ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​អាហារ​ដ្ឋា​ន «​គោដុត​ម្លប់​ដូង​» បាន​បើករថយន្ត​បុក​សិស្ស​ស្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ  រួច​ចុះ​ទះកំផ្លៀង និង​ជេរ​ប្រមាថ​នាង​យ៉ាង​ចាស់ដៃ កាលពី​រសៀល​ថ្ងៃ​ទី​១៦ មក​រា នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​រារាំង​មិន​ឲ្យ​នគរបាល​ចរាចរណ៍​ចុះ​អនុវត្ត​ច្បាប់​ទៀត ដោយសារ​តែ​ស្ត្រី​រូប​នេះ ​ទំនង​អាងខ្នង​លោក​អធិការ​ក្រុង​បាត់ដំបង​ ជួយ​អន្តរាគមន៍​ពីក្រោយ​។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ស្ត្រី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឈ្មោះ​តាំង សុ​គ​ន្ធា អាយុ​៣១​ឆ្នាំ ជា​ថៅកែ​អាហារ​ដ្ឋា​ន «​គោដុត​ម្លប់​ដូង​» មា​នទី​តាំងនៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ គ្មាន​ស្លាក​លេខ  រីឯ​ជន​រង​គ្រោះ​ឈ្មោះ​កែវ គឹ​ម​លួ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ថ្មី ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​បាត់ដំបង 2R-7856 ។

លោក​បន្ត​ថា ម្ចាស់​ហាង​គោដុត​ម្លប់​ដូង​នោះ បើករថយន្ត​បុក​ម៉ូតូ​នារី​កូនសិស្ស ហើយ​ព្យាយាម​បើក​រត់​តែ​ត្រូវ​នារី​រង​គ្រោះ​រារាំង ទើប​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ក្ដៅក្រហាយ​ក៏​ចុះ​ពី​រថយន្ត​ទៅ​ទះកំផ្លៀង ហើយ​ជេរ​ប្រមាថ​នាង​កប់​ៗ​មាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល រួច​ស្ត្រី​រូប​នេះ​បើករថយន្ត​ទៅ​ទុក​ខាង​មុខ​ហាង​របស់​ខ្លួន​ធ្វើ​ព្រងើយ ថែម​ទាំង​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​យក​រថយន្ត​ទៅ​កាន់​ស្នងការ​ទៀត ដោយសារ​ស្ត្រី​បង្ក​ទំនង​អាងខ្នង​លោក​យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបង​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ម្ចាស់​រថយន្ត​បង្ក និង​កម្លាំង​សមត្ថកិច្ច​បាន​អូស​បន្លាយពេល​ជា​ច្រើន​ម៉ោង រហូត​ត្រូវ​សុំ​ជំនួយ​ពី​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​បន្ថែម​ទៀត​។ លុះដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ក្រោយ​ពី​មាន​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត ទើប​ម្ចាស់​ព្រម​ប្រគល់​រថយន្ត​ឲ្យ​សមត្ថកិច្ច និង​ចូលខ្លួន​ទៅ​បំភ្លឺ ខណៈ​ជន​រង​គ្រោះ​ប្ដឹង​ពី​បទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ប្ដឹង​ពី​បទ​បង្ក​របួស និង​ជេរ​ប្រមាថ​ផង​។

ជុំវិញ​ករណី​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង ​សុំ​ការ​បំភ្លឺ​ពី​លោក​យឹ​ម វិចិត្រ អធិការ​ក្រុង​បាត់ដំបង​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ដោយឡែក លោក​ម៉េ​ង លៀង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក៏​បាន​បញ្ជាក់​ដែរ​ថា ការិយាល័យ​របស់​លោក​ក៏​បាន​ទទួល​ពាក្យបណ្ដឹង​នារី​រង​គ្រោះ​ឈ្មោះ​កែវ គឹ​ម​លួ នោះ​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ មក​រា​។ លោក​ថា នារី​រង​គ្រោះ​បា​នប​ប្ដឹង​ចោទប្រកាន់​ម្ចាស់​រថយន្ត​នោះ​ពី​បទ «​បង្ក​របួស​ស្នាម​» ហើយ​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​ចាត់វិធានការ​ណ៍​លើ​ករណី​នេះ​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ​៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]