​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ ពីប្រភពសារព័ត៌មានមួយចំនួន អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​



អ្នកស្រាវជ្រាវ ថាបក្សប្រឆាំង កុំឆ្លើយតបនឹងសំឡេង ដែលថាលោក​ កឹម សុខា មានស្នេហាលួចលាក់

លោក កែម ឡី បញ្ជាក់ថាបើយកល្អបក្សប្រឆាំង មិនគួរចេញមុខបកស្រាយ ករណីនេះទេ ដោយ​លោក​គិត​ថាជារឿងអត់​ប្រយោជន៍ តែលោកថា ទាំងពលរដ្ឋ ទាំងអ្នកគាំទ្រគណបក្សទាំងពីរ គួរជំរុញមេ​ដឹកនាំរ​បស់​ខ្លួន ឲ្យគិតពីប្រយោជន៍ជាតិ​ ជាជាង​យករឿងបុគ្គល ទៅរិះគន់គ្នា។ លោកបន្តថា៖ “អ្នកនយោបាយធ្វើនយោបាយ​ ដើម្បីដោះស្រាយរឿងសង្គម មិនមែន​ដោះស្រា​យរឿង​បុគ្គលទេ ខ្លួនឯងក្រ ខ្លួនឯងមាន ខ្លួនឯងមានរឿងអាស្រូវ ខ្លួន​ឯង​ជាមន្ត្រីស្អាតស្អំ អាហ្នឹងវាមិន​ដោះ​ស្រា​យខ្លួ​នឯងទេ។ យើងត្រូវដោះស្រាយបញ្ហាសង្គម។ អញ្ចឹងយើងត្រូវមានការជជែកបញ្ហាសង្គមច្រើនជាងបញ្ហាបុគ្គល។ បើបញ្ហាបុគ្គលនោះ វាមិនចេះអស់ទេ ព្រោះថាមនុស្សអ្នកខ្លះ មុខក្រញ៉ូវ អ្នកខ្លះសើច អ្នកខ្លះចូ​លចិត្ត​ផឹក​ស្រា អ្នកខ្លះ​អត់ចូលចិត្តផឹក។ អញ្ចឹងយើងចេះតែជជែក អាបញ្ហាហ្នឹង វាច្រមូកច្រប​​ល់ច្រើន អ្នកខ្លះ​ចូល​ចិត្ត​នា​​រីច្រើន អ្នកខ្លះចូលចិត្តតែប្រពន្ធខ្លួនឯង អញ្ចឹងវាលើសលប់។ អញ្ចឹងខ្ញុំថាបើមិ​នបកស្រា​យល្អ“។ ម្យ៉ាងទៀតលោក កែម ឡី បង្ហាញការខកចិត្តថាបើការសន្ទនា ជាលក្ខណៈបុគ្គលត្រូវបាន​គេ​តាម​ដាន​ ស្តាប់និង​ប​ញ្ចេញ​ជាសាធារណៈ គ្មានការទប់ស្កាត់បែបនេះ លោកបានប្រៀបធៀបការ​លួច​ស្តាប់​នេះ​ ទៅ​នឹង​​របបខ្មែរក្រហម។ លោកបន្ថែមថា៖ “ការលួចថតសំឡេងថតអីហ្នឹងវាជាអំពើអយុត្តិធម៌ណាស់! ព្រោះអីទូរសព្ទយើងតេក្នុ​ងន័យ​បុគ្គលប្តីប្រពន្ធស្នេហា ពេលយប់ព្រលប់អី! ដល់គេស្តាប់រហូត អញ្ចឹង​ខ្ញុំគិតថា វាជាបរិប​ទស​ង្គមមួយ ដែលអាក្រក់ជាងសម័យប៉ុលពតទៅទៀត!“។ ប្រភព៖ VOD

តំណាងរាស្ត្របក្សប្រឆំាង ថាការដោះលែង សកម្មជន ១៥នាក់ ទើបបង្ហាញពី ភាពស្មោះត្រង់ នៃវប្បធម៌សន្ទនា

តំណាងរាស្ត្របក្សប្រឆាំងអះអាងថា បើសកម្មជនរបស់ខ្លួន នៅតែត្រូវបន្តឃុំខ្លួននៅក្នុងពន្ធនាគារ នោះវប្បធម៌សន្ទនាដែលបង្កើតឡើងរួមគ្នា ហាក់មិនទាន់ធានា ពីការបង្រួបបង្រួមជាតិ ជាលក្ខណៈគ្រួសារខ្មែរទេ។ នៅថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយចំនួន រួមទាំងលោក សុន ឆ័យ ផងចុះទៅសួរសុខទុក្ខ សកម្មជនទាំង១៥នាក់ របស់គណបក្សប្រឆាំង ម្តងទៀត នៅពន្ធនាគារព្រៃស។ លោក សុន ឆ័យ បានឲ្យដឹងដែរថា បើរដ្ឋាភិបាលមិនពិចារណាពីការលើកលែង ការចោទប្រកាន់ សកម្មជនរបស់លោកទាំង១៥រូបនោះទេ លោកថា វប្បធម៌សន្ទនា ហាក់នៅឆ្ងាយពីឆន្ទៈពិត នៃការចង់បង្រួបបង្រួមជាតិជាលក្ខណៈគ្រួសារខ្មែរ តាមស្មាតី នៃការឯកភាពគ្នាកន្លងទៅ។ លោកបន្តថា៖ “ដូច្នេះ យើងចេះតែជំរុញឲ្យថ្នាក់ដឹកនាំ គណបក្សទំាងពីរ រាល់ពេលមានឱកាសបានជួបគ្នាររវាងក្រុមភាគច្រើនភាគតិច ត្រូវតែមានការដោះស្រាយ ចំពោះអ្នកជាប់ទោសទំាងនេះ ឲ្យបានចប់សព្វគ្រប់ជាមុន បើពុំដូច្នោះ ខ្ញុំថាការជួបសន្ទនានេះគ្រាន់តែជាការជួបមួយ ដែលមិនមានភាពស្មោះត្រង់ ដែលអាចឲ្យគណបក្សទំាងពីរដោះស្រាយបញ្ហា សមសម្របទំាងឡាយបាន”។ ប្រភព៖ VOD

មេ​បក្ស​ប្រឆាំង ថា​អ្នកនិយាយ​ពី​បដិវត្តន៍ ​មិន​គួរ​ត្រូ​វ​​កាត់ទោសនោះទេ

លោក សម រង្ស៊ី បាន​សរសេរ​ថា៖ “​ការលើកឡើងពី”បដិវត្តន៍ពណ៌” ណាមួយមិនមែនជាកំហុសអ្វីឡើយ ហើយ​ក៏មិនត្រូវមានទោសអ្វីឡើយដែរ ដោយ​លោក​ថា​”បដិវត្តន៍ពណ៌”ទាំងឡាយដែលបានកើតមានឡើងក្នុងពិភ​ពលោកក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ គឺសុទ្ធតែជាការផ្លាស់ប្តូរនយោបាយ ដោយសន្តិវិធីទាំងអស់ ដោយគ្មានអំពើហិង្សាអ្វីឡើយ ហើយដោយគ្មានការញុះញង់ពីនរណាឡើយ”។ លោក​បញ្ជាក់​ថា៖ “ព្រឹត្តិការណ៍ទាំងអស់នោះគឺកើតចេញពីទឹកចិត្ត ប្រជារាស្ត្រទាំងមូល ដែលស្រលាញ់សេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យ”។ លោក សម រង្ស៊ី បាន​លើក​ឧទាហរណ៍ នៃ​បដិវត្តន៍មួយ​ចំនួន រួមមាន​បដិវត្តន៍ពណ៌លឿង នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ១៩៨៦ បដិវត្តន៍ពណ៌ផ្កាកុលាប នៅប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំ២០០៣ បដិវត្តន៍ពណ៌ទឹកក្រូច នៅប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០០៤ និងបដិវត្ដន៍ពណ៌រមៀត ដឹកនាំដោយព្រះសង្ឃ នៅប្រទេសមីយ៉ាន់ម៉ា​កាលពីឆ្នាំ២០០៧។ លោក សម រង្ស៊ី និយាយ​ថា៖ “តាមការពិតដែរ និស្សិតមួយរូបឈ្មោះ គង់ រ៉ៃយ៉ា នេះ គ្រាន់តែបានសម្តែងអំពីទឹកចិត្តរបស់យុវជនខ្មែររាប់លាននាក់ និងរបស់ប្រជារាស្ត្រខ្មែរទាំងមូល”។ ប្រភព៖ VOD

បើ​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត មន្ត្រី ប្តី ប្រពន្ធ កូន និង​ចៅ​មន្ត្រី​ត្រូវ​ ប្រកាស​ទ្រព្យសម្បត្តិ​ទាំងអស់​ 

ភ្នំពេញ​៖ លោក ហូ វ៉ាន់ សមាជិកសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ប្រសិនបើ​យើង​ចង់បាន​ប្រសិទ្ធភាព​នៅក្នុង​ការងារ​គ្រប់គ្រង ការងាររដ្ឋបាល បម្រើសេវា​សាធារណៈ​ ដល់​មហាជន​ឲ្យ​មាន​តម្លាភាព កាត់បន្ថយ​អំពើរ​ពុករលួយ និង​ត្រូវ​តាម​គោលនយោបាយ ​របស់​រាជ​រដ្ឋាភិបាល នោះ​គឺ​មន្ត្រី​ទាំងអស់​ត្រូវ​ហ៊ាន​ប្រកាស​ទ្រព្យសម្បត្តិ ។ លោក ហូ វ៉ាន់ ដែលជា​ប្រធាន​គណៈកម្មការ អង្កេត បោសសំអាត និង ប្រឆាំង​អំពើពុករលួយ​នៃ​រដ្ឋសភា ផងដែរ​នោះ បានលើកឡើង​អំពី​ជំហ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អះអាងថា ប្រសិនបើ​គណបក្ស​ខ្លួន ឈ្នះឆ្នោត​បាន​ទៅ​ដឹកនាំ​រដ្ឋាភិបាល នៅ​អាណត្តិ​ទី​៦ គឺ​នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ គ្រប់​សមាជិក​ទាំងអស់​ត្រូវតែ​ក្លាយជា​គំរូ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​។ លោក​បានលើកឡើង​បែបនេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​ស្ដីពី «​ការប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ស្ម័គ្រចិត្ត​» ដែល​រៀ​ចំ​ឡើង​ដោយ អង្គការ​គណនេយ្យភាព​កម្ពុជា​។​ ប្រភព៖ ThmeyThmey

លោក ញឹក ប៊ុនឆៃ​៖ អ្នកនយោបាយ​ ដែលមាន​រឿងអាស្រូវ​ស្នេហា នឹងមាន​វាសនា​ ដូច​សម្ដេចក្រុមព្រះ​ 

បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​មួយចំនួន​ សង្ស័យ​សំឡេង​សាសង​ស្នេហា ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ឈ្មោះ​អា​មុំ ដែល​បាន​ផ្ទុះឡើង​ តាមរយៈ​ការ​បង្ហោះ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ មាន​ឈ្មោះថា Mon  Srey​ នោះថា ជា​សំឡេង​ឯកឧត្តម កឹម សុខា ។ លោក ញឹក ប៊ុនឆៃ វាយតម្លៃថា បើ​អ្នកនយោបាយ​មាន​ករណី​ផ្ទុះ​រឿងអាស្រូវ​ស្នេហា​នោះ នឹងធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប្រជាប្រិយភាព ហើយនឹង​បរាជ័យ ​ដូច​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​ ឆ្លើយ​នឹង​សំនួរ​រឿងអាស្រូវ​ស្នេហា ដែល​សារព័ត៌មាន​ថ្មីៗ ​សួរ​ទាក់ទង​នឹង​សំឡេង​ ដែល​គេ​ចាត់ទុកថា ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា នោះ លោក ញឹក ប៊ុនឆៃ ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ លើ​សម្លេង​ឆ្លើយឆ្លង​ស្នេហា​នេះដែរ តែ​លោក​បែរជា​រំ​ឮ​ក​ភ្លាម​ពី​ប្រវត្តិ ​របស់​សម្ដេចក្រុមព្រះ​ថា ទ្រង់​ក៏​ជា​អ្នកនយោបាយ ​ដែល​ធ្លាប់មាន​ភរិយា​ច្រើន ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​របស់​គណបក្ស និង​បាត់បង់​ជំនឿ​ចិត្ត​ពី​សំណាក់​មន្ត្រី​បក្ស និង​អ្នកគាំទ្រ​ផងដែរ​។ ប្រភព៖ThmeyThmey

បក្ស​ប្រឆាំង​ ហៅ​ការ​បញ្ចេញ​រឿង​អាស្រូវ​ ស្នេហា​របស់​លោក កឹម សខា ថា​ជា​រឿង​អត់​ប្រយោជន៍

គណបក្ស​ប្រឆាំង​មិន​បកស្រាយ​អ្វី​ឡើយ​អំពី​ខ្សែ​អាត់​សំឡេង ដែល​គេ​ចាត់​ទុក​ថា ជា​សំឡេង​ឆ្លើយ​ឆ្លង​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​ម្នាក់​តាម​ទូរស័ព្ទ។ នៅ​ចុង​ខែ​កុម្ភៈ និង​ដើម​ខែ​មីនា នេះ លោក កឹម សុខា ត្រូវ​បាន​គេ​វាយ​លុក​ពី​រឿង​អាស្រូវ​ស្នេហា​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​នារី​វ័យ​ក្មេង​ម្នាក់ ដែល​គេ​សន្មត​ថា​ជា​ស្រី​កំណាន់​របស់​លោក។ ចំណែក​អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា រឿងរ៉ាវ​ចម្រូងចម្រាស​នេះ វា​ប្រៀប​ដូចជា​ល្បែង​នយោបាយ ​ដែល​មាន​គេ​រៀបចំ​ទុក។ ថ្វី​បើ លោក កឹម សុខា មិន​បាន​បកស្រាយ​អ្វី​ជុំវិញ ​រឿង​អាស្រូវ​របស់​លោក​ជា​ថ្មី​ទៀត ​អំពី​សម្ពន្ធ​ស្នេហា​នេះ​ក្តី ប៉ុន្តែ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់ ​របស់​លោក​វិញ លោក កឹម សុខា សរសេរ​ថា "កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង"។ លោក កឹម សុខា បញ្ចេញ​សារ​នយោបាយ​របស់​លោក ដោយ​អំនួត​ទៀត​ថា គណបក្ស​ប្រឆាំង​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ហើយ គណបក្ស​នេះ​កំពុង​តែ​រួប​រួម​គ្នា​យ៉ាង​រឹងមាំ។ ទាំង​នេះ​ហើយ​ជា​ចំណុច​ខ្លាំង។ លោក​បន្ត​ថា«ធម្មតា​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​មួយៗ គេ​និយាយ​ពី​រឿង​ជាតិ។ ដូច្នេះ​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿង​ទាំងអស់​នោះ​ទេ។ ដូច​ខ្ញុំ​បាន​និយាយ​អ៊ីចឹង បើ​និយាយ​ពី​មូលដ្ឋាន​ច្បាប់ វា​ខុស​ច្បាប់​បាត់​ទៅ​ហើយ»។ ប្រភព៖ RFA

ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ ចោទ​វៀតណាម​ថា​ បន្ត​សង់​ផ្លូវ​ទន្ទ្រាន​ ចូល​ដី​ខ្មែរ​ជាង​៥០០​ហិកតា

ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ចោទ​អាជ្ញាធរ​វៀតណាម ថា​នៅ​តែ​បន្ត​សាងសង់​ផ្លូវ​ទន្ទ្រាន​ ចូល​ដី​ខ្មែរ​រាប់​រយ​ហិកតារ​នៅ​តាម​ក្រវាត់​ព្រំដែន​នា​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​ផ្ទុយ​នឹង​កិច្ចព្រមព្រៀង​ព្រំដែន​ នៃ​ភាគី​ទាំង​ពីរ គឺ​កម្ពុជា-វៀតណាម ដែល​ឲ្យ​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​ព្រំដែន មុន​មាន​ដំណោះស្រាយ។ ជុំវិញ​រឿង​នេះ គណៈកម្មាធិការ​ចម្រុះ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា ថា​មិន​ទាន់​ទទួល​របាយការណ៍​ច្បាស់លាស់​ទេ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា បាន​បញ្ជូន​សំណុំ​រឿង​នេះ​ ទៅ​កាន់​ថ្នាក់​លើ​ពិនិត្យ​ជា​យូរ​មក​ហើយ។ ទឹក​ដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ចំនួន ៤០០​ហិកតារ​ទៅ ៥០០​ហិកតារ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា បាន​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​វៀតណាមនោះ គឺ​ចាប់​ពី​បង្គោល​ព្រំដែន​លេខ ​១៩៤ ដល់​បង្គោល​លេខ​១៩៨។ ប្រភព៖ RFA

សហភាព​អឺរ៉ុប ​ផ្ដល់​ជំនួយ​ដល់​សង្គម​ស៊ីវិល ​ដើម្បី​តាមដាន​កំណែ​ទម្រង់​វិស័យ​អប់រំ

សហភាព​អឺរ៉ុប បាន​ផ្ដល់​ប្រាក់​ជាង ៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​សង្គម​ស៊ីវិល​ ដើម្បី​តាមដាន​ការ​អនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​វិស័យ​អប់រំ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ ផ្នែក​អប់រំ​សង្កេត​ឃើញ​ថា កម្ពុជា​មាន​គោលនយោបាយ​កំណែ​ទម្រង់ ​វិស័យ​អប់រំ​ល្អ ក៏ប៉ុន្តែ​ខ្វះ​ការ​អនុវត្ត​ ឲ្យ​មាន​ប្រសិទ្ធភាព។ គម្រោង​នេះ​មាន​ឈ្មោះ​ថា "ការ​កៀរគរ​សង្គម​ស៊ីវិល ​ក្នុង​ការ​ដោះស្រាយ​ភាព​ខ្វះ​ចន្លោះ ​នៃ​ការ​អនុវត្ត​កំណែ​ទម្រង់​វិស័យ​អប់រំ" ដោយ​ត្រូវ​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨។ ប្រភព៖ RFA

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]