កម្មករ-កម្មការិនីរោងចក្រស្បែកជើងដ្យាយអិនខេមបូឌាស៊ូ ចំនួនជាង៤រយនាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាបង្ហាញការជ្រួលច្របល់ បន្ទាប់ពីដឹងថាថៅកែរត់ចោលដោយមិនបានទូទាត់ប្រាក់បំណាច់ឆ្នាំ និងប្រាក់ផ្សេងៗទៀតឱ្យពួកគេ ។ តាមក្រុមកម្មករបានចោទថា ថៅកែបានចាញ់ល្បែងអស់លុយពីខ្លួន ព្រមទាំងជំពាក់បំណុលគេច្រើនថែមទៀតផង ទើបវេចបង្វេចលួចរត់ចោលរោងចក្រទៅបាត់អត់មានលាមួយម៉ាត់ ។

ការជ្រួលច្របល់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ សីហា ដែលរោងចក្រខាងលើមានទីតាំងស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្រុមកម្មករ បានឱ្យដឹងថា ថៅកែរោងចក្រស្បែកជើងនោះឈ្មោះជាង ជាលី អាយុ៥០ឆ្នាំ ជាជនជាតិចិន បានរត់ចោលពួកគេរយៈពេល៣ថ្ងៃមកហើយដោយអះអាងថា រោងចក្រក្ស័យធន ប៉ុន្តែពួកគេបានដឹងថា រោងចក្រនេះមិនមែនក្ស័យធនដូចការអះអាងនោះទេ គឺដោយសារតែថៅកែញៀននឹងល្បែងយ៉ាងងប់បំផុត លេងល្បែងទាំងយប់ទាំងថ្ងៃរហូតដល់ចាញ់អស់គូទខោ ព្រមទាំងជំពាក់បំណុលគេវ័ណ្ឌ.កទៀតផង។

ដោយមានបញ្ហាបែបនេះហើយ ទើបថៅកែរោងចក្រនោះមិនហ៊ាននៅស្រុកខ្មែរបន្តទៀត ព្រោះគ្មានលុយសងគេ ក៏បានវេចបង្វេចរត់ចោលកម្មករដោយស្ងាត់ៗមិនឱ្យពួកគេដឹងឡើយ ។ ទោះបីជាបែបណា កន្លងមកថៅកែរូបនេះបានបើកប្រាក់ឈ្នួលឱ្យពួកគេហើយ ប៉ុន្តែនៅសល់ប្រាក់អតីតភាពការងារ ប្រាក់សម្រាប់ការស្នាក់នៅ និងប្រាក់ទ្រទ្រង់សុខភាពជាដើមដែលម្នាក់ៗត្រូវទទួលបានរាប់រយដុល្លារទៀតមិនត្រូវបានថៅកែទូទាត់ឱ្យឡើយទើបពួកគេមានការជ្រួលច្របល់បែបនេះ ។

ក្រុមកម្មករបានបន្តទៀតថា ថៅកែនេះធ្វើនំអត់ម្សៅ ព្រោះទីតាំងរោងចក្រ ព្រមទាំងសម្ភារសង្វាក់ផលិតកម្មផ្សេងៗ គឺជួលគេទាំងអស់ ។និយាយរួមទៅថៅកែរូបនេះមានតែសម្បកខ្លួនប៉ុណ្ណោះ ។ មុននឹងរត់ចេញទៅ ថៅកែបានប្រមូលផលិតផលសម្រេចលក់យកលុយវេចទៅជាមួយទាំងអស់ ។ ចំណែកពួកគេបន្ទាប់ពីដឹងថាថៅកែរត់ចោលក៏មានការហួសចិត្តយ៉ាងខ្លាំង ព្រោះមិនបានដឹងមុនហើយក៏បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាសុំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនានា ព្រមទាំងម្ចាស់ទីតាំងសម្ភារជួយដោះស្រាយឱ្យពួកគេ ។ ពួកគេមិនបានដឹងថា តើម្ចាស់ទីតាំងខាងលើត្រូវថៅកែទូទាត់ប្រាក់ឱ្យហើយ ឬក៏នៅនោះទេ។ មិនអាចស្វែងរកការបំភ្លឺណាមួយបានទេ ក្រៅតែពីប្រតិកម្មរបស់ក្រុមកម្មករ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]