ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញបានអះអាងថា សព្វថ្ងៃនេះផ្សារចំនួន២ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ចំណាត់ថ្នាក់ខាងលួចលក់ទំនិញខូចគុណភាព និងទំនិញហួសដឺឡេនោះគឺផ្សារគត្តសត និងផ្សារ អូរបីជាន់ជាប់ព្រំដែនកម្ពុជាថៃ។

ក្រោយពីទទួលបានព័ត៌មាន ពីភាពមិនប្រកតីនេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានចាប់តាំងមន្ត្រីរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង ឲ្យចុះពិនិត្យរុករកទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ពីផ្សារទាំង២ ខាងលើ ដើម្បីប្រមូលទំនិញហាមឃាត់ ទាំងនោះមកដុតកម្ទេច ចោលតាមច្បាប់។

លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុកទីផ្សារ នៃសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងប្រិតិបត្តិការនេះ ក្រុមការងារជំនាញ ដកហូតបាននូវត្រីខកំប៉ុង ១៣១កំប៉ុង នំចម្រុះ ២២៥កញ្ចប់ ទឹកផ្លែឈើនិងចាហ៊ួយ ៦៩កំប៉ុង ចាហ៊ួយដូងថាញ់ប៊ិញ នាំចូលពីវៀតណាម ២០កញ្ចប់ធំស្មើ ៤៨០កញ្ចប់តូច ទំនិញនេះដកពីដេប៉ូឈ្មោះ ឡុង សុគន្ធារី នៅផ្សារអូរបីជាន់។

លោកបន្តថា ចំពោះផ្សារគត្តសតដកហូតបាន ទឹកដោះគោ ៧៨កំប៉ុង ដំណាប់ដូងថាញ់ប៊ីញ ៤៥កញ្ចប់ធំស្មើ ១០៨០ កញ្ចប់ ទឹកខ្មេះ ២៩ដប និងទំនិញចម្រុះមួយចំនួនទៀត ទំនិញទាំងនេះបានដកហូតពីដេប៉ូ ចាន់ ថា។

លោក ហុង លៀង បន្តថថា ទំនិញទាំងនេះភាគច្រើន ជាទំនិញខូចគុណភាព ទំនិញហួសដឺឡេ និងជាទំនិញ មានជាតិគីមី ដែលត្រូវហាមលក់ លើទីផ្សារ នឹងត្រូវបានចាប់ប្រមូល យកទៅដុតកម្ទេចចោល ព្រោះវាបង្ក គ្រោះថ្នាក់ដល់សុខភាព មនុស្សឬអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ពិសេសកូនក្មេង បង្កឲ្យកើតនូវជម្ងឺ មហារីក និងជម្ងឺផ្សេងៗ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]