កណ្ដាល ៖ រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យអ្នកបើករថយន្ដកូរ៉ូឡា ស្លាប់ភ្លាមៗ នៅក្នុងរថយន្ដកាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១២ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤ និង២៥ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ជិះរថយន្តចេញពិធីបង្កក់កូនមិត្តភក្តិ នៅជិតកន្លែងកើតហេតុ ដោយ មានភាពស្រវឹង ពេលមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តកូរ៉ូឡា បានបើករំលោភចូលស្តាំដៃម្ខាងទៀត ខណ:នោះក៏ត្រូវ រថយន្តប៉ាហ្សេរ៉ូមកដល់ ហើយបុកចំពាក់កណ្តាល រថយន្តកូរ៉ូឡា ពេញទំហឹង បណ្តាលឲ្យអ្នកបើករថយន្ត កូរ៉ូឡា កៀបជាប់ ហើយបានស្លាប់នៅក្នុងរថយន្តតែម្តង។ ចំណែកអ្នកបើក រថយន្តប៉ាហ្សេរ៉ូ និងអ្នករួម ដំណើរទាំង២នាក់ ក៏រងរបួសផងដែរ។

សមត្ថកិច្ចនគរបាល ស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តូ មករា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាមន្ដ្រីយោធា មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ បើកបររថយន្ដម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-3294 ។ ចំណែកភាគីម្ខាងទៀត រងរបួសផងដែរ មានឈ្មោះ ផែន សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ជាថៅកែលក់គ្រឿងសំណង់ មានទីលំនៅកន្លែងកើតហេតុ និងស្ដ្រីម្នាក់ទៀត ជិះជាមួយមិនស្គាល់ឈ្មោះ ជិះរថយន្ដម៉ាកប៉ាហ្សេរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2F-2402 ។

តាមសាក្សីនៅកន្លែងកើត ហេតុ បានឲ្យដឹងថា ជនរងគ្រោះ បើករថយន្ត ចេញពីកន្លែងបង្កក់កូនមិត្តភក្តិនៅភូមិស្តៅកន្លែង ឃុំគគីរ  ក្នុងទិសដៅពីអ្នកលឿងទៅ ភ្នំពេញ ច្រាសទិសនឹងរថយន្ត ប៉ាហ្សេរ៉ូ ដោយបើកក្នុង ល្បឿនយ៉ាងលឿន និងរេចង្កូត ពេញផ្លូវ ពេលមកដល់ចំណុច កើតហេតុ ក៏ត្រូវរថយន្តប៉ាហ្សេរ៉ូបុកពេញទំហឹងតែម្តង ខណ:រថយន្តប៉ាហ្សេរ៉ូ បើកក្នុងទិសដៅ ពីភ្នំពេញទៅផ្ទះ នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍ ស្រុកកៀនស្វាយ បានឱ្យដឹងថា ករណីខាងលើ បណ្តាលមក ពីអ្នកបើកបររថយន្ដកូរ៉ូឡាមានសភាពស្រវឹង បើករំលោភទាំងស្រុងចូលមក ចំណែកផ្លូវខាងស្ដាំ របស់រថយន្តប៉ាហ្សរ៉ូ ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ។

បច្ចុប្បន្នរថយន្ដទាំង២គ្រឿង ត្រូវសមត្ថកិច្ច នាំយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់ និងសាកសពប្រគល់ឱ្យ ក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕

ដោយ ៖ ប៉ិច នរ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]