បុរស​ម្នាក់​​​បាន​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត​ ក្រោយ​ពី​ត្រូវ​​ជន​សង្ស័យ​​ប្រដាប់​​អាវុធ​​​២នាក់​​​បាញ់​ប្លន់​​យក​ម៉ូតូ​​​ កាល​ពី​​វេលាម៉ោង​៧និង​៥៥នាទី​​​យប់​ថ្ងៃទី​១២ សីហា ​​នៅ​តាម​មហា​វិថី​​ព្រះ​មុនី​វង្ស​​ ស្ថិតក្នុង​​​​សង្កាត់​ទន្លេ​បាសាក់​​ ខណ្ឌ​ចំការ​មន​ ជិត​ច្រក​ចូល​​​​អធិការ​ដ្ឋាន​​ខណ្ឌ ។ ​សកម្មភាព​បាញ់ប្លន់​នេះ​បាន​​កើត​ឡើង​​​ ខណៈ​​​បុរស​​រូប​នោះ​ផឹក​ស្រា​ស្រវឹង​ហើយ​ជិះម៉ូតូ​​ឌុប​មិត្តភក្តិ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​​​ដល់​ចំណុច​ខាងលើ​ក៏​ឈប់​​ម៉ូតូ​​ដើរ​​​ទៅ​បត់​ជើង​​​តូច​នៅ​ជិត​​របង​ផ្ទះ​​ប្រជាពលរដ្ឋ​​ក៏​ត្រូវ​ជន​សង្ស័យ​​​​​​​២នាក់​​​ប្រដាប់​ដោយ​​កាំភ្លើង​មួយ​ដើម​​បាញ់​ប្រហារ​​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​​​ប្លន់​យកម៉ូតូ​​​សេ​​​១២៥បាន​សម្រេច​ រួច​ជិះរត់​​​គេច​​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​​​​ពីសមត្ថកិច្ច​​​ឱ្យ​ដឹងថា ​បុរស​រង​គ្រោះ​​​​ខាង​លើ​នេះ​ឈ្មោះ មួង​​ ធីវុធ អាយុ​២៧​ឆ្នាំ​​​ ជាបុគ្គលិក​នៅ​ហាង​ខារ៉ា​អូខេបុប្ផា​​ជាយ​ដែន​ ស្នាក់នៅ​ជិត​​ចំណុច​កើតហេតុ​​​ ចំណែក​​​ម៉ូតូ​ដែល​​​​ចោរ​ប្លន់​យក​ទៅ​​​បាត់​នោះ​ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​​២០១២ ពាក់​ស្លាក​​លេខ​​​​1BL-1537 ។ សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​​​ក៏​ដូច​ជា​​សមត្ថកិច្ច​ដែល​ចុះ​​ដល់​កន្លែង​កើតហេតុ​​ឱ្យ​ដឹងថា ​​​ក្រុម​ចោរ​២នាក់​នោះ​​ស្លៀក​ពាក់​​​ស៊ី​វិល​​ប្រដាប់​ដោយ​​កាំភ្លើង​ខ្លី​​មួយ​ដើម​​​ដើរ​មក​ជិត​​ជន​រង​គ្រោះ​ហើយ​ធ្វើ​សកម្មភាព​​បាញ់​មួយ​គ្រាប់​​​ចំ​ដើម​ទ្រូង​​​ បណ្តាល​ឱ្យ​រងរបួស​​​​​​យ៉ាង​ធ្ងន់​រួច​ប្លន់​យក​​ម៉ូតូ​​ជិះ​គេច​​ខ្លួន​ទៅ​បាត់​តែ​ម្តង ។

បន្ទាប់​ពីកើតហេតុ​​ភ្លាម​ៗ​​នោះ​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​សមត្ថកិច្ច​​នគរ​បាល​ខណ្ឌ​ចំការ​មន​​ បាន​ចុះ​ដល់​កន្លែង​​​កើតហេតុ​ និង​ហៅ​រថយន្ត​​​​សង្គ្រោះ​​​មក​ដឹក​​បញ្ជូន​​​ជន​រងគ្រោះ​​​​ទៅ​ព្យាបាល​​​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ទាក់​ទិន​​​នឹង​ហេតុ​ការណ៍​ខាង​លើ​នេះ​​​ សមត្ថកិច្ច​​​នគរបាល​ និង​កង​រាជ​អាវុធ​​​ហត្ថ​បាន​ធ្វើការ​សាកសួរ​​ជន​​រង​គ្រោះ​​​ដើម្បី​កំណត់​​មុខ​​សញ្ញា​​តាម​ចាប់​ខ្លួន​​ជន​ល្មើស​​យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ។

នេះ​ជាអំពើ​ប្លន់​​ដ៏​សាហាវ​​ ដែល​ក្រុម​ចោរ​​​មិន​ត្រឹម​តែ​ភ្ជង់​គំរាម​យក​ម៉ូតូ​នោះ​ទេ គឺ​ថែម​ទាំង​បាញ់​ប្លន់​​​យក​ម៉ូតូ​​ដូច​បាញ់​ចាប​​ ។ ឆ្លង​តាម​​​​ហេតុ​ការណ៍​​​ខាង​លើ​នេះ​​​ អ្នក​ប្រើ​ប្រាស់​​ម៉ូតូ​​​ស៊េរី​​​ទំនើប​​ពុំ​​គប្បី​ប្រថុយ​ជិះ​ធ្វើដំណើរ​​​នៅពេ​ល​យប់​នោះ​ទេ​ ល្គឹក​ណា​មាន​គ្នា​ច្រើន​នាក់ ។ អំពើ​ប្លន់​បាញ់​មនុស្ស​​​ដូច​បាញ់​​ចាប​​នេះ​ ពិត​ជា​​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]