បូគីណាហ្វាសូ៖ រលកនៃការវាយប្រហារ ថ្មីមួយទៀតពីសំណាក់ ក្រុមភេរវករបានកើតឡើង នៅក្នុងប្រទេស បូគីណាហ្វាសូ កាលពីយប់មិញនេះ ដោយក្នុងនោះគឺបាន សម្លាប់ជីវិតមនុស្សអស់ យ៉ាងតិច២០នាក់។

យោងតាមប្រភពព័ត៌មាន  ដែលបានដកស្រង់សម្តី របស់សាក្សីនៅនឹង កន្លែងកើតហេតុ បានឲ្យដឹងថា ពួកគេបានឃើញរថយន្ត ២គ្រឿងត្រូវបានផ្ទុះ ដោយសារគ្រាប់បែក នៅបរិវេណខាងក្រៅសណ្ឋាគារ Splendid ដែលស្ថិតនៅក្នុង តំបន់ភាគខាងលិច នៃទីក្រុង Ouagadougou នៅអំឡុងម៉ោង៧និង៣០នាទី (ម៉ោងក្នុងស្រុក) រួចក្រោយមកក៏មានមនុស្សមួយក្រុម ដែលមានគ្នីគ្នា ៣ទៅ៤នាក់ សុទ្ធតែរុំមុខជិត បានសម្រុកចូលក្នុងនោះ និងធ្វើការវាយប្រហារ ភ្លាមៗដោយបានធ្វើឲ្យមនុស្សជាច្រើន ស្លាប់និងរបួស ស្របពេលដែលមួយចំនួនទៀត កំពុងត្រូវបានចាប់ ធ្វើជាចំណាប់ខ្មាំង។



ជនរងគ្រោះ នៅក្នុងអំពើវាយប្រហារនេះ

លោក Robert Sangare ប្រធានមន្ទីរពេទ្យ ប្រចាំទីក្រុងនោះបាន ប្រាប់ឲ្យដឹងថា មកទល់ពេលនេះ មានមនុស្សយ៉ាងតិច ២០នាក់ត្រូវបានស្លាប់ និង១៥នាក់ផ្សេងទៀត រងរបួស។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីការបរទេស របស់ប្រទេសបូគីណាហ្វាសូ Alpha Barry បាននិយាយថា “កងកម្លាំងសន្តិសុខ ត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញប្រតិបត្តិការវាយលុក ក្នុងបំណងរំដោះចំណាប់ខ្មាំង ហើយពួកយើងស្វាគមន៍ ចំពោះការជួយគាំទ្រ ពីសំណាក់កងកម្លាំងបរទេស ប្រសិនណាបើមាន”។

ផ្អែកលើរបាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ក្រុមភេរវករ al-Murabitoun ដែលមានទីតាំងនៅឯ តំបន់វាលខ្សាច់សាហារ៉ា ភាគខាងជើងប្រទេស ម៉ាលី ហើយក៏ជាផ្នែកមួយ របស់ក្រុមភេរវករអាល់កៃដា ផងដែរនោះ គឺជាអ្នកនៅពីក្រោយ នៃអំពើវាយប្រហារមួយនេះ។ យ៉ាងណាមិញ មកទល់ពេលនេះ ក្រុមកងកម្លាំងសន្តិសុខ មិនទាន់ចេញសកម្មភាព នៅឡើយនោះទេ តែពួកគេក៏ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រៀមវាយឆ្មក់ ឲ្យបានលឿនជាទីបំផុត។


ទីតាំងដែលទទួលរង ការវាយប្រហារពីសំណាក់ ក្រុមភេរវករ

គូសបញ្ជាក់ផងដែរថា សណ្ឋាគារ Splendid គឺជាសណ្ឋាគារមួយ ដែលក្រុមបុគ្គលិកនៃ អង្គការសហប្រជាជាតិ និងជនបរទេស នៃបស្ចឹមប្រទេស តែងតែទៅស្នាក់នៅ ម្យ៉ាងវិញទៀត ក្រុមភេរវករទាំងនោះ ក៏ធ្លាប់បានវាយប្រហារ ទៅលើសណ្ឋាគារមួយ ក្នុងប្រទេសនេះម្តងរួចមកហើយ កាលពីខែវិច្ឆិកា ដោយក្នុងនោះគឺបាន សម្លាប់មនុស្សអស់ ២០នាក់ផងដែរ។

រលកនៃការវាយប្រហារ របស់ក្រុមភេរវករ មានសន្ទុះជាខ្លាំង នៅក្នុងពិភពលោក នាប៉ុន្មានសប្តាហ៍នេះ ដោយយើងអាចដឹងបានថា ទើបតែមានការវាយប្រហារ ពីក្រុមឥស្លាមជ្រុលនិយម ISIS ជាទ្រង់ទ្រាយធំ ចំកណ្តាលទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បត៍ ទី១៤ ខែមករា នេះប៉ុណ្ណោះ៕

ទិដ្ឋភាពផ្សេងទៀត នៅក្នុងអំពើវាយប្រហារ កាលពីយប់មិញនេះ៖







ប្រភព៖ BBC | ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]