បរទេស៖ នាពេលថ្មីៗនេះ អង្គការណាសា បានបង្វែរការសន្និដ្ឋាន កាលពីមុនរបស់ខ្លួន និងបានយកចិត្តទុកដាក់ ចំពោះដុំអាចម៍ផ្កាយដ៏ធំមួយ ដែលកំពុងតែបណ្តែតខ្លួននៅលើលំហអាកាស ក្នុងទិសដៅមករក ភពផែនដីរបស់យើង ដែលកំពុងធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពី របាយការណ៍របស់ អង្គការណាសា ដែលបានលើកឡើងថា មានដុំអាចម៍ផ្កាយដ៏ធំមួយ ហៅថា Asteroid 2013 TX68 កំពុងបណ្តែតខ្លួន នៅលើលំហអាកាស និងមានគោលដៅមករកភពផែនដី របស់យើង ម្យ៉ាងវិញទៀត ដុំអាចម៍ផ្កាយមួយនេះ នឹងអាចមានឱកាស ហោះមកបុកភពផែនដី នាឆ្នាំក្រោយនេះ ពោលគឺអាចនៅចំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។


ឱកាសដែលភពផែនដី ត្រូវបានដុំអាចម៍ផ្កាយដ៏ធំ ហោះមកបុក គឺនៅតែមាន

អង្គការណាសា បានបញ្ជាក់ថា ប្រសិនណាបើដុំអាចម៍ផ្កាយ 2013 TX68 ពិតជាកំពុងសំដៅមករកភពផែនដីមែន នោះ បើតាមប្រវត្តិដែលធ្លាប់មានអាចម៍ផ្កាយហោះបុកផែនដីពីមុនមក វានឹងត្រូវផ្ទុះលើលំហអាកាស នាំឲ្យកម្លាំងទំនាញធ្លាក់ចុះមករបស់វា ប្រៀបដូចជាគ្រាប់បែកនុយក្លេអ៊ែរ ដែលមានសមត្ថភាពក្នុងការបំផ្លាញចោលទាំងស្រុង នូវអ្វីៗដែលស្ថិតនៅពីក្រោមវាបាន។

យ៉ាងណាមិញ លោក Paul Chodas អ្នកគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាទៅលើតារាវិថីគោចរ ដែលស្ថិតនៅក្បែរ ភពផែនដី របស់អង្គការណាសា បានបញ្ជាក់ប្រាប់ថា “ភាពដែលអាចទៅរួច នៃការទទួលរងឥទ្ធិពលនៃដុំអាចម៍ផ្កាយមួយនេះ គឺមានមែន ក៏ប៉ុន្តែឱកាសនោះ គឺតិចតួចស្តួចស្តើងមែនទែន ហើយខ្ញុំសង្ឃឹមថា ក្រោមការអង្កេតរបស់ពួកយើងតទៅមុខទៀត ឱកាសដែលដុំអាចម៍ផ្កាយនោះហោះមកបុកភពរបស់យើង រឹតតែធ្លាក់ចុះទាបថែមទៀត”។

ជាមួយគ្នានេះដែរ កាលពីយប់ថ្ងៃសុក្រ អង្គការណាសា ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Twitter របស់ខ្លួនផងដែរថា ពិតណាស់ ភពផែនដីរបស់យើងនឹងអាច មានសុវត្ថិភាពគេចផុត ពីគ្រោះថ្នាក់ដែលបណ្តាលមកពី ដុំអាចម៍ផ្កាយ 2013 TX68 យ៉ាងហោចណាស់ក៏ ១សតវត្សទៀតដែរ។

ទាំងនេះគឺជាការលើកឡើង និងទទួលស្គាល់របស់អង្គការណាសា ជុំវិញគ្រោះថ្នាក់ដែលដុំអាចម៍ផ្កាយ នៅលើលំហអាកាស អាចនឹងហោះមកបុកភពផែនដីរបស់យើង៕


សារនៅលើបណ្តាញសង្គម Twitter

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]