កូរ៉េខាងជើង៖ វាជាក្តីបារម្ភមួយទៀតហើយ សម្រាប់បណ្តាប្រទេសជាច្រើន នៅក្នុងពិភពលោក ក្រោយពីប្រទេសកូរ៉េខាងជើង បានធ្វើការប្រកាសថាខ្លួន ទទួលបានជោគជ័យចំពោះ ការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំណឹងមួយនេះត្រូវបាន ប្រកាសនៅតាមទូរទស្សន៍ជាតិ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ ស្របពេលដែលមានការរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ កើតឡើងនៅក្បែរទីតាំង សាកល្បងគ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន មួយនោះ។ លើសពីនេះទៀត មានការសន្និដ្ឋាន ជាច្រើនលើកឡើងថា ការរញ្ជួយដី អាចមានឡើងដោយសារតែ ការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែននោះតែម្តង។ យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណា បញ្ជាក់អំពីផលប៉ះពាល់ និងការខូចខាត នៅឡើយនោះទេ។

ទីភ្នាក់ងារសារព័ត៌មានជាតិ នៃប្រទេសកូរ៉េខាងជើង ក៏បានបង្ហាញនូវ សេចក្តីថ្លែងការណ៍មួយដោយ បានបញ្ជាក់ថា ប្រទេសខ្លួននឹងមិនបោះបង់ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែរឡើយ ដរាបណាសហរដ្ឋអាមេរិក នៅតែរក្សាជំហររំលោភឈ្លានពាន មកលើខ្លួន។ ម្យ៉ាងវិញទៀត ប្រទេសកូរ៉េខាងជើង ក៏នឹងបន្តពង្រឹង នូវកម្មវិធីមួយនេះ ដើម្បីការពារខ្លួនពី គោលនយោបាយរបស់ សហរដ្ឋអាមេរិក ដែលធ្វើឡើងដើម្បីប្រឆាំង នឹងប្រទេសខ្លួនផងដែរ។


ការផ្សាយអំពី ប្រតិបត្តិការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន របស់កូរ៉េខាងជើង

ប្រតិបត្តិការសាកល្បង គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន នេះមានឡើងបន្ទាប់ពី លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេស កូរ៉េខាងជើង អះអាងថាប្រទេសរបស់ខ្លួន ទទួលបាននូវគ្រាប់បែកនុយក្លេអ៊ែរ ដែលមានកម្លាំងដ៏សែនមហិមាដំបូងបំផុតមួយ កាលពីខែមុន។ ជាមួយគ្នានេះដែរ លោក Philip Hammond លេខាធិការនៃ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបង្ហាញពីភាពមិនសប្បាយចិត្ត និងបានធ្វើការថ្កោលទោស ចំពោះសកម្មភាពមួយនេះ របស់ប្រទេសកូរ៉េខាងជើង។

គូសបញ្ជាក់ផងដែរថា គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន គឺជាប្រភេទគ្រាប់បែក Thermonuclear Bomb ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីរំលាយបញ្ចូលគ្នារវាង សារធាតុជាច្រើន សម្រាប់បង្កើតវាឡើង ហើយវាត្រូវបានគេដឹងថា គឺជាអាវុធ ដែលមានកម្លាំងមហិមាបំផុត នៅលើភពផែនដីរបស់យើងសព្វថ្ងៃនេះ ពោលគឺវាមាន កម្លាំងខ្លាំងជាង គ្រាប់បែកបរិមាណូ របស់សហរដ្ឋអាមេរិក ដែលធ្លាប់បានទម្លាក់នៅប្រទេសជប៉ុនទៅទៀត៕


លោក គីម​ ជុងអ៊ុន មេដឹកនាំនៃប្រទេស កូរ៉េខាងជើង

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]