កំលោះអាយុ១៨ឆ្នាំម្នាក់ បានជិះម៉ូតូទៅវាលស្រែចងកសម្លាប់ខ្លួនចោលឪពុក ម្តាយ ព្រោះតែខ្លួនបានយកលុយលក់ពងទា ទៅចាយផឹកស៊ី ស្រីញីអូនបង ជាមួយមិត្តភក្តិអស់ ជាង៥លានរៀល ដោយមិនហ៊ានចូលផ្ទះ ក៏សម្រេចចងករសម្លាប់ខ្លួន។ សពត្រូវបានគេប្រទះឃើញ នៅម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ ចំងាយពីភូមិ៣០០ម៉ែត្រ កណ្តាលវាលស្រែ នៅលើដើមខ្ទុម ដែលមានកំពស់ ២ម៉ែត្រ ក្នុងស្រែឈ្មោះ ប៉ិន រិទ្ធ ភូមិកំព្រីង សង្កាត់ភ្នាត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធួន សុឃីម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអង្គារ៍បុស សង្កាត់កោះពងសត្វ ក្រុងសិរីសោភាន់ ខេត្តបន្ទាយមានជ័យ មានមុខរបរ ជាអ្នកលក់ពងទា នៅផ្សារសិរីសោភ័ណ។

លោកអធិការ រ៉ែម វិរះ បានបន្តថា យោងតាមការរៀបរាប់របស់ឪពុកម្តាយជនរងគ្រោះបាននិយាយ ថា មុនពេលកើតហេតុ ជារៀងរាល់ព្រឹកកូនប្រុសរបស់គាត់ តែងតែយកពងទាទៅលក់បានលុយចំនួនជាង ៥លានរៀល ដោយពុំបានឲ្យគាត់ សូម្បីតែមួយសេន។ លុះដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ កូនគាត់បាននាំ មិត្តភក្តិមកផឹកស៊ី នាំគ្នាទៅច្រៀងទៅរាំ ពេញមួយយប់ហើយពួកគាត់ ខំនាំគ្នាស្វែងរកយ៉ាងណាក៏មិនឃើញ ហើយកូនរបស់គាត់ក៏មិនត្រឡប់មកផ្ទះដែរ។

លោក រ៉ែម វីរៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ចន្លោះម៉ោង៧ ទៅម៉ោង៩ព្រឹក ម្ចាស់ស្រែឈ្មោះ ពេជ្រ ពី បានឃើញជនរងគ្រោះជិះម៉ូតូម៉ាក វ៉េវ សេអិច សេ១០០ ពណ៌ក្រហម ទឹកប្រាក់លាយខ្មៅស៊េរី ឆ្នាំ២០១១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2I-2910 ពណ៌ខ្មៅ ជនរងគ្រោះ បានសួរគាត់ថា ប៉ុន្មានម៉ែត្រទៀត ដល់ថ្នល់ បន្ទាប់ពីប្រាប់ហើយគាត់ ក៏ដើរចុះទៅ ក្នុងស្រែ១ទៀត លុះដល់ម៉ោង៩ព្រឹក ត្រឡប់មកពីស្រែវិញក៏ឃើញម៉ូតូ ជនរងគ្រោះ នៅក្រោមដើមខ្ទុម គាត់ក៏ចាប់ផ្តើមមានការសង្ស័យ ក៏អើតមើលទៅលើដើមខ្ទុម ក៏ឃើញមានមនុស្ស ចងកសម្លាប់ខ្លួន ពុំដឹងតាំងពីពេលណាទេ។

នគរបាលក្រុងសិរីសោភ័ណ បាននិយាយថា ក្រោយត្រួតពិនិត្យរកឃើញថា ជនរងគ្រោះ ពិតជាបានចងក សម្លាប់ខ្លួនមែន ពុំមានស្លាកស្នាមអ្វីជាប់ពាក់ពន្ធ័ ករណីឃាតកម្ម នោះទេ៕

ដោយ ៖ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]