ភ្នំពេញ៖ បុរសម្នាក់ បានធ្វើដំណើរ ដោយថ្មើរជើង ពីលិចទៅកើត លុះមកដល់ពាក់កណ្តាល ស្ពានព្រះមុនីវង្សថ្មី ក៏តោងឡើងបង្កាន់ដៃ ស្ពានលោតទម្លាក់ ខ្លួនចុះទឹកប៉ងសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរចោមរោមមើល និងនគរបាលប្រចាំគោលដៅស្ពាន នាំគ្នាចេញទូកទៅ ជួយសង្គ្រោះស្រង់ចេញពីក្នុងទឹក បានទាន់ពេលវេលា ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា បុរសគិតលែងចង់រស់នៅ លើកលោកទៀតនេះ មានឈ្មេាះ នូ យ៉ារាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ និងអាស័យដ្ឋានមិនពិតប្រាកដ ។

យោងតាមសេចក្តី រាយការណ៍របស់សមត្ថកិច្ច បានរៀបរាប់ថា នៅមុនពេលកើតហេតុ បានឃើញ បុរសរងគ្រោះបានធ្វើដំណើរ ដោយថ្មើរជើងតែម្នាក់ឯង ដោយបានដើរចុះឡើងៗ យ៉ាងយូរនៅលើស្ពានព្រះមុនីវង្សថ្មី ។ លុះមួយសន្ទុះក្រោយមក រូបគេក៏បានដើរមក ដល់ពាក់កណ្តាលស្ពាន ក៏ឈប់អង្គុយនៅក្បែរបង្កាន់ដៃស្ពាន ។ ខណៈអង្គុយតែម្នាក់ឯងរហូត មកដល់វេលាកើតហេតុ បុរសរូបនេះបានសម្រេចចិត្ត តោងឡើងបង្កាន់ដៃស្ពានលោតចុះពី លើស្ពានចូលទៅក្នុងទន្លេតែម្តង បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងនគរបាលដែលប្រចាំការ នៅគោលដៅស្ពាន ចេញអន្តរាគមន៍ ស្រង់យកបុរសគិតខ្លីខាងលើចេញពីទន្លេ ឡើងមកលើគោកទាន់ពេលវេលា ហើយសមត្ថកិច្ចក៏ទំនាក់ទំនង ហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅ គ្លីនិកឯកជនភ្លាមៗផងដែរ ។ ពាក់ព័ន្ឋនឹងករណីលោតទឹក ប៉ុនប៉ងសម្លាប់ខ្លួននេះ នៅមិនទាន់អាចទទួលបានមូលហេតុពិតនៅឡើយទេ ដែលបណ្តាលអោយរូបគេគិតខ្លី ហើយលោតទឹកប៉ុនប៉ងសម្លាប់ខ្លួនបែបនេះ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]