បរទេស៖ នាពេលថ្មីៗនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអង្គការណាសា​បានបញ្ចេញនូវវីដេអូឃ្លីបមួយ ដែលបង្ហាញពីដុំអាចម៍ផ្កាយ ដ៏អាថ៌កំបាំង និងមានទំហំធំ កំពុងហោះសំដៅមក ភពផែនដីរបស់យើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូឃ្លីបខ្លីមួយ ដែលបញ្ចេញដោយអង្គការ ណាសា កំពុងតែត្រូវបានទទួល ការយកចិត្តទុកដាក់ជាខ្លាំង ដោយក្នុងនោះទីភ្នាក់ងារអវកាស មួយនេះក៏បាន បញ្ជាក់ផងដែរថា វត្ថុដែលបានឃើញ នៅក្នុងវីដេអូនោះ គឺជាដុំអាចម៍ផ្កាយដ៏ធំមួយ ដែលវាកំពុងតែ ហោះសំដៅមកកាន់បរិយាកាស នៃភពផែនដីរបស់យើង ក្នុងល្បឿនជាង ៤ម៉ឺនគីឡូម៉ែត្រក្នុង១ម៉ោង។


រូបថតបង្ហាញ ពីកាមេរ៉ាចាប់បាន ដុំអាចម៍ផ្កាយកំពុងហោះ សំដៅមកកាន់ភពផែនដី

ជាមួយគ្នានេះដែរ អង្គការណាសា ក៏បានបញ្ចេញសេចក្តីថ្លែងការណ៍ មួយដោយបញ្ចាក់ថា “កាមេរ៉ាតាមដាន សកម្មភាពអាចម៍ផ្កាយ នៅលើលំហអាកាស ទាំង៦របស់អង្គការ ណាសា នៅតំបន់ភាគអាគ្នេយ៍ ថតបាននូវដុំអាចម៍ផ្កាយ ដ៏ធំមួយដែលកំពុង ហោះសំដៅមកក្នុងបរិយាកាស នៃភពផែនដី ដែលមានរយៈកម្ពស់ ជាង៨០គីឡូម៉ែត្រ នៅពីលើតំបន់ ដែលស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសហ្សកហ្ស៊ី”។

សេចក្តីថ្លែងការណ៍មួយនេះ បានបន្ថែមទៀតថា “សម្រាប់ព័ត៌មានលំអិត ទាក់ទងនឹងការវិភាគ នឹងត្រូវបង្ហាញ នៅពេលឆាប់ៗនេះ ហើយក៏នឹងមាន ព័ត៌មានផ្សេងៗជាច្រើនទៀត ត្រូវបានរាយការណ៍ ជាបន្តបន្ទាប់ ប្រសិនណាក្រុមអ្នកជំនាញ ជឿជាក់ថាដុំអាចម៍ផ្កាយ មួយនោះ នឹងអាចធ្លាក់ មកលើភពផែនដី របស់យើង”។

គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ អង្គការណាសា បានតាមដានដុំអាចម៍ផ្កាយ មួយនោះយ៉ាង ម៉ត់ចត់ហើយ ក្នុងនោះក៏មានរបាយការណ៍ បង្ហាញថាដុំអាចម៍ផ្កាយនោះ កាន់តែសំដៅមកកៀកភពផែនដី ក្នុងល្បឿនយឺតជាងមុន ពោលគឺជាង១ម៉ឺនគីឡូម៉ែត្រ ក្នុង១ម៉ោង៕

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]