រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា រាល់ការប្រគំតន្ត្រី ដើម្បីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុប និងនៅតាមទីសាធារណៈ នានា របស់ជនពិការ ដែលបាន និងកំពុង ធ្វើសកម្មភាពរាល់ថ្ងៃនោះ ចាប់ពីពេលនេះតទៅ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតទៀតទេ ។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍បែបនេះ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ កុម្ភៈ ២០១៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានី លោករ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងមានការចូលរួម ពីអភិបាលខណ្ឌទាំង១២ ។
លោកប៉ា សុជាតិវង្ស លើកឡើងថា ការប្រគំតន្ត្រី នៅតាមភ្លើងស្តុប និងនៅតាមទីសាធារណៈ នានា របស់ជនពិការដែលបាននិងកំពុង ធ្វើសកម្មភាពរាល់ថ្ងៃ ដើម្បីរៃអង្គាសលុយ ពីសប្បុរសជននេះ គឺវាពិតជាធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ លើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ។ អាជ្ញាធររាជធានីភ្នំពេញ មិនអាចឱ្យពួកគាត់ បន្តសកម្មភាព ដូច្នេះទៀតទេ ហើយអាជ្ញាធរគ្រប់ខណ្ឌ ត្រូវណែនាំ ឱ្យពួកគាត់ បញ្ឈប់ជាបន្ទាន់ ។
ក្នុងឱកាសនោះ លោកប៉ា សុជាតិវង្ស បានណែនាំ ឱ្យមន្ត្រីរាជធានីភ្នំពេញ រួមជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជនរាជធានីភ្នំពេញ ត្រូវទៅដល់ទីតាំង របស់ជនពិការ រស់នៅ និងពិនិត្យ ឱ្យបានច្បាស់លាស់ថា តើមានអង្គការណាមើលការខុសត្រូវ ហើយពួកគាត់ខ្វះខាតអ្វីខ្លះ សាលារាជធានីភ្នំពេញ នឹងដោះស្រាយជូន ពួកគាត់តែម្តង ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]