ស្ថានភាពជំងឺម្តាយរបស់លោក អ៊ឹង រដ្ឋា ហៅនាយទុយ រហូតមកដល់ពេលនេះ កាន់តែ មានសភាពធ្ងន់ធ្ងរទៅៗ ដែលជាហេតុធ្វើឲ្យ លោក បានបង្ហាញទុក្ខសោក ដែលមាននៅក្នុងចិត្ត ដោយបើកចំហ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់លោកហើយថែមទាំង ស្រែកដង្ហោយរកជំនួយ ដើម្បីសង្គ្រោះម្តាយ ជាបន្ទាន់។

កន្លងមក នាយទុយ ធ្លាប់តែជាមនុស្សម្នាក់ ដែលមានភាពហ៊ឺហារ សប្បាយរីករាយ ហើយក៏គ្មានអ្នកណា ម្នាក់ជឿថា ពិធីកររូបនេះ ក្លាយទៅជាមនុស្សម្នាក់ ដែលមានទុក្ខសោកផ្ទួនៗ បែបនេះដែរ ។ តែក្នុងរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ ម្តាយ របស់នាយ ទុយ មានជំងឺធ្ងន់ធ្ងរ ហើយត្រូវការលុយ ជាចាំបាច់ ដើម្បីព្យាបាលម្តាយ ជាទីស្រលាញ់។

ថ្លែងភាពសោកសៅ ដែលមាននៅក្នុងចិត្តនោះ នាយទុយ បានសរសេរនៅ លើហ្វេកប៊ុក ( Facebook) របស់លោកជា ភាសាអង់គ្លេសថា “ពេលនេះខ្ញុំបាននាំម្តាយ មកដល់មន្ទីរពេទ្យកាល់ម៉ែត ហើយពេលនេះ គាត់កំពុងតែស្ថិត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU ហើយខ្ញុំពិតជាមិនដឹងថា ខ្ញុំត្រូវធ្វើអីទេ ឥឡូវនេះខ្ញុំពិតជា ពិបាកចិត្តខ្លាំងណាស់ ព្រះអើយជួយ ម៉ាក់ខ្ញុំផងខ្ញុំសូមអង្វរ………”។

ជាមួយគ្នានេះដែល កញ្ញា អ៊ឹង និមល ដែលជាប្អូនស្រី នាយទុយ បានរៀបរាប់ទាំង ទុក្ខសោក ថា ដោយសារតែការ ចំណាយព្យាបាលជំងឺ របស់ម្តាយច្រើន រហូតមកដល់ពេលនេះ នាង និង គ្រួសារស្ទើរតែគ្មាន សមត្ថភាពក្នុងការបន្តព្យាបាលទៀតទេ ”ទន្ទឹមនឹងនេះដែរ នាងខ្ញុំក៏ចង់ អំពាវនាវរកជំនួយបន្ថែម ដើម្បីបន្តព្យាបាលជំងឺ របស់ម្តាយខ្ញុំទៀត ព្រោះថាជំងឺគាត់ រហូតមកដល់ពេលនេះ មិនទាន់បានធូរ ស្រាលនៅឡើយទេ ហើយកន្លងមកក៏ធ្លាប់ មានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បានជួយឧបត្ថម្ភដល់ គ្រួសារខ្ញុំដែរ ហើយខ្ញុំក៏ថ្លែងអរគុណ ណាស់សម្រាប់ការជួយនេះ”។

ជុំវិញពាក្យសំដីទាំងអស់ ដែលបានថ្លែងឲ្យដឹងពី ទុក្ខសោក នាយទុយ អង្គុយសម្រក់ទឹកភ្នែក ខ្លោចចិត្តអាណិតម្តាយ ជាពន់ពេកនេះ លោកក៏មានបញ្ហាជាច្រើនទៀត ព្រោះការងាររបស់លោក នៅស៊ីធីអ៊ិន និងនៅមជ្ឈមណ្ឌល កម្សាន្តរ៉ក់ ត្រូវបាត់បង់ លែងមានចំណូលអ្វី ដែលអាចពឹងផ្អែកទៀតទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ ហួន ស្រីលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]