ភ្នំពេញ៖ លោក អ៊ឹម រតនៈ ហៅ Tin Mark ជាអ្នកនិពន្ធបទចម្រៀងស្នាដៃ កូនខ្មែរក្រោមចំណងជើងថា «ស៊ូឃ្លាត» ដែលច្រៀងដោយ តារាចម្រៀងសំបូរពុកចង្ការ លោក វង្ស ដារារតនា កំពុងទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យតម្លៃខ្លួន តារារូបនេះឡើងដល់ខ្ទង់ពាន់ ។

បើទោះបីជាបទនេះ ឡើងកូដ មិនថាចាស់ ឬក្មេង ច្រៀងតាមកប់ៗមាត់នោះ ក៏ប៉ុន្តែអ្នកនិពន្ធបទ «ស៊ូឃ្លាត» នេះបានត្រឹមតែឃើញបទ និងមិត្តភក្តិល្បីតែប៉ុណ្ណោះ ចំណែករឿងចំណូលវិញ សូម្បីតែមួយកាក់មិន បានចូលហោប៉ាវផង តែពិតជាសម្បាយចិត្តខ្លាំងណាស់។

ក្នុងបទសម្ភាសន៍ ជាមួយនឹងមជ្ឈមណ្ឌលដើមអម្ពិល និង គេហទំព័រ LookingToday នៅរសៀលនេះ អ្នកនិពន្ធបទ Original Song លោក អ៊ឹម រតនៈ បានប្រាប់ឲ្យដឹងថា «ខ្ញុំមិននឹកស្មានថា បទចម្រៀងមួយនេះ វាល្បីល្បាញដល់ថ្នាក់នេះទេ និង ឃើញមិត្តភក្តិខ្លួន ល្បីដល់ចំណុចនេះ»។ អ្នកនិពន្ធវ័យក្មេងរូបនេះ បានបន្តថា «សម្រាប់បទនេះខ្ញុំមិនបានទទួល ចំណូលឡើយពីខាងផលិតកម្ម ព្រោះបទនេះខ្ញុំឲ្យ ទៅមិត្តិភក្តិរបស់ខ្ញុំ តារាចម្រៀង វង្ស ដារារតនា យកទៅច្រៀង» ។

វង្ស ដារារតនា បច្ចុប្បន្ននេះកំពុងឡើងកូដ និង ល្បីល្បាញតាមរយៈបទ «ស៊ូឃ្លាត» ដោយមានអ្នកលើកឡើងថា តម្លៃខ្លួន តារារូបនេះឡើងឆាកម្តងៗដល់ខ្ទង់ពាន់។

ទាក់ទិនតម្លៃខ្លួន រតនា នេះ លោក អ៊ឹម រតនៈ បានឆ្លើយថា «ខ្ញុំមិនប្រាកដនោះទេ តែគ្រាន់តែឭថា ប្រហាក់ប្រហែលនោះ» ។
លោក អ៊ឹម រតនៈ បានបន្តថា «ក្រៅពីការនិពន្ធ ខ្ញុំក៏ត្រៀមខ្លួន បង្ហាញមុខតាមរយៈការច្រៀងបទ Original ដោយខ្លួនឯងផងដែរ ក្នុងពេលដ៏ខ្លីខាងមុខនេះ» ។

បញ្ជាក់ផងដែរថា នៅរសៀលនេះក៏មានការផ្ទុះរឿងរ៉ាវមួយចំនួន នៅលើហ្វេសប៊ុកថា បទនេះជាបទរបស់ ចិន ក្រោយការរិះគន់នេះក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nak Kerako បានចេញមុខបកស្រាយថា «តាមពិតបទនេះ ខ្ញុំបានយកវាបកទៅជាភាសាចិន ព្រោះមានជនជាតិចិនខ្លះចង់ច្រៀងតាម តែមិនដឹងច្រៀងយ៉ាងម៉េច ហើយការបកប្រែនេះទៀតសោត គឺមិនបានបម្លែងនោះឡើយ ដោយបកតាមអត្ថន័យខ្មែរទាំងស្រុង» ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]