ព្រះសីហនុ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បាន លង់ទឹកជ្រោះនៅរមណីយដ្ឋាន ថ្មរូងខណ:ពេលដោយសារជាមួយ អ្នកភូមិដោយមិនមានឪពុកម្តាយមកតាម ។ លោកវរសេនីយ៍ត្រី ហួត ចាន់ធី អធិការនគរបាលស្រុក កំពង់សីលាបានថ្លែងថា ហេតុការណ៍នេះកើតឡើងនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៣ៈ០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦ ។ ប្រភពដដែលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡុច ដាវីន អាយុ១២ឆ្នាំ រស់នៅ ក្នុងភូមិទួលកាបៅ ឃុំគគរី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោងខាងលើ មានឡានទេសចរណ៍ប្រភេទ សាំយ៉ុង ១គ្រឿង មានគ្នាជាច្រើននាក់ មកកំសាន្ត នៅទឹកជ្រោះ ថ្មររូងនេះ ក្រោយមកក្មេងៗក៏នាំគ្នាចុះមុជទឹកលែងប្រលែងគ្នា បន្តិចក្រោយមកក៏មានក្មេងម្នាក់ រត់មកប្រាប់ចាស់ៗថា ក្មេងស្រីខាងលើលង់ទឹក ភ្លាមនោះក៏នាំគ្នា ទៅជួយស្រង់ដើម្បីសង្គ្រោះ ប៉ុន្តែក្មេងស្រីរូបនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ដោយមិនអស់ចិត្តក៏នាំមកសង្គ្រោះ នៅមន្ទីរពេទ្យប៉ុន្តែនៅមិនអាចជួយសង្គ្រោះ បានដដែល ។ គ្រូពេទ្យនៅមណ្ឌលសុខភាពតក្កវិត ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះ ជីវិតកុមារីរូបនោះបានទេ ដោយសារតែ នាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត មុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពទៅហើយ ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់បងប្អូន ជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណង ចូលមកកំសាន្តនៅ រមណីយ៍ដ្ឋាន ថ្មរូង សូមមេត្តាកុំធ្វេសប្រហែស បណ្តោយកូនចៅតូចៗឲ្យលេងទឹកដោយម្នាក់ឯង ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ ណាមួយនិងកើតឡើង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]