កាហ្សាក់ស្ថាន៖ អាវកាសយានិកសញ្ជាតិអាមេរិក លោក Scott Kelly រួមជាមួយនឹងអាវកាសយានិករុស្ស៊ី ២នាក់ទៀត គឺលោក Mikhail Kornienko និង Sergey Volkov បានវិលត្រឡប់មកកាន់ភពផែនដីវិញ តាមរយៈយាន Soyuz ចុះចតដោយសុខសុវត្ថិភាពកាលពីវេលាម៉ោង ១០ និង២៦នាទីព្រឹកម៉ោងក្នុងតំបន់ នៅលើទឹកដីប្រទេសកាហ្សាក់ស្ថាន។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន BBC ចុះផ្សាយម្សិលមិញនេះ។

ការវិលត្រឡប់របស់អាវកាសយានិកទាំង៣ ក្រោយការបំពេញបេសកកម្ម នៅស្ថានីយ៍អាវកាសអន្តរជាតិ (ISS) អស់រយៈពេល ៣៤០ថ្ងៃរួចមក ពោលគឺជិត១ឆ្នាំឯណោះ។ បេសកកម្មលើកនេះ មានរយៈពេលយូរជាងធម្មតា ទ្វេរដង បានចូលទៅក្នុងផ្នែកមួយ នៃការសិក្សាអំពីការលូតលាស់របស់សារពាង្គកាយមនុស្សនៅក្រៅភពផែនដីផងដែរ។ ក្នុងនោះអ្នកវិទ្យាសាស្ត្រ នឹងទទួលបានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀត តាមរយៈការប្រៀបធៀបរវាងលោក Scott Kelly ជាមួយបងប្អូនភ្លោះរបស់លោក ថាតើនឹងមានភាពខុសប្លែកគ្នាអ្វីខ្លះ នៅពេលដែលម្នាក់រស់នៅលំហអាវកាស ឯម្នាក់ទៀតនៅក្នុងភពផែនដីនោះ។

គួរបញ្ជាក់ថា រយៈពេលនៃបេសកកម្មនេះ ក៏បានក្លាយជាកំណត់ត្រាមួយ សំរាប់ស្ថានីយ៍អាវកាសអន្តរជាតិផងដែរ។ចំពោះលោក Kelly ដែលជាមេបញ្ជាការក្នុងបេសកកម្មនៅលំហអាវកាសរូបនេះ បានចំណាយរយៈពេលសរុប ៥២០ថ្ងៃមកហើយនៅទីអាវកាស ក្នុងចំណោមការបាញ់បង្ហោះ យានអាវកាសចំនួន៤ នាពេលកន្លងមកនេះ៕


អាវកាសយានិករុស្ស៊ី Mikhail Kornienko


ពួកគេទាំងបី ចុះចតដោយសុវត្ថិភាព


អាវកាសយានិកអាមេរិក Scott Kelly


យាន Soyuz មានឆ័ត្រយោង ពេលកំពុងទម្លាក់ខ្លួនចុះចត


យាន Soyuz ពេលធ្លាក់មកដល់ដី

វីដេអូខាងក្រោម៖

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]