កីឡា៖ ទីបំផុតម្ចាស់ពានរង្វាន់ នៃកីឡាករល្អបំផុតប្រចាំឆ្នាំ Ballon d’Or សម្រាប់ឆ្នាំ២០១៥នេះ ត្រូវបានរកឃើញហើយ ដែលនោះគឺជាកីឡាករ Lionel Messi ខ្សែប្រយុទ្ធដ៏មុតស្រួចប្រចាំ ក្លិបអ្នកមានបុណ្យ Barcelona។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ២៨ឆ្នាំ Lionel Messi បានយកឈ្នះទៅលើកីឡាករ ២រូបទៀត ដោយបានទទួលសម្លេង បោះឆ្នោត ៤១.៣៣% ស្របពេលដែលកីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ Real Madrid និងជាម្ចាស់ពាន កាលពីឆ្នាំមុន ទទួលបាន ២៧.៧៦% រីឯកីឡាករមិត្តរួមក្រុម Neymar ទទួលបានត្រឹម ៧.៨៦%។


Messi ពេលឡើងទទួលពានរង្វាន់ Ballon d'Or ឆ្នាំ២០១៥

Messi បានក្លាយទៅជាកីឡាករ ល្អបំផុតប្រចាំឆ្នាំ២០១៥  និងទទួលបានពានរង្វាន់ Ballon d’Or ៥ដងមកហើយ ដោយ៤លើកមុននោះ Messi ទទួលបានកាលពីឆ្នាំ ២០០៩, ២០១០, ២០១១, និង២០១២។

ជាមួយគ្នានេះដែរ Messi ក៏បាននិយាយថា “វាពិតជាឱកាសដ៏ពិសេសណាស់ ដែលខ្ញុំបានត្រឡប់មក ឈរនៅលើឆាកនេះ ហើយទទួលបានពានរង្វាន់ Ballon d’Or មួយទៀត ក្រោយពី Cristiano ទទួលបានវា កាលពីឆ្នាំមុន។ វាពិតជាមិនគួរឲ្យជឿ ដែលខ្ញុំអាចទទួលបានពាននេះ ដល់ទៅ៥ដង វាពិតជាមានន័យណាស់ សម្រាប់ខ្ញុំព្រោះថា នេះគឺជាអ្វីដែលខ្ញុំតែងតែសុបិន្ត កាលពីនៅក្មេង”។


បេក្ខភាពទាំង៣រូប ដែលឈរឈ្មោះដណ្តើមពានរង្វាន់ Ballon d'Or ក្នុងឆ្នាំ២០១៥

គូសបញ្ជាក់ផងដែរថា ក្រៅពីពានរង្វាន់កីឡាករ ល្អបំផុតប្រចាំឆ្នាំ ដែលធ្លាក់ទៅលើ Messi ហើយនោះពានរង្វាន់ គ្រូបង្វឹកល្អប្រចាំឆ្នាំ២០១៥ ក៏បានធ្លាក់ទៅលើលោក Luis Enrique គ្រូបង្វឹករបស់ក្លិប Barcelona ផងដែរ បន្ទាប់ពីរូបគាត់អាចជួយ ឲ្យក្រុមមួយនេះលើកពាន ដល់ទៅ៥ ក្នុង១រដូវកាល។


លោក Luis Enrique គ្រូបង្វឹកក្លឹប Barcelona ទទួលពានរង្វាន់ជា គ្រូបង្វឹកល្អបំផុត ប្រចាំឆ្នាំ

លើសពីនេះទៀត ពានរង្វាន់កីឡាការិនី ល្អបំផុតប្រចាំឆ្នាំ២០១៥ ក៏បានទៅលើកីឡារនី Carli Lloyd វ័យ៣៣ឆ្នាំ ខ្សែបម្រើកណ្តាល របស់សហរដ្ឋអាមេរិក ដែលបានជួយឲ្យប្រទេស របស់នាងលើកពាន World Cup កាលពីពេលកន្លងទៅ ស្របពេលដែលពានរង្វាន់ គ្រូបង្វឹកកីឡាការនី ល្អបំផុតប្រចាំឆ្នាំ ក៏បានទៅលើ Jill Ellis គ្រូបង្វឹកសហរដ្ឋអាមេរិក ផងដែរ។

ក្នុងនោះដែរ កីឡាករខ្សែប្រយុទ្ធ Wendell Lira របស់ក្លិប Vila Nova នៃប្រទេសប្រេស៊ីល ទទួលបានពានរង្វាន់ Puskas Award រីឯអតីតកីឡាករជម្រើសជាតិ របស់ប្រទេសអាហ្វ្រិកខាងត្បូង Lucas Radebe ទទួលបានពានរង្វាន់ Fair Play Award៕


Carli Lloyd ខ្សែបម្រើក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក ទទួលពានរង្វាន់ជា កីឡាការនីល្អបំផុតប្រចាំឆ្នាំ


ឈ្មោះកីឡាករទាំង១១នាក់ ដែលត្រូវបញ្ចូលក្នុងក្រុម ល្អបំផុតប្រចាំឆ្នាំ

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]