រាជធានីភ្នំពេញ ៖ វ៉ាលីមួយចាក់សោបិទជិត ត្រូវគេយកមកប្លុងចោល នៅជិតគំនរសំរាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច យកទៅពិនិត្យ និងបើកមើល សង្ស័យថាខាងក្នុង មានគ្រាប់បែក កាលពីវេលា ម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ នៅផ្លូវបេតុង ជិតគំនរសំរាម ក្បែរតារាងបាល់ ក្នុងភូមិប្រប៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មន្ត្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋប្រទះឃើញ មានរថយន្តឡិចស៊ីស មួយគ្រឿង បានដឹកវ៉ាលី ពណ៌កំបោរ យកទៅទម្លាក់ចោល នៅក្បែរគំនរសំរាម ដោយមានការសង្ស័យក៏រាយការណ៍ ទៅនគរបាល ខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យ នៅចំណុចខាងលើ ហើយសមត្ថកិច្ចក៏បាន យកវ៉ាលីនោះ ទាំងញញើតញញើម ព្រោះខ្លាចមានគ្រាប់បែក នៅក្នុងវ៉ាលី ប៉ុន្តែពេលចាប់លើកស្រាល និងក្រឡុកពុំមានឮសំឡេង អ្វីទាំងអស់ សមត្ថកិច្ចក៏យកវ៉ាលីនោះ ទៅរក្សាទុក នៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យបន្តទៀត ។
លោកអធិការខណ្ឌពោធិ៍សែនជ័យ បានឱ្យសមត្ថកិច្ចជំនាញ គាស់ឆែកមើល ព្រោះវ៉ាលីនោះ ជាប់លេខកូដសម្ងាត់ ទម្រាំតែបើកចេញនោះ សមត្ថកិច្ចភ័យលោះព្រលឹង មិនតិចទេ ។ លុះពេលបើកវ៉ាលីនោះបាន មិនឃើញមានអ្វីបន្តិចសោះ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]