក្រោយមកក្រុមហ៊ុន Apple ក៏បានសម្រេចដាក់ ម៉ោង ៩:៤១នាទីព្រឹកជានិច្ចរហូតមក រាល់ការបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន៕




 ប្រភព Stomp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]