ស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ឆ្លងកាត់ចោមរោម មើលយ៉ាងច្រើន ព្រមទាំងរាយការណ៍ ដល់សមត្ថកិច្ចនគរបាល មូលដ្ឋានខណៈដែលឃើញ បុរសម្នាក់ដេកលើ ម៉ូតូរបស់ខ្លួន ដោយអាការៈស្រវឹងស្រា ជោគមិនហ៊ានបើកបរ សង្ស័យខ្លាចសមត្ថកិច្ច ផាកពិន័យ និងត្រួតពិនិត្យជាតិស្រវឹង។

ហេតុការណ៍បង្កឲ្យ មានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីម៉ោង៧យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមអ្នកភូមិ បានឲ្យដឹងថា កាលម៉ោង៧យប់ មានបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណ មានអាយុប្រមាណជាង៣០ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយធ្វើដំណើរពី កើតមកលិច ក្នុងល្បឿនលឿន ស្របពេលនោះ ស្រាប់តែបុរសខាងលើ ក៏បានឈប់ម៉ូតូ ដោយអាការៈស្រវឹងស្រា ជោគជាំរួចក៏ដេក លង់លក់បង្កឲ្យមាន ការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីទទួល សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋថា មានបុរសម្នាក់មិនដឹង មកពីស្រុកណាបាន ឈប់ម៉ូតូដឹកលង់លក់ ទាំងយប់សមត្ថកិច្ច ក៏បានមកដល់ និងសាកសួរ ដោយបុរសខាងលើនេះ បាននិយាយថា រូបគាត់មកពីកម្មវិធី មួយកន្លែងហើយក៏ បានផឹកស្រវឹងរួចក៏ ត្រលប់មកផ្ទះវិញប៉ុន្តែ បើកមកដល់ពាក់កណ្ដាលផ្លូវ ណាមួយស្រវឹងស្រា ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងខ្លាចសមត្ថកិច្ច ផាកពិន័យជាតិស្រវឹង ទើបគាត់ឈប់ម៉ូតូ ដេកតែម្ដងទៅ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]