ប្រេស៊ីល៖ ប្រិយមិត្តដែលជាអ្នកស្នេហាវិស័យបាល់ទាត់ ប្រាកដជាបានស្គាល់ហើយ នូវកីឡាករវ័យក្មេង ដ៏ឆ្នើម និងស្រស់សង្ហា សញ្ជាតិប្រេស៊ីល គឺកីឡាករ Neymar Jr.។ ចុះចំពោះប្រវត្តិ កីឡាកររូបនេះ តើប្រិយមិត្តបានដឹង ហើយឬនៅ?


កីឡាករបាល់ទាត់ Neymar Jr.

ប្រវត្តិសង្ខេប

Neymar da Silva Santos Junior ដែលគ្រប់គ្នា តែងតែហៅថា Neymar ឬ Neymar Jr. និងមានឈ្មោះក្រៅ ហៅថា “Joia” មានវ័យ ២៣ឆ្នាំ កើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៩២ ក្នុងតំបន់ Mogi das Cruzes ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល មានកំពស់ ១,៧៤ម៉ែត្រ និងទំងន់ ៦៨គីឡូក្រាម គឺជាកីឡាករ បាល់ទាត់អាជីព លេងក្នុងតំណែងជា ខ្សែប្រយុទ្ធស្លាប និងជាប្រធានក្រុម នៃក្រុមជម្រើសជាតិប្រេស៊ីល (ពាក់អាវលេខ១០) ហើយសព្វថ្ងៃ កំពុងលេងឲ្យ ក្លិបអ្នកមានបុណ្យ FC Barcelona (ពាក់អាវលេខ១១) ក្នុងប្រទេសអេស្ប៉ាញ។

Neymar បានស្នងតំណែង ពីឪពុករបស់ខ្លួន ឈ្មោះ Sr. da Silva ដែលជាអតីត កីឡាករបាល់ទាត់ និងក្លាយខ្លួន ជាទីប្រឹក្សារបស់ Neymar ផ្ទាល់តែម្តង ខណៈកីឡាករវ័យក្មេងរូបនេះ បានធំឡើងជាមួយនឹង ទឹកចិត្តស្រលាញ់ កីឡាបាល់ទាត់ហ្វូតសាល (Futsal) និងកីឡាបាល់ទាត់តាមដងផ្លូវ (Street Fooball) រហូតបានក្លាយខ្លួន ជាកីឡាករអាជីពដ៏ឆ្នើម និងមានប្រជាប្រិយមិត្តមួយរូប។

Neymar បាននិយាយថា «ឪពុករបស់ខ្ញុំ បាននៅក្បែរខ្ញុំ តាំងពីខ្ញុំនៅតូច មកម្លេស។ គាត់បានមើលថែរក្សា អ្វីៗគ្រប់បែបយ៉ាង រួមទាំងប្រាក់ចំណូល និងក្រុមគ្រួសាររបស់ខ្ញុំផងដែរ»។


កីឡាករ Neymar និងឪពុក (លោក Sr. da Silva)

ចំនែកឯម្តាយ របស់កីឡាករ Neymar វិញ មានឈ្មោះថា Nadine da Silva។


កីឡាករ Neymar និងកូនប្រុស រួមទាំងម្តាយ គឺអ្នកស្រី Nadine da Silva

ជីវិតផ្ទាល់ខ្លួន និងកិច្ចការសប្បុរស

កីឡាករ Neymar បានក្លាយខ្លួនជាឪពុកកូនប្រុសម្នាក់ នៅក្នុងខែសីហា ឆ្នាំ២០១១ ដោយស្ថិតក្នុងវ័យ ត្រឹមតែ ១៩ឆ្នាំប៉ុណ្ណោះ។ ម្តាយរបស់ក្មេងប្រុសនោះ មានឈ្មោះថា Carolina Dantas គឺជាអតីតមិត្តស្រី របស់កីឡាករ Neymar ដែលមានកូនជាមួយគ្នា កាលនាងនៅជាសិស្ស ដែលទើបមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ។


នាង Carolina Dantas និងកូនប្រុស ឈ្មោះ David Lucca 

David Lucca គឺជាឈ្មោះ របស់កូនប្រុស Neymar មានទីកន្លែងកំណើតនៅក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។ កីឡាករ Neymar បានឲ្យដឹងថា «ខ្ញុំបានយំ នៅពេលដែលខ្ញុំ បានរៀនធ្វើជាឪពុក របស់គេ។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា ភ័យខ្លាច បន្ទាប់មកក៏សប្បាយចិត្តដែរ។ វាគឺជាទំនួលខុសត្រូវថ្មីរបស់ខ្ញុំ ហើយឥឡូវនេះ ខ្ញុំកំពុងតែសប្បាយរីករាយ ជាមួយនឹងជីវិតបែបនេះ»។

ក្មេងប្រុស David Lucca បច្ចុប្បន្នមានអាយុ ៤ឆ្នាំ ដោយរូបគេ មានទំងន់ត្រឹមតែ ២,៨គីឡូក្រាមប៉ុណ្ណោះ នៅពេលកើតមក។


កីឡាករ Neymar និងកូនប្រុស ឈ្មោះ David Lucca

កីឡាករ Neymar គឺជាអ្នកកាន់សាសនាគ្រិស្ត ដោយរបាយការណ៍បានឲ្យដឹងថា កីឡាកររូបនេះ បានបរិច្ចាគប្រាក់ចំណូលចំនួន ១០ភាគរយ ចូលទៅព្រះវិហារគ្រិស្តមួយកន្លែង និងបានដាក់ឈ្មោះព្រះវិហារគ្រិស្តនោះថា “Kaka”។ ជារៀងរាល់ឆ្នាំ Neymar បានរៀបចំការប្រកួតសប្បុរស ជាមួយនឹងមិត្តភក្តិ ដែលជាកីឡាករសញ្ជាតិប្រេស៊ីល ឈ្មោះ Nene ក្នុងទីក្រុង Jundiai ដែលជាស្រុកកំណើតរបស់ Nene ជាមួយនឹងគោលបំណង ដើម្បីស្វែងរកអាហារ ជូនក្រុមគ្រួសារក្រីក្រ ដែលរស់នៅទីនោះ។

មិនតែប៉ុណ្ណោះ បើយោងតាមគេហទំព័រ FIFA កីឡាករ Neymar រួមជាមួយនឹងកីឡាករ Cristiano Ronaldo , Didier Drogba និង Philipp Lahm បានចូលរួមយុទ្ធនាការរបស់ FIFA ដែលមានឈ្មោះថា "11 against Ebola" ទៀតផង។ យុទ្ធនាការនេះ បានផ្សព្វផ្សាយ អំពីដំណឹងសុខភាពសាមញ្ញៗ ចំនួន ១១ ដោយមានជំនួយពី ក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកសុខាភិបាល មកពីទ្វីបអាហ្វ្រិក  ធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក "World Health Organization" ដែលហៅកាត់ថា "WHO" ផងដែរ ដើម្បីប្រុទ្ធប្រឆាំង និងការពារពីជំងឺ Ebola។

ទ្រព្យសម្បត្តិ និងការឧបត្ថម្ភ

កីឡាករ Neymar បានចុះហត្ថលេខា ទទួលយកការឧបត្ថម្ភជាច្រើន បន្ទាប់ពីកេរ្តិ៍ឈ្មោះ របស់ខ្លួន បានរីកលូតលាស់ យ៉ាងឆាប់រហ័ស ចាប់តាំងពីអាយុ ១៧ឆ្នាំមក។

នៅក្នុងខែមីនា ឆ្នាំ២០១១ Neymar បានចុះហត្ថលេខា ចំនួន ១១ឆ្នាំ ជាមួយនឹង ក្រុមហ៊ុនសម្ភារៈកីឡាអាមេរិក ដ៏ល្បី ដែលមានឈ្មោះថា “Nike”។ ក្នុងខែដដែលនោះ ក្រុមហ៊ុនអេឡិចត្រូនិច Panasonic បានចំណាយប្រាក់ ចំនួន ២,៤លានដុល្លារអាមេរិក ដល់កីឡាករ Neymar ផងដែរ ដើម្បីធានា ដល់ការផ្តល់សេវាកម្ម របស់កីឡាករ រូបនេះ ក្នុងរយៈពេល ២ឆ្នាំ។ ជាងនេះទៅទៀត មុនពេលចុះហត្ថលេខា លេងឲ្យក្រុមបាល់ទាត់ FC Barcelona កីឡាករ Neymar បានជាប់ឈ្មោះ ក្នុងបញ្ជី “កីឡាករបាល់ទាត់ មានបំផុតលើពិភពលោក” ចំណាត់ថ្នាក់លេខ ១៣ លើទស្សនាវដ្តីបារាំង France Football ដោយរកប្រាក់ សរុបចំនួន ១៨,៨លានដុល្លារអាមេរិក ក្នុងរយៈពេល ត្រឹមតែ ១២ខែប៉ុណ្ណោះ។

Neymar ក៏បានចុះហត្ថលេខា ជាមួយនឹង អ្នកឧបត្ថម្ភដទៃទៀត ដូចជា ក្រុមហ៊ុនផលិតរថយន្ត Volkswagen, ក្រុមហ៊ុនលក់ផលិតផល ម៉ាក Baruel  ភោជនីយដ្ឋាន Lupo  ក្រុមហ៊ុនស្រា Ambev  ក្រុមហ៊ុនទូរគមនាគមន៍ Claro  ក្រុមហ៊ុនលក់ផលិតផលម៉ាក Unilever និងធនាគា Santander។ គ្រាន់តែចំណូលពីការឧបត្ថម្ភទាំងអស់នេះ Neymar អាចរកបានប្រាក់ចំណូលសរុប ប្រមាណជាង ២២លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ កីឡាករ Neymar ត្រូវបានទស្សនាវដ្តី SportsPro វាយតម្លៃថាជាកីឡាករ ដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅលើពិភពលោក និងតាមពីក្រោយដោយកីឡាករ Lionel Messi (លេខ២) និង Cristiano Ronaldo (លេខ៨)។

នៅក្នុងឆ្នាំ២០១៤ កីឡាករ Neymar បានចាប់ផ្តើមសហការផ្សព្វផ្សាយ ជាមួយក្រុមហ៊ុន Beats និងកីឡាករបាល់ទាត់លំដាប់ពិភពលោកដ៏ទៃទៀតដូចជា Thierry Henry និង Luis Suarez ផងដែរ។

ចូលរួមជាមួយក្លិបបាល់ទាត់ Santos FC

ក្នុងឆ្នាំ២០០៣ Neymar បានផ្លាស់ទៅរស់នៅ ជាមួយក្រុមគ្រួសារ នៅក្នុងទីក្រុង São Vicente ដែលជាទីកន្លែង ដែល Neymar ចាប់ផ្តើម លេងបាល់ទាត់ ឲ្យក្រុមយុវជន “Portuguesa Santista”។ បន្ទាប់មក ពួកគេក៏បានផ្លាស់ ទៅរស់នៅ​ឯ ទីក្រុង Santos ដែលពេលនោះហើយ Neymar បានចូលរួម ជាមួយនឹង ក្រុមបាល់ទាត់ Santos FC។ ជាមួយនឹងភាពជោគជ័យ លើអាជីពបាល់ទាត់យុវជន និងទទួលបាន ប្រាក់ចំណូលបន្ថែម ជាច្រើនទៀតនោះ ក្រុមគ្រួសារមួយនេះ បានទិញផ្ទះដំបូងបង្អស់ របស់ពួកគេ នៅក្បែរពហុកីឡាដ្ឋាន Vila Belmiro ក្នុងទីក្រុង Santos ប្រទេសប្រេស៊ីល ខណៈជីវភាពរបស់ពួកគេ កាន់តែប្រសើរឡើង។


ស្ថិតក្នុងវ័យ ១៥ឆ្នាំ កីឡាករ Neymar រកប្រាក់ចំណូលបាន ២៥០០ ដុល្លារអាមេរិក ក្នុងមួយខែ និង ៣០០០ ដុល្លារអាមេរិកក្នុងមួយខែ ក្រោយឈានចូលដល់វ័យ១៦ឆ្នាំ។ រហូតដល់វ័យ ១៧ឆ្នាំ កីឡាករឆ្នើមវ័យក្មេងរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យា ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីព សម្រាប់ក្រុមបាល់ទាត់ Santos FC ជាលើកដំបូង ដោយទទួលបាន ការឧបត្ថម្ភបន្ថែមជាច្រើនទៀតផង។

ចូលរួមជាមួយ ក្លិបបាល់ទាត់ FC Barcelona

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ក្លិបបាល់ទាត់ Santos FC បានប្រកាសថា ពួកគេទទួលបានសំណើរ ២ផ្សេងគ្នា ទៅលើកីឡាករ Neymar។ ក្រោយមកនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ កីឡាករ Neymar បានប្រកាសថា ខ្លួននឹងចុះហត្ថលេខាជាមួយក្លិបអ្នកមានបុណ្យ FC Barcelona និងចូលលេងឲ្យក្លិបនេះ បន្ទាប់ពីបញ្ចប់ការលេង ដណ្តើមពានរង្វាន់ “2013 Confederations Cup” ឲ្យក្រុមជម្រើសជាតិប្រេស៊ីលចប់។

ទោះជាយ៉ាងណាក៏ដោយ ទាំងកីឡាករ Neymar និងក្លិបបាល់ទាត់ FC Barcelona សុទ្ធតែមិនបានបញ្ចេញ សេចក្តីលម្អិត អំពីតម្លៃខ្លួន ដែលផ្ទេរមក ឬលក្ខខណ្ឌផ្ទាល់ខ្លួន លើកលែងតែការប្រកាសថា Neymar បានចុះហត្ថលេខា លេងឲ្យក្លិប FC Barcelona ចំនួន ៥ឆ្នាំ។


នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៣ កីឡាករ Neymar ត្រូវបានប្រកាសថា ជាកីឡាកររបស់ក្លិប FC Barcelona ជាផ្លូវការ បន្ទាប់ពីឆ្លងកាត់ ការធ្វើតេស្ត ផ្នែកវេជ្ជសាស្រ្ត ដោយក្នុងកិច្ចសន្យា កីឡាករ Neymar នឹងលេងឲ្យ ក្លិបមួយនេះ រហូតដល់ ខែមិថុនា ឆ្នាំ២០១៨។

មិិនយូរប៉ុន្មាន កីឡាករ Neymar បានបង្ហាញខ្លួន នៅឯពុហកីឡាដ្ឋាន “Camp Nou” របស់ក្លិបបាល់ទាត់ FC Barcelona នៅចំពោះមុខ អ្នកគាំទ្រប្រមាណ ៥៦,៥០០នាក់ ដែលចំនួនអ្នកគាំទ្រដ៏ច្រើននេះ គឺជាកំណត់ត្រាមួយ សម្រាប់កីឡាករសញ្ជាតិប្រេស៊ីល។ ក្រោយមកប្រធានក្លិប FC Barcelona លោក Josep Maria Bartomeu បានឲ្យដឹងពីតម្លៃខ្លួន នៃការផ្ទេររបស់កីឡាករ Neymar គឺ ៥៧,១លានផោន (ប្រមាណជិត ៦២លានដុល្លារ អាមេរិក) ដែលជាតម្លៃខ្លួនខ្ពស់បំផុតលំដាប់ទី១៥ ។

នៅពីក្រោយខ្នង ការផ្ទេរមកកាន់ ក្លិបបាល់ទាត់ FC Barcelona របស់កីឡាករ Neymar

យោងតាមគេហទំព័រ Forbes បានឲ្យដឹងថា ចំពោះកិច្ចសន្យា ដែលបានចុះហត្ថលេខា ក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៣ ដើម្បីនាំយកកីឡាករ Neymar មកកាន់ក្លិបបាល់ទាត់ FC Barcelona គឺដំបូងឡើយ ក្លិបមួយនេះបានចំណាយប្រាក់ ចំនួន ៤០លានផោន (៤៣លាន ដុល្លារអាមេរិក) ទៅឲ្យក្រុមហ៊ុនមួយមានឈ្មោះថា “N&N” ដែលជាកម្មសិទ្ធិរបស់ Neymar និងឪពុកសម្រាប់ថ្លៃសេវាកម្មអត្តពលិក។

បន្ទាប់មកក្នុងឆ្នាំ២០១៣ ក្រោយពីកីឡាករ Neymar ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ថាជាកីឡាករ របស់ក្លិបបាល់ទាត់ FC Barcelona រួចមក ក្លិបមួយនេះបានចុះកិច្ចសន្យា ចំនួន ៤ ទៀត ជាមួយនឹងឪពុក Neymar ដោយគាត់ទទួលបានប្រាក់ចំនួន ៤លានផោន (៤,៣លាន ដុល្លារអាមេរិក) សម្រាប់ការនាំមកនូវអ្នកឧបត្ថម្ភប្រេស៊ីល  ២លានផោន (២,១លាន ដុល្លារអាមេរិក) សម្រាប់ការស្វែងរក “កីឡាករថ្មី” ក្នុងក្លិប Santos FC   ២,៥លានផោន (២,៧លាន ដុល្លារអាមេរិក) សម្រាប់បុព្វហេតុ សប្បុរសជន ក្នុងទីក្រុង Sao Paulo និង ២,៦លានផោន (២,៨លាន ដុល្លារអមេរិក) ទៀត ជាកម្រៃជើងសារ លើកិច្ចសន្យា រវាងក្លិបបាល់ទាត់ FC Barcelona និងកីឡាករ Neymar។

លើសពីនេះទៅទៀត ក្លិបបាល់ទាត់ FC Barcelona បានយល់ព្រម បង់ប្រាក់ទៅឲ្យ ក្លិបបាល់ទាត់ Santos FC ចំនួន ១៧លានផោន (១៨លាន ដុល្លារអាមេរិក) សម្រាប់ថ្លៃឈ្នួល ផ្ទេរកីឡាករ , ១០លានផោន (១១លាន ដុល្លារអាមេរិក) សម្រាប់ប្រាក់បន្ថែមលើការចុះហត្ថលេខាជ  ៩លានផោន (៩,៧លានដុល្លារអាមេរិក) សម្រាប់ការប្រកួតមិត្តភាពចំនួន ២លើក និង ៧,៩លានផោន (៨,៥លាន ដុល្លារអាមេរិក) សម្រាប់ចំណង់ចំណូលចិត្តពិសេស ទៅលើកីឡាករចំនួន ៣រូប របស់ក្រុម Santos FC។

សរុបសេចក្តីមក ក្លិបបាល់ទាត់ FC Barcelona បានចំណាយប្រាក់ សរុបចំនួន ៩៥លានផោន (១០២លាន ដុល្លារអាមេរិក) ក្នុងការនាំយក កីឡាករ Neymar មកលេងឲ្យក្លិបរបស់ខ្លួន។

ការចូលរួមប្រកួត និងឈ្នះពានរង្វាន់ផ្សេងៗ

នៅក្នុងឆ្នាំ២០១០ Neymar បានចូលរួមប្រកួតចំនួន ៦០ដង ដោយរកគ្រាប់បាល់បានសរុប ៤២គ្រាប់។ សន្ទុះនៃការគាំទ្រនៅតែបន្តសម្រាប់កីឡាករឆ្នើមរូបនេះ ហើយ Neymar ទទួលបានការបោះឆ្នោតគាំទ្រ ឲ្យរូបគេក្លាយជា កីឡាករឆ្នើមប្រចាំឆ្នាំ ២០១១ ដែលបានជួយឲ្យក្លិបបាល់ទាត់ Santos FC ឈ្នះពានរង្វាន់ “2011 Copa Libertadores” ផងដែរ។

ស្ថិតក្នុងវ័យ ១៩ឆ្នាំ កីឡាករ Neymar បានឈ្នះពានរង្វាន់ “កីឡាករអាមេរិកខាងត្បូង” (South American Footballer of the Year) ប្រចាំឆ្នាំ២០១១ បន្ទាប់ពីធ្លាប់ទទួលបាន លេខ៣ កាលពីឆ្នាំ២០១០។ ជាមួយគ្នានេះដែរ កីឡាករវ័យក្មេងរូបនេះ បានឈ្នះពានរង្វាន់នេះម្តងទៀត ក្នុងឆ្នាំ២០១២ ផងដែរ។

Neymar គឺជាកីឡាករឆ្នើម និងមានទេពកោសល្យខ្ពស់ ក្នុងការបង្កើនល្បឿន  ជំនាញអូសបាល់  ស៊ុតបញ្ចូលទី ហើយជាកីឡាករ ដែលជំនាញជើងស្តាំ ប៉ុន្តែអាចលេងបានទាំងជើងស្តាំ និងឆ្វេង។ ស្ទីលលេងរបស់ Neymar បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ អ្នកគាំទ្រ  បណ្តាញផ្សព្វផ្សាយ និងអតីតកីឡាករល្បីៗជាច្រើន ហើយត្រូវបានគេប្រៀបប្រដូច Neymar ទៅនឹងវីរៈបុរសបាល់ទាត់ របស់ប្រេស៊ីលគឺកីឡាករ Pele ទៀតផង។

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០០៣ កាល Neymar មានអាយុ ១៧ឆ្នាំ គេបានចូលរួមហ្វឹកហាត់ និងលេង (ក្រុមយុវជន) ឲ្យក្លិបបាល់ទាត់ Santos FC របស់ប្រទេសប្រេស៊ីល ហើយបានបង្ហាញខ្លួនលើទីលានឲ្យក្លិបនេះ ជាលើកដំបូងក្នុងឆ្នាំ២០០៩ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតឈ្នះពានរង្វាន់ “កីឡាករវ័យក្មេងល្អបំផុត” (Best Young Player of the 2009 Campeonato Paulista) ទៀតផង។ ជាងនេះទៅទៀត Neymar ទទួលបានឈ្មោះ “កីឡាករល្អបំផុតប្រចាំឆ្នាំ” បន្ទាប់ពីក្លិបបាល់ទាត់ Santos FC ឈ្នះពានរង្វាន់ “2010 Campeonato Paulista” និងអាចរកគ្រាប់បាល់បានច្រើនជាងគេ សរុប ១១គ្រាប់ ក្នុងពានរង្វាន់ “2010 Copa do Brasil” ផងដែរ។

នៅក្នុងឆ្នាំ២០១១ កីឡាករ Neymar បានជាប់ឈ្មោះ ដើម្បីឈានទៅដណ្តើមពានរង្វាន់ “FIFA Ballon d’Or” ដោយពេលនោះ Neymar មិនបានឈ្នះពានរង្វាន់នោះឡើយ ដោយជាប់ចំណាត់ថ្នាក់ ត្រឹមលេខ១០ ប៉ុណ្ណោះ ប៉ុន្តែបានឈ្នះពានរង្វាន់ “FIFA Puskas Award” សម្រាប់គ្រាប់បាល់ប្រចាំឆ្នាំ ឬ Goal of the Year។

មកដល់ឆ្នាំ ២០១៣ កីឡាករ Neymar បានចូលរួមជាមួយនឹងក្លិបអ្នកមានបុណ្យ FC Barcelona របស់ប្រទេសអេស្ប៉ាញក្នុងខែមិថុនា។ ក្នុងរដូវកាលទី២ (២០១៤-២០១៥) លេងឲ្យក្លិប FC Barcelona កីឡាករ Neymar បានជួយឲ្យក្លិបឈ្នះពានរង្វាន់ “La Liga”   “Copa del Rey” និង “UEFA Champions League” ទៀតផង។

មិនតែប៉ុណ្ណោះ នៅក្នុងការប្រកួតដណ្តើមពាន FIFA World Cup ឆ្នាំ២០១៤ កន្លងទៅនេះ កីឡាករ Neymar ស៊ុតបញ្ចូលទីបានចំនួន ៤គ្រាប់ទៀតផង ប៉ុន្តែជាអកុសលកីឡាករដ៏ឆ្នើមរូបនេះ បានរងរបួសបាក់ឆ្អឹងខ្នង ក្នុងការប្រកួត វគ្គមួយភាគបួន ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី និងខកខានការប្រកួតទាំងអស់តែម្តង ប៉ុន្តែកីឡាករ Neymar ក៏ទទួលបានរង្វាន់ "ស្បែកជើងសំរិទ្ធ" ដោយជាប់ចំណាត់ថ្នាក់លេខ៣ ចំពោះកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុត ក្នុងការប្រកួតដណ្តើមពាន "FIFA World Cup" ឆ្នាំ២០១៤ និងត្រូវបានគេដាក់រហ័ស្សនាមឲ្យថា “World Cup All Star XI” ទៀតផង។


កីឡាករ Neymar រងរបួស បាក់ឆ្អឹងខ្នង ក្នុងការប្រកួត ដណ្តើមពាន FIFA World Cup ឆ្នាំ២០១៤

បន្ទាប់ពីជាសះស្បើយ ពីរបួស កីឡាករ Neymar បានដឹកនាំ ក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីដណ្តើមពានរង្វាន់ “2015 Copa America” ប៉ុន្តែក្នុងវគ្គចែកពូល ក៏ត្រូវបានអាជ្ញាកណ្តាលឲ្យកាតក្រហម បញ្ឍប់ការប្រកួតចំនួន ៤ប្រកួតទៀត បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយនឹង កីឡាកររបស់ក្រុមជម្រើសជាតិកូឡុំប៊ី។


កីឡាករ Neymar ទទួលបានកាតក្រហម ក្នុងការប្រកួត ជាមួយ ក្រុមជម្រើសជាតិ កូឡុំប៊ី

ការប្រកួត League ក្នុងស្រុក (លេងឲ្យក្លិបបាល់ទាត់ Santos FC និង FC Barcelona)

  • បង្ហាញខ្លួន : ២៥១ ដង
  • លេង : ១៩៧១៧ នាទី
  • រកគ្រាប់បាលបាន : ១៥២ គ្រាប់
  • ទទួលបានកាតលឿង : ៦៨ ដង
  • ទទួលបានកាតលឿង ២ដង រួចកាតក្រហម : ១ ដង
  • ទទួលបានកាតក្រហម : ៣ ដង

ការប្រកួតពានរង្វាន់ក្នុងស្រុក (លេងឲ្យក្លិបបាល់ទាត់ Santos FC និង FC Barcelona)

  • បង្ហាញខ្លួន : ២៣ ដង
  • លេង : ១៨៨០ នាទី
  • រកគ្រាប់បាលបាន : ២១ គ្រាប់
  • ទទួលបានកាតលឿង : ៧ ដង
  • ទទួលបានកាតលឿង ២ដង រួចកាតក្រហម : ០ ដង
  • ទទួលបានកាតក្រហម : ០ ដង

ការប្រកួតពានរង្វាន់អន្តរជាតិ (លេងឲ្យក្លិបបាល់ទាត់ Santos FC និង FC Barcelona)

  • បង្ហាញខ្លួន : ៦១ ដង
  • លេង : ៥១៥៤ នាទី
  • រកគ្រាប់បាលបាន : ៣៤ គ្រាប់
  • ទទួលបានកាតលឿង : ១៧ ដង
  • ទទួលបានកាតលឿង ២ដង រួចកាតក្រហម : ១ ដង
  • ទទួលបានកាតក្រហម : ០ ដង

ការប្រកួតជម្រើសជាតិ (លេងឲ្យក្រុមជម្រើសជាតិ Brazil , Brazil U23 , Brazil U20 និង Brazil U17)

  • បង្ហាញខ្លួន : ៨៥ ដង
  • លេង : ៧១៦៨ នាទី
  • រកគ្រាប់បាលបាន : ៥៩ គ្រាប់
  • ទទួលបានកាតលឿង : ១៦ ដង
  • ទទួលបានកាតលឿង ២ដង រួចកាតក្រហម : ០ ដង
  • ទទួលបានកាតក្រហម : ១ ដង

 

ខាងក្រោមនេះ គឺជាពានរង្វាន់ ដែលកីឡាករ Neymar បានជួយក្រុម ឲ្យឈ្នះ

ការខកខានមិនបានចូលប្រកួត

  • ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ - ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ : រងរបួសសរសៃពួរគន្លាក់ជើង
  • ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ - ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ : មានបញ្ហាសុខភាព
  • ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ - ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ : ព្យួរការប្រកួត ដោយសារទទួលបាន កាតក្រហម
  • ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ - ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ : គ្រេច.កជើង
  • ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ - ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ : បាក់ឆ្អឹងខ្នង
  • ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ - ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ : រងរបួស.កជើង និង ជើង
  • ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ - ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ : គ្រេច.កជើង
  • ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ - ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ : ព្យួរការប្រកួត ដោយសារទទួលបាន កាតក្រហម

 

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖ wikipediaforbesespnfcgoal , soccerway , foxnews , neymarjr

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]