ភ្នំពេញ៖ តារាសម្តែងជើងចាស់ ដែលប្រឡូកសិល្បៈ អស់រយៈពេលជាង ១០ឆ្នាំ លោក ទេព រិនដារ៉ូ ថ្មីៗនេះត្រូវបានអ្នកលេង Facebook យករូបដែលលោក ចូលរួមសម្តែង នៅក្នុងរឿង «ដំបូងបង្អស់ គេសម្លាប់ឪពុកខ្ញុំ» របស់ អ្នកនាង Angelina Jolie មកបង្ហោះជាសាធារណៈ ព្រោងព្រាត ទាំងដែលតារាសម្តែង ក្នុងរឿងនេះទាំងអស់ត្រូវ បានដាក់បម្រាមហាមនិយាយ ពីការចូលរួមថតភាពយន្តនេះ ដោយរក្សាយ៉ាងអាថ៌កំបាំង ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ខ្សែភាពយន្តរបស់ តារាហូលីវ៉ូដដ៏ល្បី អ្នកនាង Angelina Jolie ដែលមានចំណងជើងថា «ដំបូងបង្អស់ គេសម្លាប់ឪពុកខ្ញុំ» កំពុងតែទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនរួម ជាមួយរដ្ឋាភិបាលផងដែរ ។ តែអ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ខ្លាំងនោះ គឺការអ៊ុតមើលថា នៅក្នុងសាច់រឿងរបស់អ្នកនាង មានតារាសម្តែងប្រុសស្រីល្បីឈ្មោះ រូបណាខ្លះ ចូលរួមសម្តែងក្នុងរឿងនេះ តែរឿងរ៉ាវនៅក្នុង ដំណើរការថតគ្រប់យ៉ាង ត្រូវបានលាក់បាំងយ៉ាងអាថ៌កំបាំង មិនមានអ្នកណាហ៊ាន ទម្លាយទេថា នៅក្នុងសាច់រឿងនេះ មានតួសម្តែងប្រុសស្រីរូបណាខ្លះ ចូលរួមសម្តែងឡើយ ។

អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺសូម្បីតែតារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ ក៏មានវត្តមានចូលរួមថត ភាពយន្តនេះផងដែរ ដោយថ្មីៗនេះ លោកបានបង្ហាញវត្តមាន ចូលរួមថត ជាមួយក្រុមការងារ នៅលើទឹកដីខេត្តបាត់ដំបង ថែមទៀតផង ។ សម្រាប់ភាពយន្តនេះ ត្រូវបានមហាជន ចាត់ទុកថាជាសាច់រឿងមួយ ក្លាយជាប្រធានបទ ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ពីសំណាក់ប្រជាជនកម្ពុជា និងបរទេស ផងដែរ ។

សម្រាប់សាច់រឿងដែល ផលិតឡើងដោយ Angelina Jolie ដែលថតនៅបាត់ដំបងនេះ ត្រូវបានរិតត្បិតយ៉ាងខ្លាំង ដោយមិនឲ្យមានអ្នកឈរមើល និងសូម្បីតែថតសកម្មភាព ដែលកំពុងថតរឿង ក៏មិនឲ្យថតនោះឡើយ ទោះស្ថិតក្នុងស្ថានភាពថត បែបណាក៏ដោយ ព្រោះតម្រូវត្រូវការប្លង់ឲ្យ មានភាពស្ងាត់ជ្រងំ ឲ្យដូចបេះបិទ ក្នុងស្ថានភាពរបបប៉ុលពត ហើយប្លង់ដែលកំពុងថតនៅ បាត់ដំបង ជាប្លង់ដែលប៉ុលពត វាយចូលទីក្រុងភ្នំពេញផងដែរ។

ជុំវិញរូបថតដែលបង្ហាញ ពីសកម្មភាពរបស់ លោក ទេព រិនដារ៉ូ ចូលរួមថតភាពយន្ត «ដំបូងបង្អស់ គេសម្លាប់ឪពុកខ្ញុំ» នេះដែរគេហទំព័រ Looking TODAY មិនអាចទាក់ទងទៅលោក ដើម្បីសាកសួរពីព័ត៌មាននេះបានទេ ប៉ុន្តែយើងរង់ចាំស្វាគមន៍ ការបកស្រាយរបស់លោក នៅពេលក្រោយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]