ឥណ្ឌា៖ ករណីឃាតកម្មមួយ ត្រូវបានប្រភពព័ត៌មានរាយការណ៍ឲ្យដឹងថា ឃាតករបានសារភាពថាពិតជា អ្នកចាក់សម្លាប់ជនរងគ្រោះមែន ដើម្បីសងសឹកឲ្យឪពុករបស់ខ្លួន។

ប៉ូលិសឥណ្ឌាបានធ្វើការចាប់ខ្លួនឃាតករម្នាក់ឈ្មោះ Alam Khan ដែលបានសម្លាប់បុរសម្នាក់ ជាជនរងគ្រោះឈ្មោះ Mohammad Rais ដោយប្រើកាំបិតចាក់ និងយកញញួរវាយបំបែកសាកសព ច្រកថង់ផ្លាស្ទិក យកទៅបោះចោលក្នុងទន្លេ តែថង់ច្រកសាកសពនោះ បានហូរអណ្តែតមកទើរលើច្រាំង ទើបមានការភ្ញាក់ផ្អើលដល់ប៉ូលិស និងមានការស៊ើបអង្កេត រហូតឈានដល់ការចាប់ខ្លួននេះកើតឡើង។

តាមចម្លើយសារភាពរបស់ឃាតករ ឲ្យដឹងថា រូបគេសម្លាប់ជនរងគ្រោះ ដើម្បីសងសឹងឲ្យឪពុករបស់ខ្លួន ដែលត្រូវជនរងគ្រោះ Mohammad Rais សម្លាប់ពីមុន ពោលគឺតាំងពីខ្លួននៅអាយុ ១២ឆ្នាំម្ល៉េះ និងបានមើលឃើញហេតុការណ៍នោះផ្ទាល់ភ្នែក តែមិនដែលប្រាប់នរណាម្នាក់ឡើយ។ ឃាតកររូបនេះបន្ថែមទៀតថា រូបគេមិនមានការសោកស្តាយអ្វីឡើយ គ្រាន់តែមានអារម្មណ៍ថា បានធ្វើឲ្យព្រលឹងឪពុកខ្លួនរង់ចាំយូរ ទំរាំតែធ្វើការសងសឹក។

គួរបញ្ជាក់ដែរថា ទាំងឃាតករ និងជនរងគ្រោះ មិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសពីមុនមកឡើយ។ ចំណែកការស៊ើបអង្កេត បានរកឃើញថា ឃាតករជាអ្នកដែលនៅជាមួយជនរងគ្រោះចុងក្រោយគេបង្អស់ មុនពេលជនរងគ្រោះស្លាប់៕

ប្រភព៖ TomoNews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]